ការស្តារប្រឡាយ បឹងទំពន់ បានបញ្ចប់ការងារ១០០ភាគរយហើយ ជាមួយនឹងសំរាមនិងស្មៅបណ្តែតទឹកជាង២៥០០ឡាន

ភ្នំពេញ៖ ការស្តារប្រឡាយ បឹងទំពន់ ដែលមានប្រវែងជិត៤គីឡូម៉ែត្រ ដើម្បីរំដោះការលិចលង់ដោយជំនន់ទឹកភ្លៀងក្នុងខណ្ឌចំនួន៥នៃរាជធានីភ្នំពេញ ពេលនេះបានឈានមកដល់ទីបញ្ចប់ ១០០ភាគរយហើយ ក្រោយពីក្រុមការងារបានធ្វើសកម្មភាពស្តារអស់រយៈ៤ខែរួចមក ដោយស្តារសំរាមនិងស្មៅបណ្តែតទឹកបានជាង២៥០០ឡានស្មើនិងជាង១ម៉ឺន២ពាន់ម៉ែត្រគូប។


លោក ដួង ចាន់សារ៉ាត់ ប្រធានអង្គភាពលូទឹក បូមទឹកនៃមន្ទីរសាធារណការ​ និងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងនៅព្រឹកថ្ងៃទី២៧ កក្កដានេះថា ដោយមានការយកចិត្តទុក្ខដាក់និងការចង្អុលណែនាំពីឯកឧត្តម ឃួង​ ស្រេង​ ជាអភិបាលរាជធានីភ្នំពេញ ក្នុងការដោះស្រាយ ការស្តារប្រពន្ធ័បង្ហូរទឹក​ជាពិសេសប្រឡាយមេនៅរាជធានីភ្នំពេញ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ដែលមានអង្គភាពលូទឹក បូមទឹក និងស្ថានីយ៍ចម្រោះទឹកកខ្វក់ បានធ្វើសកម្មភាពស្តារប្រឡាយបឹងទំពន់ បញ្ចប់១០០ភាគរយហើយ ក្រោយពីបានធ្វើសកម្មភាពស្តារអស់រយៈពេល៤ខែ ដេីម្បីរំដោះជំនន់ទឹកភ្លៀងនារដូវវស្សានេះ ។
លោក ដួង ចាន់សារ៉ាត់ បានបន្តទៀតថា ប្រឡាយបឹងទំពន់ មានប្រវែង ៣៧១០ម៉ែត្រទទឹង ៣០ម៉ែត្រ ពីប្រឡាយស្ទឹងមានជ័យ ដល់ ស្ថានីយបឹងទំពន់ផ្លូវ៣៧១ ។

ដោយចាប់ផ្តើមស្តារកាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ ហើយបានបញ្ចប់ជាស្ថាពរកាលពីថ្ងៃទី២៣ កក្កដា ដោយស្តារសំរាមនិងស្មៅបណ្តែតទឹកបាន២៥១០ឡានស្មើ១២០៥០ម៉ែត្រគូប។ ប្រឡាយនេះមានតួនាទីយ៉ាងសំខាន់ក្នុងការរំដោះទឹកពីប្រឡាយដើមស្លែង ប្រឡាយបារាំង ពិសេសរំដោះទឹកពីក្នុងខណ្ឌ ពោធិសែនជ័យ ខណ្ឌសែនសុខ ខណ្ឌទួលគោក និងមួយផ្នែកខ្លះក្នុងខណ្ឌចំការមន និងខណ្ឌ៧មករា។


លោក ដួង ចាន់សារ៉ាត់ បានសូមឱ្យបងប្អូនប្រជាពលរដ្ឋមេត្តាទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ទៅតាម ទីតាំង​ដែលក្រុមហ៊ុនប្រមូលសំរាមបានកំណត់ កុំបោះសំរាមចូលក្នុងប្រឡាយទឹក នាំបិទបាំងផ្លូវទឹកមិនអាចហូរដល់ស្ថានីយ៕

អត្ថបទដែលជាប់ទាក់ទង