សាច់​ក្របី៣​កុងតឺន័រ នាំចូល​មកពី​ឥណ្ឌា មាន​ផ្ទុកមេរោគ​កូ​វីដ-​១៩ ត្រូវបានមន្ត្រីគយកម្ពុជាចាប់​បាន

ខេត្តកំពង់ស្ពឺ​៖ អភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម វ៉ី សំណាង បានឲ្យប្រព័ន្ធផ្សព្វផ្សាយដឹងថា មន្ត្រីគ​យ​កម្ពុជា ចាប់បាន​សាច់​ក្របី​ក្លាស្សេចំនួន ៣​កុងតឺន័រ ហើយពិនិត្យឃើញមាន​ផ្ទុកមេរោគ​កូ​វីដ​-១៩ ដែលនាំចូល​មកពី​ប្រទេស​ឥណ្ឌា​។
លោកបន្តថា សាច់​ក្របី​ទាំងនោះ នឹងត្រូវ​នាំយកទៅ​ដុតបំផ្លាញ​ចោល នៅ​ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ក្នុង​រយៈពេល ២-៣​ថ្ងៃ​ខាងមុខ​។
​ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ ក៏បាន​ណែនាំ​បន្ថែមទៅអភិបាលស្រុក​ឱ​រ៉ា​ល់ នៅ​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០២១នេះ ឲ្យ​ត្រៀមលក្ខណៈ​សហការ​ជាមួយ​ខាង​មន្ត្រីគយ ដើម្បី​ដុតបំផ្លាញ​សាច់​ក្របី​ទាំងនោះ កុំ​ឲ្យ​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩។ ព្រោះបើកប់ ក៏​អាច​មិនមាន​សុវត្ថិភាព​ឡើយ​។​
ចំពោះបញ្ហានេះ ​ឯកឧត្តម វ៉ី សំណាង បានប្រកាស​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ដែល​ទិញ​សាច់គោ សាច់​ក្របី ត្រូវ​ប្រុងប្រយ័ត្ន ហើយ​សួរនាំ​ឲ្យ​បានច្បាស់លាស់​ ពី​ប្រភព​នៃសាច់​ទាំងនោះ ព្រោះថា យើងត្រូវខ្លាច​ទិញប៉ះ​ចំសាច់​ក្លាស្សេ ដែល​នាំចូល​ពី​ឥណ្ឌា មាន​ផ្ទុកមេរោគ​កូ​វីដ​-១៩ ដូច​អ្វីដែល​មន្ត្រីគយចាប់បាន​នៅពេលនេះ​។​
​សូម​បញ្ជាក់ថា កាលពី​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០២១ ក្រសួងសុខាភិបាល បានប្រកាស​ឲ្យ​ប្រជាពលរដ្ឋ ប្រុងប្រយ័ត្ន ព្រោះ​មេរោគ​កូ​វីដ​-១៩ អាច​នៅរស់​នៅលើ​សាច់​កកៗ ដូច​ករណី​សាច់គោ សាច់​ក្របី ដែល​នាំចូល​ពី​ប្រទេស​ឥណ្ឌា ត្រូវមន្ត្រីគយ​ ចាប់បាន​នៅពេលនេះ។
កាលពី​ថ្មីៗនេះ ស្ថានទូត​ឥណ្ឌា ប្រចាំ​កម្ពុជា បញ្ជាក់ថា ប្រទេសឥណ្ឌា គឺជា​ទីផ្សារ​ដ៏​ធំ​មួយ​ នៃ​ការផ្គត់ផ្គង់​សាច់​ក្របី និង​អាហារ​នានា ហើយ​កម្ពុជា ក៏បាន​នាំចូល​សាច់​ក្របី​ពី​ឥណ្ឌា ក្នុងតម្លៃ ១៧,៧លាន​ដុល្លារ កាលពី​ឆ្នាំ​២០២០ គឺកើនឡើង​ពី ៦,៤លាន​ដុល្លារ ធៀប​នឹង​ឆ្នាំ​២០១៩​។
​កាលពី​ថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០២១ រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​ហាមឃាត់ មិន​ឲ្យ​នាំចូល​សាច់​បង្កក និង​ទំនិញ​បង្កក​ផ្សេងទៀត ដែល​ចាត់ទុកថា ជា «​ហានិភ័យ​ខ្ពស់​» ដែលមាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ-១៩ ដោយសារតែ​ប្រទេសឥណ្ឌា បន្តឆ្លង​ជំងឺកូ​វីដ​-១៩ ធ្ងន់ធ្ងរជាថ្មីទៀត៕
អត្ថបទដែលជាប់ទាក់ទង