ក្រសួងមហាផ្ទៃ ចេញសេចក្ដីជូនដំណឹងដល់គណបក្សបេះដូងជាតិ ឲ្យធ្វើការកែសម្រួលលើខ្លឹមសារស្នើសុំចុះបញ្ជីគណបក្សនៅក្រសួងមហាផ្ទៃ និងបំពេញបន្ថែមនូវសំណុំឯកសារជូនក្រសួងមហាផ្ទៃឡើងវិញ
ភ្នំពេញ៖ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១នេះ ក្រសួងមហាផ្ទៃ ជូនដំណឹងដល់លោក សៀម ភ្លុក តំណាងស្ថាបនិកគណបក្សបេះដូងជាតិ ដែលហៅកាត់ថា”គ. ជ. ប” ឲ្យពិនិត្យមើលសំណុំឯកសារសុំចុះបញ្ជីរបស់គណបក្សឡើងវិញ ក្រោយមិនទាន់មានលក្ខណៈគ្រប់គ្រាន់ និងត្រឹមត្រូវ ស្របតាមបទប្បញ្ញាត្តិ នៃច្បាប់ស្តីពីគណបក្សនយោបាយ ដោយសារពុំបានភ្ជាប់មកនូវឯកសារមួយចំនួនរួមមាន៖ ១.សេចក្តីសម្រេចបង្កើតគណៈកម្មាធិការបណ្តោះអាសន្ន, ២.គោលនយោបាយ និងកម្មវិធីនយោបាយសំខាន់ៗរបស់គណបក្ស និង៣.ជីវប្រវត្តិសង្ខេបរបស់ប្រធាន ឬស្ថាបនិកចំនួន៣នាក់យ៉ាងតិច។ ទន្ទឹមនឹងនេះខ្លឹមសារសំខាន់ៗ មាលក្ខណៈច្របូកច្របល់ដោយពុំសមស្របទៅតាមបញ្ញត្តិ នៃច្បាប់ស្តីពីគណបក្សនយោបាយព្រមទាំងមានកំហុសអក្ខរាវិរុទ្ធជាច្រើនផងដែរ។
ក្រសួងមហាផ្ទៃ តម្រូវឱ្យគណបក្សបេះដូងជាតិ ត្រូវធ្វើការកែតម្រូវខ្លឹមសារចំណុចសំខាន់ៗនៃលក្ខន្តិកៈរបស់គណបក្ស ព្រមទាំងបំពេញបន្ថែមនូវសំណុំឯកសារជូនក្រសួងមហាផ្ទៃវិញយ៉ាងយូរក្នុងរយៈពេល១៥ថ្ងៃ ដោយគិតចាប់ពីថ្ងៃទទួលបានលិខិតជូនដំណឹងនេះជាកំណត់៕ ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា