ក្រសួងសាធារណការនិងដឹកជញ្ជូន សម្រេចដាក់ឱ្យដំណើរការ ជាផ្លូវការ មណ្ឌលផ្តល់សេវាសាធារណៈ ស្ថិតនៅជាន់ទី២ នៃផ្សារទំនើបហេរីថេក វ៉ក់
ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១នេះដើម្បីបង្កើនប្រសិទ្ធភាព និងតម្លាភាព ក្នុងការទទួលសេវាសាធារណៈ។
ថ្លែងក្នុងឱកាសបើកឱ្យដំណើរការ ជាផ្លូវការមណ្ឌលផ្តល់សេវាសាធារណៈ ទី០៥ នេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនមានប្រសាសន៍ថា ការសម្រេចដាក់ឱ្យដំណើរការ ជាផ្លូវការ មណ្ឌលផ្តល់សេវាសាធារណៈ ទី៥ នៅក្នុងខេត្តសៀមរាបនេះ ដើម្បីបង្ខិតសេវាទៅជិតប្រជាពលរដ្ឋ ឱ្យបងប្អូនប្រជាពលរដ្ឋអាចទទួលបានសេវាសាធារណៈមួយ ប្រកបដោយប្រសិទ្ធភាព តម្លាភាព ទាន់ពេលវេលា និងចៀសវាងការខាតបង់ថវិកាដោយប្រើប្រាស់សេវារត់ការខាងក្រៅបន្ថែម។
”យើងចង់ជំរុញឱ្យកៀកបងប្អូនប្រជាពលរដ្ឋ ធ្វើឱ្យមានប្រសិទ្ធភាព តម្លាភាព ធ្វើឱ្យបានលឿន ដូច្នេះខ្ញុំសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលត្រូវការសេវាទាំងនោះ សូមអញ្ជើញមកហេរីថេកវ៉ក ដើម្បីទទួលសេវាបានលឿន មានប្រសិទ្ធភាព។ សូមបងប្អូន ឈប់ប្រើប្រាស់អ្នករត់ការ ដែលគាត់អះអាងថា គាត់នឹងរៀបចំឯកសារជូន ធ្វើប័ណ្ណបើកបរ ប្តូរប័ណ្ណបើកបរ ផ្ទេរកម្មសិទ្ធិយានយន្ត សុំស្លាកលេខឡាន ប៉ុន្តែគាត់យកកម្រៃសេវាពីយើង សូមបងប្អូនកុំជឿគាត់ មកធ្វើផ្ទាល់តែម្តង នៅហេរីថេកវ៉ក់ កន្លែងតែមួយគឺច្រកចេញចូលតែមួយ ដើម្បីទទួលសេវាឱ្យទាន់ពេលវេលា ប្រសិទ្ធភាពនេះសំខាន់ក្នុងការទទួលសេវា ពីក្រសួង សាធារណការ និងដឹកជញ្ជូន”។
សូមបញ្ជាក់ថា មណ្ឌលផ្តល់សេវាសាធារណៈ ទី៥ មានទីតាំងស្ថិតនៅជាន់ទី២ នៃផ្សារទំនើបហេរីថេក វ៉ក់ មានអាសយដ្ឋានអគាលេខ១៥៨ ផ្លូវជាតិលេខ៦ ភូមិមណ្ឌល២ សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប។ បើតាមក្រសួងសាធារណការនិងដឹកជញ្ចូន ចាប់ពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១នេះតទៅ ប្រជាពលរដ្ឋអាចមកទទួល សេវាសាធារណៈ នៅកន្លែងនេះមានដូចជា៖ការចុះបញ្ជីរថយន្ត និងផ្ទេរកម្មសិទ្ធិយានយន្ត ប្ដូរប័ណ្ណបើកបរ ដាក់ពាក្យសុំត្រួតពិនិត្យលក្ខណៈបច្ចេកទេស យានជំនិះ(ឆៀក)ចាប់ពីម៉ោង៨ព្រឹក ដល់ ៨យប់ រយៈពេល៧ថ្ងៃក្នុងមួយសប្តាហ៍៕