អ្នកលក់ដូរ នៅតាមដងផ្លូវតាមហាងនានា ក្នុងភូមិសាស្ត្ររាជធានី មិនអនុញ្ញាតឲ្យលក់ដូរហួសម៉ោង០៩យប់ទេ បើទោះបី ការលក់ដូរជាលក្ខណៈវេចខ្ចប់ក៏ដោយ
ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានធ្វើការណែនាំឱ្យអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ត្រូវធ្វើការណែនាំទៅដល់អ្នកលក់ដូរ នៅតាមដងផ្លូវនានា តាមហាងក្នុងរាជធានីភ្នំពេញគឺមិនអនុញ្ញាតឲ្យមានការលក់ដូរហួសម៉ោង០៩យប់នោះទេ បើទោះបី ការលក់ដូរនោះ ជាលក្ខណៈវេចខ្ចប់ក៏ដោយ។
ការណែនាំបែបនេះរបស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានធ្វើឡើង កាលពីរាត្រីថ្ងៃទី៣១ កក្កដា ខណៈដែលឯកឧត្តមដឹកនាំមន្ត្រីនិងកម្លាំងមានសមត្ថកិច្ចចំណុះ ឲ្យគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ចុះពិនិត្យស្ថានភាពជាក់ស្ដែង នៅតាមគោលដៅបិទបម្រាមគោចរមួយចំនួននៅក្នុងរាជធានីភ្នំពេញ ដើម្បីពង្រឹងគោលដៅទាំងនោះ អោយមានភាពម៉ឺងម៉ាត់និងទទួលខុសត្រូវខ្ពស់ ទៅតាមសេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចជាសេចក្តីសម្រេចរបស់សម្តេចតេជោ ហ៊ុន សែន ដែលត្រូវបិទការធ្វើចរាចរណ៍ចាប់ពីម៉ោង០៩រហូតដល់ម៉ោង០៣ភ្លឺ ដើម្បីបង្ការនិងទប់ស្កាត់ជម្ងឺកូវីដ-១៩ ពិសេសជំងឺកូវីដ-១៩ បំលែងថ្មីដែលតា ។
បន្ថែមពីលើនេះ ឯកឧត្តម ឃួង ស្រេង ក៏បានធ្វើការណែនាំឱ្យកងកម្លាំង អាជ្ញាធរមានសមត្ថកិច្ចទាំងអស់ត្រូវពង្រឹងតាមគោលដៅដោយភាពម៉ឺងម៉ាត់និងមិនមានការយោគយល់ ចំពោះអ្នកដែលល្មើសទៅនឹងសេចក្ដីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងការបិទមិន ឲ្យធ្វើចរាចរណ៍ចាប់ពីម៉ោង៩យប់រហូតទៅដល់ម៉ោង៣ភ្លឺនេះ ពិសេសខណ្ឌនៅជាយក្រុង គឺមិនអនុញ្ញាតិអោយចូលក្រុងឡើយ។
គួរបញ្ជាក់ថា ៖ក្នុងរាត្រីថ្ងៃទី២នេះឯកឧត្តម ឃួង ស្រេងបានចុះពិនិត្យ គោលដៅត្រួតពិនិត្យ នៅក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ ខណ្ឌកំបូល ខណ្ឌដង្កោ ខណ្ឌមានជ័យ ខណ្ឌចំការមន ខណ្ឌដូនពេញនិងខណ្ឌជ្រោយចង្វារ ដើម្បីឲ្យកម្លាំងមានសមត្ថកិច្ចទាំងអស់ពង្រឹងការងារឲ្យបានម៉ឺងម៉ាត់ និងគ្មានការលើកលែងចំពោះអ្នកដែលល្មើសនឹងបម្រាមនេះ ពោលគឺមិនអនុញ្ញាតឲ្យមានការធ្វើចរាចរណ៍ចាប់ពីម៉ោង០៩រហូតទៅដល់ម៉ោង៣ភ្លឺឡើយ ក្នុងរយៈពេល១៤ថ្ងៃ ដោយគិតចាប់ពីម៉ោង ២៣:៥៩ នាទី នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ។
ចំពោះអ្នកដែលល្មើស សម្រាប់ម៉ូតូ គឺត្រូវផាកពិន័យចំនួន២០ម៉ឺនរៀល ឯរថយន្តត្រូវផាកពិន័យចំនួន ១ លានរៀល ដោយមិនមានការលើកលែងឡើយ៕ អរគុណសន្តិភាព