ឯកឧត្តម ឃួង ស្រេង ប្រជុំតាមរយៈVideo Conference ពិនិត្យ ពិភាក្សាលើ សំណើរបស់សមាគម រោងចក្រ សហគ្រាស ដើម្បីរិះរកវិធានការទប់ស្កាត់ជម្ងឺកូវីដ-១៩

ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនាល្ងាចថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១នេះ បានអញ្ជើញចូលរួមប្រជុំតាមរយៈការបញ្ជូនរូបភាព និងសម្លេង ( Video Conference ) ដើម្បីពិនិត្យ និងពិភាក្សាលើ សំណើរបស់សមាគម រោងចក្រ សហគ្រាស វិស័យឯកជននានា ក្នុងគោល​បំណងទប់ស្កាត់អោយបាននូវការរីករាលដាលជម្ងឺកូវីដ-១៩ ខណៈដែលជម្ងឺមិនមានការថមថយនៅ​ឡើយ។


កិច្ចប្រជុំនេះធ្វើឡើង ក្រោមអធិបតីភាព ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និង ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។


កិច្ចប្រជុំបានពិភាក្សាគ្នា លើសំណើរបស់សមាគម រោងចក្រកាត់ដេរកម្ពុជា (GMAC) សហព័ន្ធនិយោជកនិងសមាគមពាណិជ្ជកម្មកម្ពុជា (cAMFEBA) សមាគម ស្បែកជើងកម្ពុជា (CFA) និងសមាគមពាណិជ្ជកម្មជប៉ុននៅកម្ពុជា (JBAC)។
ជាមួយគ្នានោះ ក៏បានពិភាក្សាគ្នាអំពីការដាក់ឲ្យដំណើរការការ ព្យាបាលតាមផ្ទះ និងយន្តការឆ្លើយតបចំពោះកាេងារនេះផងដែរ។


សំណើរបស់សមាគម រោងចក្រកាត់ដេរកម្ពុជា (GMAC),បានលើកឡើងថា វិស័យឯកជន បើបានចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ចំនួន២ដូសហើយ គួរ កាត់បន្ថយពីការធ្វើចត្តាឡីស័ក ពី១៤ថ្ងៃមកនៅ៧ថ្ងៃវិញ ហើយវិស័យឯកជនពេលនេះក៏ឧបករណ៍សំរាប់ធ្វើតេស្តរហ័សរកកូវិដ-១៩ ចំនួន៧០ម៉ឺនតេស្តហើយដែរ ដែលការចំណាយ ជាបន្ទុករបស់រោងចក្រឬក្រុមហ៊ុន ។ ពួកគាត់ជឿជាក់ថា ការចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩បានចំនួន២ដូសហើយ បើឆ្លងកូវីដ-១៩ក៏វាមានលក្ខណៈស្រាលដែរ មិនធ្ងន់ធ្ងរពិបាកក្នុងការព្យាបាលនោះទេ ។


អង្គប្រជុំក៏បានលើកឡើងថា ការអនុវត្តនៃការទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩នេះ ត្រូវតែប្រែលប្រួលមិនត្រូវអនុវត្តដូចពេលដែលយើងមិនទាន់បានចាក់វ៉ាក់សាំងនោះទេ ជាក់ស្តែងនៅពេលនេះភ្នំពេញបានចាក់វ៉ាក់សាំងដូសទី២បញ្ចប់ហើយ ដូច្នេះយើងគួរតែកែប្រែការអនុវត្តវិធានមួយចំនួន មិនគួរនៅរក្សាដដែលនោះទេ ៕

អត្ថបទដែលជាប់ទាក់ទង