អាជ្ញាធរខណ្ឌចំការមន ចុះកាយអាចម៍ដីដែលគេរំលោភ ចេញពីអាងស្តុកទឹកបឹងត្របែក ជាមួយនិងការ ស្ថាបនាផ្លូវព័ទ្ធជុំវិញ
ភ្នំពេញ៖ ក្រោយទទួលបានបទបញ្ជាពី លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លោក ថេង សុថុល អភិបាលខណ្ឌចំការមន បានដឹកនាំកម្លាំង មន្ត្រីជំនាញ ចុះដាក់គ្រឿងចក្រ កាយយកអាចម៍ដីដែលគេរំលោភចេញពីផ្ទៃអាងស្តុកទឹកបឹងត្របែក រួចរាល់អស់ហើយខណៈគ្រឿងចក្របាននិងកំពុងធ្វើការស្ថាបនាផ្លូវទំនប់ខ្នងប្រឡាយព័ទ្ឋជុំវិញផ្ទៃអាងស្តុកទឹកបឹងត្របែង និងឈួសឆាយដី បើកផ្លូវលេខ៤៩៦ និងផ្លូវ៤៩០ ដោយមានខ្នងទំនប់ព័ទ្ឋផ្ទៃបឹង រហូតដល់ផ្លូវ២៧១ ។
បើតាមការបញ្ជាក់ពីអភិបាលខណ្ឌចំការមន ខណៈដែលលោកដឹកនាំមន្ត្រីជំនាញចុះ កាយយកអាចម៍ដីចេញដែលគេលួចចាក់ចូលផ្ទៃអាងស្តុបទឹក និង វាស់វែង បើកផ្លូវចំនួន៣ខ្សែ ក្រោយពីអាជ្ញាធរ ចុះអនុវត្តវិធានការ រដ្ឋបាលរុះរើសំណង់មិនរៀបរយ និងការចាក់ដី រំលោភ ទន្ទ្រានលើផ្ទៃបឹងត្របែក ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ។
លោក ថេង សុថុល បានឲ្យដឹងថា ការចុះអនុវត្តវិធានការរដ្ឋបាលរុះរើទីតាំងខាងលើ ក្រោយពីមានការណែនាំពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញេ ។ ជាក់ស្តែងអាជ្ញាធរបានពិនិត្យឃើញថា មានជនមួយក្រុម បានធ្វើការដឹកជញ្ជូនគ្រឿងចក្រ ដឹកអាចម៍ដីមកចាក់រំលោភយកផ្ទៃអាងស្តុបទឹកបឹងត្របែក ព្រមទាំងមាន ការសាងសង់សំណង់ផ្សេងៗ រួចបន្លំចាក់ដីពង្រីកបន្ថែមដើម្បីបំភ័ន្តថា ជាដីដែលបានបង្កបង្កើនផល មានការដាំដុះ ដំណាំផ្សេងៗ ព្រមទាំងមានរោងចិញ្ចឹមសត្វមាន់ ទា ផងដែរ ។
លោកអភិបាលខណ្ឌចំការមនបានបញ្ជាក់ថា ទង្វើទាំងអស់នេះ ជាការបំពាន និងរំលោភច្បាប់ធ្ងន់ធ្ងរ ព្រោះបាន រំលោភយកផ្ទៃអាងស្តុបទឹក ដែលជាបឹងធំមួយនៅកណ្តាលរាជធានីភ្នំពេញ។
លោកបានបន្ថែមថា ក្នុងនាមអាជ្ញាធរដែនដី ក៏ដូចជាមន្ត្រីជំនាញ មិនអនុញ្ញាតិឲ្យជនខិលខួចបន្តលួចសាងសង់សំណង និងចាក់ដីរំលោភច្បាប់បែបនេះបានឡើយ ទង្វើរបស់ពួកគេបានរំលោភលើអនុក្រឹត្យ របស់ប្រមុខរាជរដ្ឋាភិបាល លេខ២២១ អនក្រ.បក ស្តីពី ការកំណត់ផ្ទៃអាងស្តុបទឹកបឹងត្របែក ស្ថិតក្នុងរាជធានីភ្នំពេញ ជាសម្បត្តិសាធារណៈរបស់រដ្ឋ ។
ពាក់ព័ន្ធនិងបញ្ហារំលោភផ្ទៃអាងបឹងត្របែកនេះដែរ អាជ្ញាធរខណ្ឌចំការមនតែងតែ ចុះធ្វើការផ្សព្វផ្សាយនិងអំពាវនាវដល់ ប្រជាពលរដ្ឋក្នុងមូលដ្ឋាន សូមកុំឲ្យមានការសាងសង់សំណង់ផ្សេងៗរំលោភលើផ្ទៃបឹង ដែលជាអំពើសុខច្បាប់។ បើទោះបីមានការផ្សពផ្សាយបែបនេះក្តី ក៏នៅតែមានប្រជាពលរដ្ឋមួយចំនួន រឹងទទឹង បន្តរំលាភនិងសាងសង់សំណង់ មិនស្តាប់តាមការណែនាំរបស់អាជ្ញាធរឡើយ។ ដូច្នេះក្នុងនាមអាជ្ញាធរ ត្រូវតែចាត់វិធានការ រដ្ឋបាលដាច់ខាត ដោយមិនអនុញ្ញាតិឲ្យមានការរំលោភលើផ្ទៃអាងស្តុបទឹកបឹងត្របែកនេះទេ ចំពោះអ្នកដែលបានទិញផ្ទៃបឹងត្របែក គឺគ្មានអាជ្ញាធរណាហ៊ានចុះហត្ថលេខាទទួលស្គាល់ឡើយ ពីសេសចំពោះ ការទិញលក់ក្នុងទីផ្សារងងឹតដែលគ្មានភាពស្របច្បាប់ សូមបញ្ឈប់កុំប្រថុយ ព្រោះជាទង្វើល្មើសនិងច្បាប់ ៕