គម្រោងមណ្ឌលព្យាបាលអ្នកជម្ងឺកូវីដ១៩ កម្រឹតស្រាល១ថ្មីភូមិខ្លាកូនថ្មីនៅបន្ទាយមានជ័យអាចចំណុះបានជាង ៣០០០នាក់ បន្ថែមមណ្ឌលចត្តាឡីស័ក
ខេត្តបន្ទាយមានជ័យ ៖គម្រោងមណ្ឌលព្យាបាលអ្នកជម្ងឺកូវីដ១៩ កម្រឹតស្រាល ១កន្លែងទៀតដែលបាននឹងកំពុងរៀបចំទាំងថ្ងៃ ទាំងយប់ស្ថិតនៅភូមិខ្លាកូនថ្មីសង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យអាចដាក់ចំណុះបានជាង៣.០០០នាក់។
នេះបើតាមលោកហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណប្រាប់ថ្ងៃទី២៧ខែកក្កដាឆ្នាំ២០២១ ។
លោកបានបន្តថា៖ មណ្ឌលព្យាបាលអ្នកជម្ងឺកូវីដ១៩ កម្រឹតស្រាលនៅភូមិខ្លាកូនថ្មីនេះ មានផ្ទៃដី២ហិចតា ហើយមានរោង២ ដែលមានទំហំ១ហិចតា ។
លោកបន្តថា ៖ក្រុមការងាររបស់លោកនាយនាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានអនុគណៈកម្មការសាងសង់នៃគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ បាននឹងកំពុងសម្រុកសាងសង់និងជួសជុលអតីតសំណង់រោងចក្រមួយនេះ ទាំងថ្ងៃទាំងយប់ ។
ជាមួយគ្នា នោះដែរ គណៈកម្មការប្រយុទ្ធនឹងជម្ងឺកូវីដ១៩ ខេត្តបន្ទាយមានជ័យនិងបានការគាំទ្រពីថ្នាក់លើ បាននឹងកំពុងបន្ថែមមណ្ឌលចត្តាឡីស័ក២កន្លែងទៀត។
លោកឃូ ពៅ អភិបាលស្រុកព្រះនេត្រព្រះបានអោយដឹងថា ៖ ក្នុងស្រុកនេះ បាននឹងកំពុងរៀបចំមណ្ឌលចត្តាឡីស័កថ្មី១កន្លែងទៀតនៅវិទ្យាល័យហ៊ុន សែន ទឹកជោរឃុំទឹកជោរ សម្រាប់ទទួលពលករខ្មែរដែលបញ្ជូនត្រឡប់ពីប្រទេសថៃ ។វាអាចដាក់ចំណុះបានជិត ២០០០នាក់ដែរ ។
ពោលគឺក្នុងស្រុកនេះ ត្រូវមានមណ្ឌលចត្តាឡីស័កចំនួន៣កន្លែងគឺ១/នៅវិទ្យាល័យហ៊ុន សែន ជប់វារី ឃុំជប់វារី(ទីរួមស្រុក) ។២/ វិទ្យាល័យ ហ៊ុន សែន ឈ្នួរមានជ័យ ឃុំឈ្នួរមានជ័យ ។និង៣/ នៅវិទ្យាល័យទឹកជោរឃុំទឹកជោរនេះ សម្រាប់ដាក់ពលករណីប្រទេសថៃ។
រីឯលោករ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី បានអោយដឹងនាថ្ងៃទី២៧ខែកក្ដាថា៖ នៅស្រុកនេះ មានមណ្ឌលចត្តាឡីស័កធំៗកន្លែង គឺ១.នៅវិទ្យាល័យមង្គលបូរី។ ២.នៅវិទ្យាល័យហ៊ុន សែនមង្គលបូរី នៅឃុំឬស្សីក្រោក។និង៣/កំពុងរៀបចំមណ្ឌល់វិទ្យាល័យ ភ្នំធំ នៅឃុំអូរប្រាសាទ ដែលវាអាចដាក់ពលករវិលពីប្រទេសថៃ ចំនួនជាង ២០០០នាក់ ។
សូមរំលឹកថា ៖នៅខេត្តបន្ទាយមានជ័យ មានរៀបចំធ្វើ់ណ្ឌលចត្តាឡីស័កជាង២០កន្លែង នា៩ស្រុក ក្រុង ។
ក្នុងនោះ១ស្រុក/ ក្រុងមានមណ្ឌលចត្តាឡីស័ក១ទៅ៣កន្លែង ។
ចំណែកមណ្ឌលព្យាបាលនិងមន្ទីរពេទ្យព្យាបាលអ្នកជម្ងឺកូវិដ១៩ ជិត ២០កន្លែងដែរ ហើយមណ្ឌលបើកថ្មីៗ ទាំងនេះ នឹងប្រើប្រាសទ្រោលសភាពការណ៍ទទួលពលករខ្មែរវិលពីប្រទេសថៃ ៕