ការស្តារប្រឡាយលូ៥ដោយស្តារយកភក់ចេញពីបាតប្រឡាយ បានបញ្ចប់១០០ភាគរយហើយ
ភ្នំពេញ៖ ប្រឡាយលូ៥ ដែលគេទទួលស្គាល់ថា ជាប្រឡាយដ៏សំខាន់មួយ ក្នុងការរំដោះទឹកក្នុងមូលដ្ឋានខណ្ឌពោធិសែនជ័យ ខណ្ឌសែនសុខ និងខណ្ឌមានជ័យ ទំលាក់ទៅប្រឡាយម័លនិងបន្តចុះទៅជើងឯក គិតមកដល់ពេលនេះ ការស្តារប្រឡាយនេះ ត្រូវបានបញ្ចប់១០០ភាគរយហើយ ដោយក្រុមការងារស្តារយកភក់ចេញពីបាតប្រឡាយបានប្រមាណជាង២ម៉ឺនម៉ែត្រគូប សំរាមនិងស្មៅជាង២០០០ម៉ែត្រគូបផងដែរ ដែលបានធ្វើអោយចរន្តទឹកហូរយ៉ាងលឿនគ្មានការរំខាន ដែលអាចបញ្ជៀសបាននូវការលិចលង់ភូមិដ្ឋានប្រជាពលរដ្ឋ។
លោក ដួង ចាន់សារ៉ាត់ ប្រធានអង្គភាពលូទឹក បូមទឹក នៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងនៅព្រឹកថ្ងៃទី២២កក្កដានេះថា ដោយមានការយកចិត្តទុក្ខដាក់និងការចង្អុលណែនាំពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងការដោះស្រាយ ការស្តារប្រពន្ធ័បង្ហូរទឹក ជាពិសេសប្រឡាយ
មេនៅរាជធានីភ្នំពេញ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ដែលមានអង្គភាពលូទឹក បូមទឹក និងស្ថានីយ៍ចម្រោះទឹកកខ្វក់ បានធ្វើសកម្មភាពស្តារប្រឡាយលូ៥ យ៉ាងសកម្ម ហើយបើគិតមកដល់ត្រឹមល្ងាចថ្ងៃទី២១ កក្កដា ម្សិលម៉ិញ ការស្តារប្រឡាយលូ៥ នេះបានបញ្ចប់១០០ភាគរយហើយ ដែលធ្វើឱ្យចរន្តទឹកហូរយ៉ាងលឿនគ្មានការរំខាន ហើយនៅព្រឹកថ្ងៃទី២២ កក្កដានេះ ក្រុមការងារបានចល័តកម្លាំងនិងគ្រឿងចក្រ ពីការស្តារប្រឡាយលូ៥នេះ បន្តមកបង្ហើយ ការស្តារប្រឡាយបឹងទំពន់ថែមទៀត។
លោក ដួង ចាន់សារ៉ាត់ បានបញ្ជាក់ថា ការស្តារប្រឡាយបឹងទំពន់ដែលនៅសេសសល់ប្រវែងប្រមាណ ១០០ម៉ែត្រទៀតនោះ ក្រុមការងារនឹងសម្រុកអោយបានរួចរាល់ក្នុងរយៈពេល១សប្តាហ៍ទៀតនេះ។
លោក ដួង ចាន់សារ៉ាត់ បានបញ្ជាក់ឱ្យដឹងថា ប្រឡាយលូ៥ មានប្រវែងជាង១០០០ម៉ែត្រ ទទឹងមានទំហំ
ពី១៥ទៅ ៣០ម៉ែត្រ ចាប់ពីប្រឡាយលូប្រាំផ្លូវវេង ស្រេងដល់ស្ថានីយបូមទឹកលូ៥ ។ ការដ្ឋាននេះបានចាប់ផ្តើមស្តារ ដោយប្រើប្រាស់សាឡង់កាលពីថ្ងៃទី១៩ មិថុនា ហើយបានបញ្ចប់១០០ភាគរយហើយកាលល្ងាចថ្ងៃទី២១ កក្កដាម្សិលម៉ិញ ប្រឡាយនេះមានតួនាទីយ៉ាងសំខាន់ក្នុងការរំដោះទឹកក្នុងមូលដ្ឋានខណ្ឌពោធិសែនជ័យ ខណ្ឌសែនសុខ និងខណ្ឌមានជ័យ ដោយទឹកហូរចូលប្រឡាយលូ៥ ទៅស្ថានីយលូ៥ ទើបបូមទំលាក់ទៅប្រឡាយម័ល និងបន្តចុះទៅជើងឯក។
លោក ដួង ចាន់សារ៉ាត់ បានបញ្ជាក់បន្ថែមថា ការស្តារប្រឡាយលូ៥នេះ ក្រុមការងារស្តារភក់ចេញបានចំនួន២១៣៧៥ម៉ែត្រគូប សំរាមនិងស្មៅបានចំនួន ២២៥០ម៉ែត្រគូប ដូច្នេះ លោកក៏ស្នើសូមឱ្យបងប្អូនប្រជាពលរដ្ឋមេត្តាទុកដាក់សំរាមអោយបានត្រឹមត្រូវ ទៅតាមទីតាំងដែលក្រុមហ៊ុនប្រមូលសំរាមបានកំណត់ កុំបោះសំរាមចូលក្នុងប្រឡាយទឹក នាំអោយបិទបាំងផ្លូវទឹកមិនអាចហូរដល់ស្ថានីយ៕