ក្រសួងព័ត៌មានកំពុងពិនិត្យលទ្ធភាពក្នុងការត្រៀមរៀបចំវេទិកាតុមូលនិពន្ធនាយកសារព័ត៌មានលើកទី១៣ ដែលគ្រោងធ្វើភ្ជាប់ជាមួយកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប នាខែវិច្ឆិកាខាងមុខ

ភ្នំពេញ៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មានបានណែនាំ និងបានជំរុញដល់ថ្នាក់ដឹកនាំ និងក្រុមការងាររៀបចំកិច្ចការងារប្រជុំកំពូលអាស៊ី-អឺរ៉ុប របស់ក្រសួងព័ត៌មានឱ្យពិនិត្យអំពីលទ្ធភាព ក្នុងការត្រៀមរៀបចំវេទិកាតុមូលនិពន្ធនាយកសារព័ត៌មានលើកទី១៣ ដែលគ្រោងធ្វើភ្ជាប់ជាមួយកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ ដែលប្រព្រឹត្តទៅនៅខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខនេះ។

បើយោងតាមការបញ្ជាក់របស់ឯកឧត្តម មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន នៅក្នុងឱកាសនៃកិច្ចប្រជុំប្រចាំសប្តាហ៍ថ្នាក់ដឹកនាំក្រសួងព័ត៌មាន តាមរយៈកិច្ចប្រជុំតាម ប្រព័ន្ធជាលក្ខណៈ Hybrid ប្រជុំចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធ Zoom នៅ ព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ នៅទីស្ដីការក្រសួងព័ត៌មាន។ ក្នុងឱកាសនោះដែរ ឯកឧត្តម ខៀវ កាញារីទ្ធ បានណែនាំទៅដល់ក្រុមការងារ ដែលទទួលបន្ទុករៀបចំកិច្ចការងារនេះ ធ្វើយ៉ាងណាឱ្យពិនិត្យលទ្ធភាពនៅក្នុងការរៀបចំវេទិកាតុមូលតាមប្រព័ន្ធអនឡាញឱ្យបានល្អ និងមានគុណភាព ដើម្បីកុំឱ្យមានភាពរអាក់រអួល។ ឯកឧត្ដមរដ្ឋមន្រ្ដីក៏បានស្នើឱ្យក្រុមការងារ ត្រូវរកទីកន្លែងធ្វើជាទីតាំងមណ្ឌលព័ត៌មាន សម្រាប់រៀបចំជាវេទិកាសាធារណៈ ដែលមានការចូលរួម រវាងអ្នកសារព័ត៌មាន ក្នុងស្រុក និងអ្នកសារព័ត៌មានជានិពន្ធនាយក នៃប្រទេសជាសមាជិកអាស៊ី-អឺរ៉ុប ផងដែរ។ ឯកឧត្ដមរដ្ឋមន្រ្ដីបានជំរុញដល់ក្រុមការងារទាំងអស់ត្រូវធ្វើកិច្ចសហការសាមគ្គីគ្នា ក្នុងការត្រៀមរៀបចំឱ្យបានល្អ ព្រោះវាជាកិត្តិយស របស់ព្រះរាជាណាចក្រកម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ ក៏ដូចជារៀបចំព្រឹត្តការណ៍អមផ្សេងៗ រួមទាំងវេទិកានិពន្ធនាយក នេះផងដែរ។ ក្នុងឱកាសនៃកិច្ចប្រជុំប្រចាំសប្ដាហ៍នេះដែរ ឯកឧត្ដម ខៀវ កាញារីទ្ធ ក៏បានលើកឡើងថា ក្រសួងព័ត៌មាន គ្រោងនឹងសហការជាមួយនឹង TikTok ដែលជាប្រព័ន្ធបណ្ដាញសង្គមថ្មី ដើម្បីធ្វើការផលិតជាសារអប់រំ និងជាវីដេអូ ឃ្លីប ផ្សេងៗ ស្ដីអំពីការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋបានកាន់តែយល់ដឹងច្បាស់បន្ថែមទៀត ដើម្បីការពារខ្លួនឱ្យចៀសផុតពីការឆ្លងនៃជំងឺកូវីដនេះ៕ by AKP

អត្ថបទដែលជាប់ទាក់ទង