គិតមកដល់ពេលនេះ អ្នកចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ដូសទី១បានជិត៦លាននាក់ហើយ អាចបញ្ចប់មុនផែនការមេរហូតដល់៧ទៅ៨ខែ សម្រាប់គម្រោងចាក់១០លាននាក់នៅកម្ពុជា

ភ្នំពេញ៖ គិតមកដល់ពេលនេះ ប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ដូសទី១ បានចំនួន ជិត៦លាននាក់ហើយ ខណៈដែលអ្នកចាក់វ៉ាក់សាំងដូសទី២ បានចំនួនជាង៤លាននាក់ ហើយការងារនេះ រាជរដ្ឋាភិបាលបានជម្រុញ ការចាក់អោយបានរួចរាល់សម្រាប់មនុស្ស១០លាននាក់ ក្នុងរង្វង់ខែតុលាឬខែវិច្ឆិកាឆ្នាំ២០២១ខាងមុខនេះ មានន័យថា នឹងអាចបញ្ចប់មុនផែនការមេរហូតដល់៧ទៅ៨ខែ។
នេះបើតាមការបង្ហាញឱ្យដឹងក្នុងប្រជុំតាមរយៈការបញ្ជូនរូបភាព និងសម្លេង (Video Conference ) ក្រោមអធិបតីភាព លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈប្រចាំការនៃគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ (គ.ប.ក) ដោយមានការចូលពីលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនាល្ងាចថ្ងៃទី១៩ខែកក្កដា ឆ្នាំ២០២១នេះ នៅសាលារាជធានីភ្នំពេញ។
ក្នុងកិច្ចប្រជុំនោះ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា បានបញ្ជាក់អោយដឹងថា ប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ដូសទី១ មានចំនួន ៥.៩១២.៥៤៥នាក់ (ស្រី មាន ២.៩៤៥.៦៨២នាក់ ស្មើនឹង ៤៩,៨២%) ប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំងទាំង ២ដូស មានចំនួន ៤.១៣១.០៥៧នាក់ ស្មើនឹង ៦៩,៨៧%នៃចំនួនអ្នកបានចាក់ដូស​ទី១ (ស្រី៖ ១.៤០២.៣១០នាក់ ស្មើនឹង ៤៨.៣១%)។
លោកស្រីបន្តថា អង្គការ WHO និង UNICEF មានចំណាប់អារម្មណ៍ខ្ពស់លើការងារចាក់វ៉ាក់សាំង តាម​រយៈ ការចូលរួមចុះពិនិត្យដល់ទីតាំងចាក់វ៉ាក់សាំងផ្ទាល់ ដែលបានជួយផ្សាយនូវព័ត៌មាន ដល់អន្តរជាតិ អំពីការយកចិត្តទុកដាក់ប្រកបដោយភាពវៃឆ្លាត និងគតិបណ្ឌិតរបស់ សម្តេចតេជោនាយករដ្ឋមន្តី លើការផ្តល់លទ្ធភាពក្នុងការទទួលបាន វ៉ាក់សាំងដោយស្មើភាពគ្នា និងមានសន្ទុះលឿន ជូនដល់ប្រជាជនកម្ពុជា និង ជនបរទេស ដែលកំពុងបំពេញបេសកម្ម និងរស់នៅស្របច្បាប់នៅកម្ពុជា។
ចំពោះការសម្រេចពីប្រមុខរាជរដ្ឋាភិបាល និងសំណូមពរ លោកស្រី បានលើកឡើងទៀតថា ដោយសារមានវ៉ាក់សាំងនៅសល់ក្នុងស្តុកចំនួន ៨០១, ២០១ដូស នៅឃ្លាំងឱសថកណ្ដាល យោងតាមការណែនាំរបស់ សម្ដេចតេជោនាយករដ្ឋមន្ដ្រី នាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១នេះ ត្រូវដកវ៉ាក់សាំងនេះក្នុងចំនួន ៦០០,០០០ដួស ដើម្បីបញ្ជូនទៅតាមទីតាំងដែលមានតម្រូវការវ៉ាក់សាំងជាបន្តទៀត។
រីឯ វ៉ាក់សាំងនៅសល់ចំនួន ៧៥៨,៨០២ ដួស នៅខាងកងទ័ព គ.វ.ក-១៩ គោរពស្នើសុំ ឱ្យធ្វើការបង្វែរ​មក គ.វ.ក-១៩ វិញ ឬក៏ធ្វើផែនការចាក់ជាមួយ គ.វ.ក-១៩ ឱ្យបានច្បាស់លាស់ ដើម្បីឱ្យមានសង្កត់ភាពជាមួយផែនការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋដែលមានអាយុពី ១៨ឆ្នាំឡើងទៅឱ្យគ្រប់គោលដៅចំនួន ១០លាននាក់ ។ លោកស្រីបន្តការចាក់ជូនប្រជាជនដែលនៅសេសសល់ប្រមាណជា ៧៣២,៤១១​នាក់ទៀត ដែលត្រូវប្រើវ៉ាក់សាំងប្រហែលជា លើសពី ១លានដូសបន្ថែមទៀត (ថ្មីៗនេះ សម្ដេចតេជោ បានអនុញ្ញាតឱ្យទិញសម្រាប់សាគួរ ប្រើប្រាស់វ៉ាក់សាំងចំនួន ១លានដួសបន្ថែម)។
យោងសាររបស់ សម្តេចតេជោ ខាងលើដែរ នឹងប្រើប្រាស់កម្លាំងក្រុមគ្រូពេទ្យរដ្ឋ បើកយុទ្ធនាការចាក់វ៉ាក់សាំងដល់ កុមារ និងយុវវ័យដែលមានអាយុ ១២ឆ្នាំ ដល់ ១៨ឆ្នាំ ប្រមាណជាជិត ២លាននាក់ ដែលនឹង (ត្រូវការវ៉ាក់សាំងប្រមាណជាជិត៤លានដូស)៕ ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ
អត្ថបទដែលជាប់ទាក់ទង