ឯកឧត្តម អ៉ិត សំហេង ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលបេឡាជាតិរបបសន្តិសុខសង្គមលើកទី៧ អាណត្តិទី១
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃបេឡាជាតិរបបសន្តិសុខសង្គម នាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលបេឡាជាតិរបបសន្តិសុខសង្គមលើកទី៧ អាណត្តិទី១ តាមរយៈប្រព័ន្ធវីដេអូ ដើម្បីពិភាក្សាលើរបៀបវារៈ រួមមាន៖
១. សេចក្តីព្រាងថវិកាឆ្នាំ២០២២ របស់បេឡាជាតិរបបសន្តិសុខសង្គម
២. សំណើសុំគោលការណ៍ពិនិត្យលទ្ធភាពកែសម្រួលអត្រាភាគទានសម្រាប់បុគ្គលទាំងឡាយ ដែលស្ថិតនៅក្រោមច្បាប់ស្តីពីការងារ
៣. បញ្ហាផ្សេងៗ
នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងនូវការកោតសរសើរ និងអរគុណដល់សមាជិកក្រុមប្រឹក្សាភិបាលទាំងអស់ ដែលបានខិតខំរៀបចំនូវសេចក្តីព្រាងឯកសារទាំងនេះឡើង ដើម្បីដាក់ជូនកិច្ចប្រជុំក្រុមប្រឹក្សាភិបាលពិនិត្យ និងពិភាក្សានាពេលនេះ។
អង្គប្រជុំបានពិនិត្យ និងផ្តល់យោបល់លើរបៀបវារៈនីមួយៗ ដោយអនុលោមតាមច្បាប់ និងបទដ្ឋានគតិយុត្តិដែលមានជាធរមាន ដើម្បីធ្វើយ៉ាងណាឲ្យការអនុវត្តប្រកបដោយប្រសិទ្ធភាព។
ទន្ទឹមនោះ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង ក៏បានស្នើដល់សមាជិកក្រុមប្រឹក្សាភិបាល ត្រូវបន្តសិក្សាស្រាវជ្រាវ និងរៀបចំលិខិតបទដ្ឋានបន្ថែមទៀតឲ្យបានគ្រប់ជ្រុងជ្រោយ ស្របតាមច្បាប់ស្តីពីរបបសន្តិសុខសង្គម និងរៀបចំយន្តការអនុវត្តតាមគោលការណ៍នានារបស់រាជរដ្ឋាភិបាល សំដៅធានាបាននូវសុខុមាលភាព និងជីវភាពរបស់ប្រជាពលរដ្ឋប្រកបដោយចីរភាព៕