ជី និងថ្នាំកសិកម្មដើរតួនាទីយ៉ាងសំខាន់ចូលរួមក្នុងការលើកកម្ពស់ ផលិតភាពកសិកម្ម និងសមត្ថភាពប្រកួតប្រជែងរបស់កសិផលកម្ពុជា
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានកិច្ចគាំទ្រពីរដ្ឋាភិបាលអូស្រ្តាលី តាមរយៈ កម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា-អូស្រ្តាលី (កាវ៉ាក់) បានរៀបចំគោលការណ៍ណែនាំលើការប្រើប្រាស់ផ្លាកសញ្ញាជី និងថ្នាំកសិកម្ម ដើម្បីធ្វើការពង្រឹងគុណភាព និងបង្កើនប្រសិទ្ធិភាពនៃការប្រើប្រាស់ជី និងថ្នាំកសិកម្ម ក្នុងទិសដៅធ្វើការជំរុញផលិតភាព និងភាពប្រកួតប្រជែងលើវិស័យកសិកម្មនៅកម្ពុជា។ ការផ្តល់ងាយស្រួលដល់អ្នកលក់ធាតុចូលកសិកម្ម និងកសិករ ក្នុងការទទួលព័ត៌មាននៃការប្រើប្រាស់ជី និងថ្នាំកសិកម្ម ដែលមានទទួលស្គាល់គុណភាពស្តង់ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទគឺជាកត្តាចម្បងសម្រាប់ពង្រឹងការអនុវត្តគោលការណ៍ណែនាំលើការប្រើប្រាស់ផ្លាកសញ្ញាជី និងថ្នាំកសិកម្ម។
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការចូលរួមពី លោក David Bloch លេខាធិការទី១ នៃស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា ជាគណៈអធិបតីក្នុងកម្មវិធីអនឡាញប្រកាសដាក់អោយប្រើប្រាស់នូវប្រព័ន្ធ ឃ្យូ អាកូដ សម្រាប់ផ្លាកសញ្ញាជី និងថ្នាំកសិកម្មនេះផ្លូវការនាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ ដែលប្រព័ន្ធនេះត្រូវបានបង្កើតឡើងដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមកិច្ចសហការ និងគាំទ្រពីកម្មវិធីកាវ៉ាក់
ប្រព័ន្ធឃ្យូ អាកូដ នេះនឹងផ្តល់ភាពងាយស្រួលដល់អ្នកលក់ធាតុចូលកសិកម្ម និងកសិករ ក្នុងការទទួលយកព័ត៌មានពីជី និងថ្នាំកសិកម្ម ដោយគ្រាន់តែយកទូរស័ព្ទដៃមកស្កេនលើឃ្យូអាកូដ ដែលមាននៅលើផ្លាកសញ្ញាជី និងថ្នាំកសិកម្ម នោះពួកគាត់នឹងអាចដឹងថាតើជី និងថ្នាំកសិកម្មដែលពួកគាត់ណែនាំ និងជ្រើសរើសមានទទួលស្គាល់គុណភាពពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឬទេ ព្រមទាំងទទួលបានពីរបៀបប្រើប្រាស់ដែលលក្ខណៈសមស្របតាមស្តង់ការបច្ចេកទេស៕