ពលរដ្ឋក្រីក្រ ជនពិកា រងគ្រោះនិងងាយរងគ្រោះដោយជម្ងឺកូវីដ-១៩ ជិត៥០០គ្រួសារ ទទួលបានព្រះរាជអំណោយពីព្រះមហាក្សត្រ

ភ្នំពេញ៖ គ្រឿងឧបភោគបរិភោគ សំលៀកបំពាក់និងថវិកាមួយចំនួន ដែលជាព្រះរាជអំណោយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានយកមកប្រគល់ជូនប្រជាពលរដ្ឋក្រីក្រជនពិការចំនួនជិត ៥០០នាក់ ដែលទទួលរងផលប៉ះពាល់ដោយជំងឺកូវីដ-​១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ ។

ពិធីប្រគល់និងទទួលព្រះរាជអំណោយខាងលើនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៥ខែកក្កដាឆ្នាំ២០២១ នៅក្នុងវិទ្យាល័យចតុមុខ ក្រោមវត្តមានរបស់សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតី ស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំងនិងឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្រោយពីបងប្អូនប្រជាពលរដ្ឋរងគ្រោះនិងងាយរងគ្រោះ ជនពិការទាំងនេះ បានទទួលការធ្វើតេស្តយកសំណាក់រកជម្ងឺកូវីដ-១៩ ទៅតាមវិធានរបស់ក្រសួងសុខាភិបាលរួចរាល់។
ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា រាជធានីភ្នំពេញ ក្នុងរយៈពេល០៦ខែដើមឆ្នាំនេះ បានប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩យ៉ាងខ្លាំងក្លា ពិសេសក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ ។

ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែនបានដាក់ចេញនូវគោលនយោបាយជាបន្តបន្ទាប់ពិសេស ការប្រតិបត្តិនូវគោលការណ៍គ្រឹះទាំង ៦ចំណុចរបស់សម្តេចតេជោ ដើម្បីគ្រប់គ្រងសភាពការណ៍កូវីដ-១៩នេះ ឲ្យបានល្អប្រសើរ ។ សម្តេចតេជោនូវបានដាក់ចេញនូវវិធានការ៣ទៀត នោះគឺវិធានការរដ្ឋបាល វិធានការសុខាភិបាល និងវិធានការគាំពារសង្គម ដែលអាចកាត់បន្ថយបាននូវការឆ្លងនិងជួយដល់ជនរងគ្រោះនិងងាយរងគ្រោះនៅរាជធានីភ្នំពេញ។


ឯកឧត្តម ឃួង សេ្រង ក៏បានបញ្ជាក់ផងដែរថា ប្រជាពលរដ្ឋដែលរងនូវផលប៉ះពាល់ដោយជំងឺកូវីដ-១៩
នៅរាជធានីភ្នំពេញ ចំនួន៥០ម៉ឺនគ្រួសារហើយទទួលបានអំណោយ ក្នុងនោះមានទាំងអំណោយរបស់ព្រះមហាក្សត្រ អំណោយរបស់សម្ដេចម៉ែ អំណោយរបស់សម្ដេចតេជោនិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន សម្ដេចពញ្ញាចក្រីហេង សំរិន សម្ដេចវិបុលសេនាភក្តី សាយ ឈុំ សម្ដេចពិជ័យសេនា ទៀ បាញ់ សម្ដេចចៅហ្វាវាំង គង់ សំអុលនិងអំណោយផ្សេងៗទៀតរបស់សប្បុរសជន។


ឯកឧត្តម ឃួង ស្រេង ក្នុងឱកាសនោះ ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាលរាជធានី រាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់នៅរាជធានីភ្នំពេញ បានថ្លែងអំណរព្រះរាជគុណយ៉ាងជ្រាលជ្រៅ បំផុតថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបាន សព្វព្រះ​ទ័យ ប្រោសព្រះរាជទានព្រះរាជអំណោយ តាមរយៈ សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតី ស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រីជូនបងប្អូនក្មួយៗជាជនពិការ ចំនួន ៤៤៦នាក់ នៅភ្នំពេញ ដែលក្នុងម្នាក់ៗទទួលបានអាវយឺតមានស្លាកព្រះរាជអំណោយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចំនួន១ អង្ករចំនួន ១បាវ/៥០គីឡូក្រាម ឃីតចំនួន ១កញ្ចប់ (មុង១, ភូយ១, សារុង១)ម៉ាស់ ចំនួន ១ដុំ (មាន១០បន្ទះ) មី ចំនួន ១កេស (២៤កញ្ចប់)ត្រីខ ចំនួន ១០កំប៉ុង និងថវិកា ចំនួន ២០០ ០០០រៀល ។


សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតី ស្រឹង្គារ គង់ សំអុល ក្នុងឱកាសនោះ បានមានប្រសាសន៍ សំណូម​ពរ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវអនាម័យខ្លួនប្រាណឲ្យបានស្អាត ពិសេសគឺការអនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាលនិងរបស់រាជរដ្ឋាភិបាល ៣ការពារ ៣កុំ ស្របទៅតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលពិសេសគឺសម្ដេចតេជោហ៊ុនសែន។ សម្ដេចគង់ សំអុលបានបញ្ជាក់ផងដែរថា អំណោយដែលប្រគល់ជូនប្រជាពលរដ្ឋទាំង៤៤៦ គ្រួសារនេះ គឺជាព្រះរាជអំណោយរបស់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង