វ៉ាក់សាំង AstraZeneca ចំនួនប្រមាណ១លានដូស ដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុននឹងដឹកមកដល់កម្ពុជា នៅថ្ងៃទី២៣កក្កដា
ភ្នំពេញ៖ ស្ថានទូតជប៉ុនប្រចាំកម្ពុជាបានឱ្យដឹងថា វ៉ាក់សាំង AstraZeneca ចំនួនប្រមាណ១លានដូស ដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុននឹងដឹកមកដល់កម្ពុជា នៅថ្ងៃទី ២៣ ខែកក្កដា សម្រាប់ចាក់ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ដើម្បីធានាបានសុវត្ថិភាពពីការឆ្លងជំងឺកូវីដ១៩ដ៏កាចសាហាវ។
សេចក្តីជូនដំណឹងបានឱ្យដឹងថា បើមិនមានការប្រែប្រួលទេ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញទៅទទួលវ៉ាក់សាំង AstraZeneca ចំនួនប្រមាណ ១លានដូស ដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុន ដែលនឹងដឹកមកដល់កម្ពុជា នៅវេលាម៉ោង២០ និង៣០នាទីយប់ថ្ងៃ២៣កក្កដា។
សូមជម្រាបជូនថា កាលពីថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០២១ រដ្ឋាភិបាលជប៉ុនបានប្រកាសផ្ដល់ជំនួយវ៉ាក់សាំង AstraZeneca ចំនួនប្រមាណ១លានដូសដល់កម្ពុជា ដែលជំនួយនេះធ្វើឡើងស្របតាមចំណងមិត្តភាពរវាង ជប៉ុន និងកម្ពុជា និង ដោយផ្អែកលើស្ថានភាពកូវីដ១៩ នៅកម្ពុជានាពេលបច្ចុប្បន្ន។
ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា បានឱ្យដឹងថា ការផ្ដល់ជំនួយវ៉ាក់សាំងចំនួន ១លានដូស នេះធ្វើឡើងស្របតាមចំណងមិត្តភាពរវាង ជប៉ុន និងកម្ពុជា និងដោយផ្អែកលើស្ថានភាពកូវីដ១៩ នៅកម្ពុជានាពេលបច្ចុប្បន្ន។ ឯកឧត្តមឯកអគ្គរាជទូត ក៏បានបញ្ជាក់ដែរថា មកទល់ពេលនេះ រដ្ឋាភិបាលជប៉ុនបានផ្តល់ជំនួយស្មើនឹងទឹកប្រាក់ សរុបជាង ៥០លានដុល្លារអាមេរិកហើយដល់កម្ពុជា។ អំណោយទាំងនោះរួមមាន៖ ការផ្ដល់បរិក្ខារពេទ្យ ការកែលម្អមន្ទីរពេទ្យ ការគាំទ្រដល់គម្រោងរបស់អង្គការអន្តរជាតិនានាសម្រាប់ វិធានការទប់ស្កាត់ការចម្លងជំងឺតាមព្រំដែន ក៏ដូចជាការផ្ដល់បរិក្ខារសម្រាប់ដឹកជញ្ជូន និងរក្សាទុកវ៉ាក់សាំងឱ្យ បានត្រឹមត្រូវផងដែរ។
ក្រៅពីនោះរដ្ឋាភិបាលជប៉ុនក៏បានផ្តល់ជាកម្ចីប្រមាណ ២២៧លានដុល្លារអាមេរិក ដែលត្រូវបានប្រើប្រាស់ក្នុងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ប្រជាជនដែលរងផលប៉ះពាល់ដោយសារកូវីដ១៩ និងសម្រាប់ការពង្រឹងប្រព័ន្ធសុខាភិបាល។ ឯកឧត្តមឯកអគ្គរាជទូត ក៏បានបង្ហាញនូវជំហរមុតមាំរបស់រដ្ឋាភិបាលជប៉ុនក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នៅកម្ពុជាផងដែរ។ ឯកឧត្តមឯកអគ្គរាជទូតបានគូសបញ្ជាក់ថា ក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ដែលជាបញ្ហាពិភពលោកនេះ ជប៉ុននឹងបន្តសហការ និងធ្វើការរួមគ្នាជាមួយកម្ពុជាដែលជាមិត្តដ៏សំខាន់ ដោយសង្ឃឹមថា ស្ថានភាពនឹងអាចល្អប្រសើរឡើងក្នុងពេលដ៏ឆាប់ខាងមុខនេះ ហើយការផ្លាស់ប្ដូររវាង ប្រទេសទាំងពីរកម្ពុជា-ជប៉ុន ក៏ដូចជាក្នុងពិភពលោកនឹងអាចចាប់ផ្តើមឡើងវិញ។
សូមបញ្ចាក់ថា គិតត្រឹតថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ៦,២០២,៤១៤នាក់។ សម្រាប់លទ្ធផលចាក់វ៉ាក់សាំងគោលដៅ១០លាននាក់ បានចំនួន៦២.០២%។
បើតាមតួលេខនេះ កម្ពុជាឈរលំដាប់ទី២ បន្ទាប់ពី សិង្ហបូរី បើគិតនៅក្នុងតំបន់អាស៊ាន៕ by AKP