សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា ចូលជួបសំដែងការគួរសម និងជម្រាបលា

ភ្នំពេញ៖ នៅវិមានសន្តិភាព នាព្រឹកថ្ងៃសៅរ៍ ៩រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យ ឯកឧត្តម វ៉ូ ក្វាង មិញ (Vu Quang Minh) ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា ចូល​ជួបសំដែងការគួរសមពិភាក្សាការងារ និងជម្រាបលា ក្នុងឱកាសដែលឯកឧត្តមត្រូវចប់បេសកកម្មការទូតនៅព្រះរាជាណាចក្រកម្ពុជា។
នៅក្នុងជំនួបនោះ ឯកឧត្តម វ៉ូ ក្វាង មិញ (Vu Quang Minh) បានគោរពជម្រាបជូនសម្ដេចតេជោនាយករដ្ឋមន្ត្រីថា ឯកឧត្តមពិតជាមានកិត្តិយសណាស់ដែលបានមកបំពេញបេសកកម្មកាទូតនៅក្នុងព្រះរាជា​ណា​ចក្រកម្ពុជា ។ ក្នុងរយៈពេល៣ឆ្នាំ៧ខែកន្លងមកនេះ ឯកឧត្តមបានសង្កេតឃើញថា ទំនាក់ទំនងរវាងប្រទេស​​ទាំងពីរ គឺមានការរឹងមាំ និងមានការរីកចម្រើន ដោយឡែកវិស័យវិនិយោគ ពាណិជ្ជកម្មក៏មានការកើនឡើងផងដែរ។ ឯកឧត្តមបានគោរពថ្លែងអំណរគុណចំពោះសម្ដេចតេជោ និងមន្ត្រីគ្រប់លំដាប់ថ្នាក់ផងដែរដែលបានចូលរួមចំណែកសហការជាមួយឯកឧត្តមក្នុងសកម្មការទូតរបស់ឯកឧត្តមនៅកម្ពុជា អោយទទួលបាននូវភាពជោគជ័យមកដល់ពេលនេះ។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានយល់ស្របជាមួយអ្វីដែលឯកឧត្តមបានលើកឡើង និងបានថ្លែងអំណរគុណជូនឯកឧត្តមដែលបានប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តបំពេញបេសកកម្មការទូតនៅព្រះរាជាណាចក្រកម្ពុជា ធ្វើឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរមានការរីកចំរើនកាន់តែរឹងមាំ។
សម្ដេចតេជោនាយករដ្ឋមន្ត្រីបានជម្រាបជូនឯកឧត្តមថា ក្នុងកាលៈទេសៈនេះអ្វីដែលគប្បីត្រូវធ្វើគឺ៖
ទី១)​ ការគ្រប់គ្រងប្រយុទ្ធប្រឆាំងនឹងជំងឺកូវី១៩ តាមរយៈវិធានការសុខាភិបាល តែធ្វើយ៉ាងណាកុំរារាំងដំណើរការពាណិជ្ជកម្ម
ទី២)​ បន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ
ទី៣)​ ពិនិត្យមើលវិស័យដទៃទៀតដែលប្រទេសទាំងពីរអាចជំរុញធ្វើការរួមគ្នាបាន ។
មុននឹងបញ្ចប់ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានជូនពរឱ្យឯកឧត្តមទទួលបាននូវភាពជោគជ័យក្នុងបេសកកម្មការងារជាបន្តបន្ទាប់ទៀត៕
អត្ថបទដែលជាប់ទាក់ទង