បឹងកាដេជាតំបន់ដីសើមមួយកន្លែង ដែលមានទីតាំងភូមិសាស្រ្តស្ថិតនៅក្នុងឃុំជីនីក ឃុំរកាខ្នុរ និងឃុំឈូក នៃស្រុកក្រូចឆ្មារ
ខេត្តត្បូងឃ្មុំ៖ បឹងកាដេជាតំបន់ដីសើមមួយកន្លែង ដែលមានទីតាំងភូមិសាស្រ្តស្ថិតនៅក្នុងឃុំជីនីក ឃុំរកាខ្នុរ និងឃុំឈូក នៃស្រុកក្រូចឆ្មារ ហើយបឹងនេះសំបូរទៅដោយធនធានធម្មជាតិជាច្រើនសន្ធឹកសន្ធាប់រួមមានព្រៃលិចទឹក៧៥ប្រភេទ មច្ឆជាតិចំនួន៥៦ប្រភេទ សត្វស្លាបចំនួន ៦៤ប្រភេទ ល្មូនចំនួន២០ប្រភេទ ថនិកសត្វចំនួន០៩ប្រភេទ និងសិប្បីសត្វចំនួន១០ប្រភេទ ព្រមទាំងមានវត្តមានបណ្ដុំតែដើមចា ប្រមាណ ១០០ហិកតា និងបណ្ដុំតែផ្ដៅ និងល្ពាក់ប្រមាណ ៥០ហិកតា ដែលមានសក្ដានុពលសម្រាប់អភិរក្សសេនេទិច និងអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិផងដែរ។ ម្យ៉ាងវិញទៀត ក្នុងការចុះសិក្សា ក៏បានរកឃើញបញ្ហាប្រឈមមួយចំនួន ដូចជា ការលួចទន្ទ្រានកាន់កាប់ដីព្រៃខុសច្បាប់ ការលួចប្រើឧបករណ៍នេសាទខុសច្បាប់ សកម្មភាពបរបាញ់សត្វព្រៃ និងការប្រើប្រាស់ជីគីមី និងថ្នាំពុលកសិកម្មជាដើម។
ដើម្បីការពារធនធានធម្មជាតិទាំងនេះអោយបានគង់វង្ស នៅព្រឹកថ្ងៃចន្ទ ២រោច ទុតិយាសាឍ ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ នៅសាលាខេត្តត្បូងឃ្មុំ និងតាមរយៈប្រព័ន្ធZOOM នាយកដ្ឋានអភិរក្សតំបន់ដីសើមទឹកសាប នៃអគ្គនាយកដ្ឋានអភិរក្សរដ្ឋបាលការពារ និងអភិរក្សធម្មជាតិ នៃក្រសួងបរិស្ថាន បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ ស្តីពី ការដាក់តំបន់បឹងកាដេ ផ្ទៃដីទំហំ១៦៤៣ហិកតា ស្ថិតក្នុងភូមិសាស្រ្តស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ជាតំបន់ការពារធម្មជាតិ ក្រោមអធិបតីភាពឯកឧត្តម ចាយ សាមិត្ត រដ្ឋលេខាធិការក្រសួងបរិស្ថាន ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ មកពីក្រសួងពាក់ព័ន្ធ រដ្ឋបាលខេត្តត្បូងឃ្មុំ មន្ទីរស្ថាប័នពាក់ព័ន្ធចំណុះរដ្ឋបាលខេត្តត្បូងឃ្មុំ រដ្ឋបាលស្រុកក្រូចឆ្មារ និងឃុំពាក់ព័ន្ធ សរុបចំនួន៥០រូប។
សិក្ខាសាលាពិគ្រោះយោបល់នេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីពិភាក្សាប្រមូលធាតុចូល និងមតិគាំទ្រគ្រប់ស្ថាប័នក្នុងការដាក់បញ្ជូលតំបន់បឹងកាដេជាតំបន់ការពារធម្មជាតិ។ ជាមួយគ្នានេះ អង្គសិក្ខាសាលាក៏បានស្តាប់នូវបទបង្ហាញ ស្តីពីស្ថានភាពជីវៈចម្រុះ និងសក្តានុពលរបស់តំបន់បឹងកាដេ និងដំណើរការដាក់បញ្ចូលតំបន់បឹងកាដេ ជាតំបន់ធម្មជាតិ ដែលរៀបរៀងដោយនាយកដ្ឋានអភិរក្សតំបន់ដីសើមទឹកសាប។
ជាលទ្ធផលអង្គសិក្ខាសាលាមានការមានការឯកភាពក្នុងការដាក់បញ្ចូលបឹងកាដេជាតំបន់ការពារធម្មជាតិ៕