គណបក្សប្រជាជនខេត្តកំពតបើកកិច្ចប្រជុំ ផ្សព្វផ្សាយខ្លឹមសារសេចក្ដីសម្រេចរបស់គណបក្សស្ដីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២
ខេត្តកំពត៖ កាលពីព្រឹកថ្ងៃទី២៨ ខែមិថុនាឆ្នាំ២០២១ គណបក្សប្រជាជនកម្ពុជាខេត្តកំពត បានបើកកិច្ចប្រជុំ ផ្សព្វផ្សាយខ្លឹមសារសេចក្ដីសម្រេចរបស់គណបក្សប្រជាជនកម្ពុជា ស្ដីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ តាមរយៈកម្មវិធីវីដេអូonlineក្រោមអធិបតីភាពឯកឧត្តម បណ្ឌិតប៉ែន ស៊ីម៉ន សមាជិកគណៈកម្មាធិការកណ្ដាលនិងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពត ។ នៅក្នុងសាលប្រជុំគណបក្សខេត្តឯកឧត្តមជាវ តាយ សមាជិកគណៈកម្មាធិការកណ្ដាលនិងជាប្រធានគណៈបក្សខេត្តបានដឹកនាំកិច្ចប្រជុំនិងមានការចូលរួមពីឯកឧត្តមជឹង ផល្លា អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត ព្រមទាំង ឯកឧត្តម លោកជំទាវ លោក-លោកស្រី សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត ក្រុង ស្រុកទាំង៨ក្នុង និងក៏មានការតភ្ជាប់ចូលរួមជាវីដេអូonlineពីសំណាក់ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមការងារគណបក្សថ្នាក់កណ្ដាលចុះមូលដ្ឋានខេត្តកំពតផងដែរ។ មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតប៉ែន ស៊ីម៉នសមាជិកគណៈកម្មាធិការកណ្ដាលនិងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពត បានលើកបញ្ជាក់ថា ផ្អែកតាមរបាយការណ៍ លទ្ធផល សកម្មភាព និងការអនុវត្តតួនាទីរបស់ថ្នាក់ដឹកនាំ ក្រុមការងារ មន្ត្រីបក្សនៅគ្រប់មូលដ្ឋានក្នុងខេត្តកំពត បច្ចុប្បន្នមានភាពល្អប្រសើរ និងរក្សាបាននូវប្រជាប្រិយភាពខ្លាំង។ ជាក់ស្តែងក្នុងថ្ងៃខួប៧០ឆ្នាំ នៃការចាប់បដិសន្និរបស់គណបក្សប្រជាជនកម្ពុជា ប្រជាពលរដ្ឋ យុវជនសង្កេតនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ខេត្តកំពតបានប្តូររូបភាពរបស់ខ្លួនដោយភ្ជាប់ជាមួយនឹងស៊ុមថ្ងៃខួបកំណើត៧០ឆ្នាំរបស់បក្សស្ទើរគ្រប់គ្នា។ ទាំងនេះព្រោះតែពួកគេស្រឡាញ់ និងពេញចិត្តគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន។ ដូច្នេះ ដើម្បីរក្សាភាពរឹងមាំ គង់វង់យូរអង្វែង ថ្នាក់ដឹកនាំ មន្ត្រីបក្សគ្រប់មូលដ្ឋាន ត្រូវព្យាយាមពង្រឹងគោលជំហរទាំងសមាជិកចាស់និងថ្មី ឲ្យមានជំនឿជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនក្នុងកិច្ចអភិវឌ្ឍន៍ប្រទេសជាតិ និងបម្រើផលប្រយោជន៍ប្រជាពលរដ្ឋពិតប្រាកដ ដើម្បីផ្ដល់ជាជំនួយស្មារតីឲ្យមានការចូលរួមរស់ក្នុងជីវភាពបក្ស បានកាន់តែច្រើនថែមទៀត ។ តែទោះបីយ៉ាងណា ឯកឧត្តមបណ្ឌិត ក៏បានជំរុញណែនាំ ដល់ថ្នាក់ដឹកនាំក្រុមការងារ មន្ត្រីគណបក្សគ្រប់រូបត្រូវសហការសាមគ្គីគ្នា ឲ្យបានកាន់តែសកម្មថែមទៀតដើម្បី ជួយគាំទ្រដល់គ្រប់ឃុំ សង្កាត់ដែលខ្លួនទទួលបន្ទុកដើម្បីរក្សា និងបង្កើនប្រៀបឈ្នះនៅទូទាំងប្រទេស។ ពិសេសត្រូវខិតខំប្រមូលសមាជិកបក្សថ្មី នៅខាងក្រៅបក្សឲ្យចូលរួមរស់ជីវភាពជាមួយគណបក្សប្រជាជនបានច្រើនបន្ថែមទៀត ដើម្បីរក្សាជ័យជម្នះបន្តក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្ដិទី៥ នាថ្ងៃអាទិត្យទី ៥ ខែមិថុនាឆ្នាំ២០២២ និងបន្តជំហានទៅរកភាពជោគជ័យក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត និតិកាលទី៧ នាឆ្នាំ២០២៣ទៀត។ ក្នុងកិច្ចប្រជុំ ឯកឧត្តមបណ្ឌិតប៉ែន ស៊ីម៉ន ក៏បានមានប្រសាសន៍ផ្សារភ្ជាប់បញ្ហាការឆ្លងរាតត្បាតជំងឺកូវីដ១៩ ដែលជាបញ្ហាសកល ធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ច និងនយោបាយ ពិភពលោកក្នុនោះមានកម្ពុជាយើងផងដែរ ។ឯកឧត្តមបានបន្តលើកឡើងថា តែទោះបីយ៉ាងណាកម្ពុជាយើង ក្រោមកិច្ចដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ចែងដឹកនាំ គ្រប់គ្រងសភាពការណ៍បញ្ហាការឆ្លងរាតត្បាតជំងឺកាចសាហាវនេះក្នុងស្មារតីយកចិត្តទុកដាក់ទទួលខុសត្រូវខ្ពស់ ចំពោះបញ្ហាសុខមាលភាពប្រជាពលរដ្ឋ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងជីវភាពរបស់ប្រជាពលរដ្ឋមានលក្ខណៈល្អប្រសើរ៕ (ដោយ ធិនគ្រុយ)