រដ្ឋបាលខេត្តសៀមរាប បន្តរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ ថ្មីទៀត ចំនួន ៩៨នាក់, ព្យាបាលជាសះស្បើយ ១២០នាក់ និងស្លាប់ចំនួន ៤នាក់

ខេត្តសៀមរាប៖ កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ បានប្រកាសជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា ក្នុងព្រឹត្តិការណ៍ ការឆ្លងរាលដាលជំងឺកូវីដ-​១៩ ចូលក្នុងសហគមន៍២០កុម្ភ: នេះ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីទៀត ចំនួន ៩៨នាក់ ព្យាបាលជាសះស្បើយ អ្នកមានជំងឺកូវីដ-​១៩ ចំនួន ១២០នាក់ និងស្លាប់ចំនួន ៤នាក់។
ក្នុងនោះករណីទី១ ដល់ទី៩ ជាករណីមានប្រភពចម្លងចេញពីផ្សារកំពង់ក្តី ករណី​ទី១០ ដល់ទី៤៤ ជាករណីមានប្រភពចម្លងចេញពីផ្សារលើធំថ្មី ករណីទី៤៥ ដល់​ទី៤៩ គឺជាករណីមានប្រភពចម្លងចេញពីសង្កាត់ស្រង៉ែ និងករណីទី៥០ ជាករណីឆ្លងមានប្រភពចម្លងចេញពីផ្សារដំដែក។ ជាមួយគ្នានោះ ករណី​ទី៥១ ដល់ទី៥៦ ករណីមានប្រភពចម្លងចេញពីផ្សារស្រែណូយ ករណីទី៥៧ ដល់ទី៦១ ជាករណីមានប្រភពចម្លងចេញពីអ្នកដំណើរមកពីរាជធានីភ្នំពេញ ខេត្តកំពង់ឆ្នាំង និងខេត្តប៉ៃលិន ករណីទី៦២ គឺជាករណីឆ្លងបន្តពីអ្នកដំណើរមកពីខេត្តព្រះសីហនុ ករណី​ទី៦៣ ជាករណីឆ្លងបន្តពីសពឈ្មោះ ជ័យ យ៉េន និងករណីទី៦៤ ដល់ទី៨៤ ជាករណីឆ្លងបន្តពីអ្នកជំងឺពលករឈ្មោះ ថាំង វណ្ណា។ ចំពោះ ករណីទី៨៥ ដល់ទី៩១ គឺជាករណីពុំទាន់អាចសន្និដ្ឋានពីប្រភពចម្លងច្បាស់លាស់នៅឡើយ។ រីឯ ករណី​ទី៩២ ដល់ទី៩៨ ជាប្រជាពលរដ្ឋត្រឡប់ពីប្រទេសថៃ មកដល់ខេត្តសៀមរាប ហើយ​ជាករណីសង្ស័យ ត្រូវបានក្រុមគ្រូពេទ្យដាក់ឱ្យធ្វើចត្តាឡីស័ក នៅវិទ្យាល័យ​សម្តេចឪ។
ទន្ទឹមនឹងនោះ ក៏មានព្យាបាលជាសះស្បើយចំនួន ១២០នាក់ផងដែរ អ្នកទាំងនោះត្រូវបានក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យបង្អែកខេត្តសៀមរាប, មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត, វិទ្យាល័យអង្គរ និងវិទ្យាល័យដំដែក ត្រឡប់ទៅលំនៅឋានវិញ ដោយត្រូវបន្តការធ្វើចត្តាឡីស័ក​រយ:ពេល១៤ថ្ងៃទៀត។
នៅថ្ងៃនោះដែរ មានករណីស្លាប់ចំនួន ៤ករណីទៀត ដូចមានរាយនាមខាងក្រោម៖ ១- ឈ្មោះ MANN JOE MARLON ភេទប្រុស អាយុ៥៩ ឆ្នាំ សញ្ជាតិ អាមេរិក អាសយដ្ឋាននៅភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប បានស្លាប់ កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង២៣៖០០នាទី ហើយក្រុមគ្រូពេទ្យ បានយកសំណាកតេស្តរកមេរោគកូវីដ-១៩ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង០៧៖៥០នាទី ដោយទទួលបានលទ្ធផលវិជ្ជមាននៃជំងឺកូវីដ​-១៩។
២- ឈ្មោះ អ៊ុ ស្រី ភេទស្រី អាយុ៣៥ឆ្នាំ អាសយដ្ឋាននៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ដែលវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ និងបានស្លាប់ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១៩៖៣០នាទី ដោយជំងឺរលាកសួត បង្កដោយមេរោគកូវីដ-១៩។
៣-ឈ្មោះ អាំង គឹមហួរ ភេទប្រុស អាយុ៦៥ឆ្នាំ អាសយដ្ឋាននៅភូមិជ្រៃខាងជើង ឃុំកៀនសង្កែ ស្រុកសូទ្រនិគម ដែលវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ និងបានស្លាប់ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១៣៖៤០នាទី ដោយជំងឺរលាកសួត បង្កដោយមេរោគកូវីដ-១៩។
៤-ឈ្មោះ សូរ នួម ភេទប្រុស អាយុ៦១ឆ្នាំ អាសយដ្ឋាននៅភូមិអារញ្ញ សង្កាត់សៀមរាប ក្រុងសៀមរាប ដែលវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ និងបានស្លាប់ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១៣៖៤០នាទី ដោយជំងឺរលាកសួត បង្កដោយមេរោគកូវីដ-១៩។
មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៣,៣១៧​នាក់ បានព្យាបាលជាសះស្បើយចំនួន ១,៤៩៦នាក់ ស្លាប់៣១នាក់ និង ១,៧៩០​នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌល​ចត្តា​ឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត, វិទ្យាល័យអង្គរ និងវិទ្យាល័យដំដែក។
រដ្ឋបាលខេត្តសៀមរាប ណែនាំប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោល ជាមួយអ្នកវិជ្ជមានខាងលើ ត្រូវរួសរាន់ធ្វើចត្តាឡីស័ក នៅតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួនឱ្យបានគ្រប់១៤ថ្ងៃ ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។ ក្នុងករណីមិនអនុវត្តកាតព្វកិច្ចចត្តាឡីស័ក រដ្ឋបាលខេត្តនឹងចាត់វិធានការផ្លូវច្បាប់ចំពោះបុគ្គលទាំងឡាយណាដែលលើ្មសនឹងវិធានសុខាភិបាលនេះ។ ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវរកមេរោគ។
រដ្ឋបាលខេត្តសៀមរាប សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តឱ្យបានម៉ឺងមាត់ និងអនុវត្តនូវវិធានការការពាររបស់រាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន៕
អត្ថបទដែលជាប់ទាក់ទង