ការស្រោចស្រង់ព្រះវិហារអាយុកាល១០០ឆ្នាំ ត្រូវបានជជែកពិភាក្សាយ៉ាងក្តៅគគុក
ខេត្តកំពត៖ បច្ចុប្បន្ន មាននិន្នាការនៃការវាយកំទេចវិហារចាស់ ដើម្បីសាងសង់វិហារថ្មី ស្ទើរនៅគ្រប់ខេត្តក្រុង ហើយបញ្ហានេះបានបណ្តាលឲ្យមានការជជែកពិភាក្សាយ៉ាងក្តៅគគុក ក្នុងស្រទាប់មហាជន។ ព្រះវិហារនៃវត្តទួលខ្សាច់ ហៅវត្តកោះផ្តៅ ជាវិហារបុរាណមួយក្នុងចំណោមវិហារដែលគ្រោងវាយកំទេចចោល។
ព្រះវិហារនេះ ស្ថិតនៅក្នុងវត្តទួលខ្សាច់ ភូមិកោះផ្តៅ ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត។ ព្រះវិហារវត្តកោះផ្ដៅ កសាងនៅរវាងឆ្នាំ១៩២០-១៩៣០។ ក្រៅពីវិហារចំណាស់ នៅមានសំណង់ចេតិយដែលសង់នៅព.ស.២៤៦៥ (គ.ស.១៩២១) ហើយចេតិយនេះរង់ចាំសប្បុរសជនជួយជាថវិកាសម្រាប់ការជួសជុលនិងពង្រឹង។ ក្នុងសម័យខ្មែរក្រហម ព្រះវិហារនេះ ក្លាយជាកន្លែងកាត់សម្លៀកបំពាក់ (សម្រាប់កម្មាភិបាល) និង ជាជង្រុកស្រូវ។ ដោយសារកត្តាមនុស្ស ធម្មជាតិ និងអាយុកាល ធ្វើឲ្យព្រះវិហារមួយនេះទទួលរងការខូចខាត។
ដោយយល់ឃើញពីសារសំខាន់នៃសំណង់បុរាណនេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានស្វែងរកថវិកាសម្រាប់ក្រុមជំនាញនៃអគ្គនាយកដ្ឋានបេតិកភណ្ឌ ដើម្បីជួសជុល។
ក្នុងការងារជួសជុល ក្រុមការងារជំនាញ បានរក្សានូវទម្រង់និងបច្ចេកទេសបង្គុំនានាតាមលំអានចាស់ មានដូចជា៖ គ្រឿងបង្គុំដំបូល ក្បឿង និង គ្រឿងលម្អស្ថាបត្យកម្មនៅដំបូល រួមមាន ហោជាង នាគដងក្តារ នាគចែង ព្រំដំបូល ជហ្វារ កិន្នរ គ្រុឌ ក្បាច់ចម្លាក់តាមសសរត្រូវជួសជុលនិងចម្លងឡើងវិញតាមទីតាំងដែលបាត់និងខូចខាត។ ដោយឡែកគំនូរបុរាណក្នុងព្រះវិហារ ក្រុមការងារមិនបានជួសជុលនោះទេ ដ្បិតផ្ទៃគំនូរជិត៨០%នៅល្អ ហើយម្យ៉ាងទៀត ដោយសារមានព័ត៌មានផ្សេងៗ ទាក់ទងនឹងសម័យខ្មែរក្រហម ហេតុនេះក្រុមការងាររក្សាទុកនៅដដែល។
ក្រៅពីការជួសជុលពង្រឹងរចនាសម្ព័ន្ធព្រះវិហារ ក្រុមជំនាញបានទាក់ទងមន្ត្រីសារមន្ទីរទួលស្លែងឲ្យចុះសិក្សា ប្រមូលចងក្រង និងស្រង់ទិន្នន័យនានានៅលើជញ្ជាំងដែលទាក់ទងនឹងសម័យខ្មែរក្រហម។
ជាលទ្ធផល ក្រុមការងារប្រមូលទិន្នន័យពីគំនូសសញ្ញាលើជញ្ជាំង បានចំនួន៨៣ផ្ទាំង។ ខ្លឹមសាររួមនៃទិន្នន័យដែលស្រង់បាន គឺបង្ហាញពីកំណត់ហេតុការងារប្រចាំថ្ងៃ គំនូសសញ្ញាជាចំនួន សារនយោបាយបដិវត្តន៍របស់ខ្មែរក្រហម ព្រមទាំងរូបទាហានជាដើម។ ឧទាហរណ៍៖ «[ថ្ងៃទី] 2.ប៉ាស់8 [កាត់ដេរ] សំពត់2 ខោ1 អង់រឹង1, …[ថ្ងៃទី] 18. ប៉ាស់1 អាវក្មេង1, …[ថ្ងៃទី] 29 ឈឺ…» «…មិត្តយើងអើង ប្រទេសកម្ពុជា» «១.៣.១៩៧៨» និងឃ្លាមួយសំខាន់គឺ «កម្ពុជាប្រ.ធិបតេយ្យ ក្រោមការដឹកនាំដ៏ត្រឹមត្រូវនឹងភ្លឺស្វាងនឹងទ័ពបដិវតកម្ពុជានៃបក្សកុម្មុយនីស្តកម្ពុជា ប្រជាជន…» ។
ព្រះវិហារនេះ ជួសជុលរួចរាល់ទាំងស្រុងកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១។
ប្រភព ៖ អគ្គនាយកដ្ឋានបេតិកភណ្ឌ