ចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងជូនពលរដ្ឋ ជាង ១២ម៉ឺននាក់ ក្នុងខេត្តតាកែវ ទូទាំងស្រុកត្រាំកក់
ថ្លែងក្នុងការចុះត្រួតពិនិត្យការបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ នៅតាមមូលដ្ឋាននៃស្រុកត្រាំកក់ នេះ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវបានលើកឡើងថា យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩នេះ គឺមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការជួយដល់បងប្អូនប្រជាពលរដ្ឋ របស់យើងឱ្យរួចផុត ពីការគម្រាមកំហែង នៃជំងឺឆ្លងកូវីដ១៩ ដែលនៅលើសកលលោកបាននឹងកំពុងមានការកម្រាម កំហែង និងមានមនុស្សស្លាប់ដោយសារតែមេរោគកូវីដនេះ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមចាក់វ៉ាក់សាំងការពារឲបានគ្រប់ៗគ្នា ។
ឯកឧត្តមបន្តថា ការចាក់វ៉ាក់សាំងគឺ ជាការការពារពីការឆ្លងនៃជំងឺកូវីដ មិនមែនជាកន្លែងប្រភពចម្លង មេរោគកូវីដនោះទេ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ ដែលអញ្ជើញមកទទួលការចាក់វ៉ាក់សាំង សូមគោរពទៅតាមគោលការរបស់ក្រសួងសុខាភិបាល ដោយរក្សាគម្លាតឲបានត្រឹមត្រូវ មិនមែនមក ប្រមូលផ្តុំគ្នាដែលជាហេតុនាំឲមានការចម្លងជម្ងឺនោះទេ ។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាល ជ្រៅបំផុតចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់ វ៉ាក់សាំង តាមរយះក្រសួងសុខាភិបាល ដើម្បីមកធ្វើការចាក់ ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ដោយមានកិច្ចសហការ ជាមួយនឹងអាជ្ញាធរមូលដ្ឋាន និងក្រុមគ្រូពេទ្យរបស់មន្ទីរសុខាភិបាលខេត្ត បានយ៉ាងល្អប្រសើ ។
សូមបញ្ជាក់ដែរថា រដ្ឋបាលខេត្តតាកែវ បានរៀបចំចាក់វ៉ាក់សាំង ប្រភេទ ស៊ីណូវ៉ាក់ ចាក់ជូនពលរដ្ឋ នៅទូទាំងស្រុកត្រាំកក់ ចាប់ពីអាយុ ១៨ឆ្នាំឡើងទៅ ដោយក្រុមគ្រូពេទ្យ នៃមន្ទីរសុខាភិបាលខេត្ត សហការណ៍ជា អាជ្ញាធរមូលដ្ឋាន ដែលមាន ២៦ទីតាំង ទូទាំងស្រុកត្រាំកក់ ដោយចាប់ពីថ្ងៃទី២៩ ខែមិថុនា ចាប់ពីពេលព្រឹក ម៉ោង ៧នឹង៣០ នាទី ដល់ម៉ោង ១១នឹង៣០នាទី និងពេលរសៀលចាប់ ពីម៉ោង ១៣នឹង០០នាទី ដល់ម៉ោង ១៦នឹង០០នាទី ដោយបងប្អូនភ្ជាប់មកជាមួយនូវ អត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន សំបុត្រកំណើត សៀវភៅគ្រួសារ ឬឯកសារបញ្ជាក់អត្តសញ្ញាណ៕ by AKP