ច្រកចូលផ្លូវមួយចំនួនក្នុងភូមិ៥ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ដែលមានការឆ្លងរាលដាលមេរោគបំប្លែងថ្មី Delta អាជ្ញាធររាជធានីភ្នំពេញ សម្រេចបិទខ្ទប់

ភ្នំពេញ៖ នៅរសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១នេះ អាជ្ញាធររាជធានីភ្នំពេញ បានចេញសេចក្តីសម្រេច បិទខ្ទប់ច្រកចូលផ្លូវមួយចំនួនក្នុងភូមិ៥ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ដែលមានការឆ្លងរាលដាលមេរោគបំប្លែងថ្មី Delta។
យោងសេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់យ៉ាងដូច្នេះថា «ត្រូវបានការបិទខ្ទប់មិនឱ្យមានការចេញ-ចូល នូវច្រកផ្លូវលេខ ៣៧២, ៣៧២Z, និងផ្លូវលេខ ៣៦២ ស្ថិតក្នុងភូមិ៥ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ដែលមានការឆ្លងរាលដាលនៃមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) សម្រាប់រយៈពេល១៤ថ្ងៃ ចាប់ពីម៉ោងសូន្យ ថ្ងៃទី៣ ដល់ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនូវមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) នៅក្នុងសហគមន៍»។
រដ្ឋបាលរាជធានីភ្នំពេញបន្ថែមថា ក្នុងអំឡុងពេលនៃការអនុវត្តវិធានការបិទខ្ទប់ ត្រូវបានហាមឃាត់រាល់ការចេញ-ចូល និងរាល់ការជួបជុំឬ ការប្រមូលផ្តុំមនុស្ស ក្នុងទីតាំងខាងលើលើកលែងតែករណីចំបាច់ដូចជា -ការចេញចូល ដោយមូលហេតុសុខភាពបន្ទាន់ -ការចេញចូល ដើម្បីផ្តល់វត្ថុសំណាកធ្វើតេស្តរកជំងឺកូវីដ-​១៩ តាមការណែនាំរបស់អាជ្ញាធរមូលដ្ឋាន -ការវិលត្រឡប់ទៅលំនៅឋាន ឬ ទីសំណាក់របស់ខ្លួនវិញរបស់បុគ្គល ដែលបានបញ្ចប់ការធ្វើបត្តាឡីស័ក និងអ្នកជំងឺចេញពីមន្ទីរពេទ្យ ឬ កន្លែងសម្រាកព្យាបាល ចូលក្នុងទីតាំងបិទខ្ទប់ ដោយមានការសម្របសម្រួល របស់អាជ្ញាធរមានសមត្ថកិច្ច -ការចេញចូល និងការជួបជុំរបស់បុគ្គលិកសុខាភិបាល និងអាជ្ញាធរមានសមត្ថកិច្ច ដើម្បីអនុវត្តវិធានការសុខា​ភិបាល ក្នុងការស្រាវជ្រាវ ទប់ស្កាត់ និងកាត់ផ្ដាច់ការឆ្លងរាលដាលនូវមេរោគបំ​ប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) នៅក្នុងសហគមន៍ -ការចេញចូល និងការ​ជួបជុំរបស់អាជ្ញាធរមានសមត្ថកិច្ច ដើម្បីផ្គត់ផ្គត់គ្រឿងឧបភោគ-បរិភោគចាំបាច់ក្នុងអំឡុងពេលបិទខ្ទប់ -ការចេញចូល និងការជួបជុំរបស់អាជ្ញាធរមានសមត្ថកិច្ច និងកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់លំដាប់ថ្នាក់ ក្នុងការបំពេញការ​ងារ​ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ។
ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ បានប្រគល់ភារកិច្ច ជូនរដ្ឋបាលខណ្ឌទួលគោក ដើម្បីបង្កើតក្រុមការងារប្រចាំការ នៅទីតាំងដែលត្រូវបិទខ្ទប់ ក្នុងនោះក្រៅពីភារកិច្ចអនុវត្តវិធានការរដ្ឋបាលក្នុងការបិទខ្ទប់ ត្រូវបំពេញការងារអាទិភាពជា ការងារផ្នែកសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ការងារផ្គត់ផ្គង់គ្រឿងឧបភោគ-បរិភោគចាំបាច់ ជូនប្រជាពលរដ្ឋដែលមានការខ្វះខាតក្នុងទីតាំងបិទខ្ទប់ ការងារទាក់ទងនឹងការអនុវត្តវិធានការសុខាភិបាល និងការផ្តល់សេវាសុខាភិបាលទូទៅ។
សេចក្តីសម្រេចដដែលបញ្ជាក់ថា រាល់ការចេញចូល និងការជួបជុំ ឬការប្រមូលផ្តុំមនុស្ស ដែលត្រូវបានលើកលែងខាងលើនេះ ត្រូវអនុវត្ត វិធានការសុវត្ថិភាពផ្នែកសុខាភិបាលឱ្យបានម៉ឺងម៉ាត់ ជាអាទិ៍ កាតព្វកិច្ចពាក់ម៉ាស កាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ការធ្វើអនាម័យដើម្បីសម្លាប់មេរោគ ការវាស់កម្តៅ និងត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការ «៣ ការពារ និង ៣ កុំ» របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕
អត្ថបទដែលជាប់ទាក់ទង