ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរកឃើញថា ក្រុមហ៊ុនSmart Axiata Co., Ltd. បានអនុវត្តខុសនឹងនីតិវិធីក្នុងការបើកលេខទូរស័ព្ទជូនអតិថិជន ដោយបានកាត់ផ្តាច់លេខទូរស័ព្ទ របស់អតិថិជនដែលកំពុងប្រើប្រាស់រាល់ថ្ងៃ យកទៅលក់បន្តឱ្យអតិថិជនថ្មី

ភ្នំពេញ៖ ថ្មីៗនេះ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរកឃើញថា ក្រុមហ៊ុន ស្មាត អាស្យាតា ខូ អិលធីឌី (Smart Axiata Co., Ltd.) បានអនុវត្តខុសនឹងនីតិវិធីក្នុងការបើកលេខទូរស័ព្ទជូនអតិថិជន ដោយបានកាត់ផ្តាច់លេខទូរស័ព្ទ របស់អតិថិជនដែលកំពុងប្រើប្រាស់រាល់ថ្ងៃ ហើយយកទៅលក់បន្តឱ្យអតិថិជនថ្មីដោយគ្មានការយល់ព្រមពីម្ចាស់ដើម។
ដើម្បីការពារសិទ្ធិនិងផលប្រយោជន៍អ្នកប្រើប្រាស់សេវាទូរសព្ទចល័ត ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមជម្រាបជូនសាធារណជនអំពីការចាត់វិធានការលើក្រុមហ៊ុន ស្មាត អាស្យាតា ខូ អិលធីឌី ដូចខាងក្រោម៖
១. ក្រុមហ៊ុន ស្មាត អាស្យាតា ខូ អិលធីឌី ត្រូវធ្វើការសុំទោសជាសាធារណៈ ដោយចុះផ្សាយក្នុងគេហទំព័រផ្លូវការរបស់ខ្លួននិងសន្យាមិនឱ្យមានហេតុការណ៍ខាងលើកើតមានសារជាថ្មីម្តងទៀត។
២. ក្រុមហ៊ុន ស្មាត អាស្យាតា ខូ អិលធីឌី ត្រូវផ្តល់សំណងនៃការខូចខាតដល់ម្ចាស់ដើមចំពោះការប្រព្រឹត្ត ខុសនឹងនីតិវិធីក្នុងការបិទលេខទូរស័ព្ទពីអតិថិជនដែលកំពុងប្រើប្រាស់។
៣. ម្ចាស់ដើមមានសិទ្ធិទទួលបានលេខទូរស័ព្ទនោះមកប្រើប្រាស់វិញ។
៤. រាល់បុគ្គលពាក់ព័ន្ធនឹងករណីខាងលើនេះ នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមរំលឹកដល់ប្រតិបត្តិករផ្តល់សេវាទូរស័ព្ទចល័តទាំងអស់ ត្រូវពង្រឹង ការគ្រប់គ្រងនិងនីតិវិធីនៃការចែកចាយនិងលក់ស៊ីមកាតទូរសព្ទចល័ត ឱ្យបានត្រឹមត្រូវជូនអតិថិជនរបស់ខ្លួន ជៀសវាង មានករណីបែបនេះកើតឡើង។ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍នឹងបន្តតាមដាននិងចាត់វិធានការយ៉ាងតឹងរឹងបំផុត ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ចំពោះប្រតិបត្តិករផ្តល់សេវាទូរស័ព្ទចល័តណា ដែលបាន ប្រព្រឹត្តខុស។
សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជនទាំងអស់មេត្តាជ្រាបជាព័ត៌មាន។ ប្រភព៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍
អត្ថបទដែលជាប់ទាក់ទង