រដ្ឋបាលរាជធានី អនុវត្តការងារបានយ៉ាងល្អទាំងការទប់ស្កាត់បទល្មើសផ្សេងៗ និងការទប់ស្កាត់ជំងឺកូវីដ-១៩ ពិសេសវីរុសបំម្លែងថ្មី(ដែលតា)
ភ្នំពេញ៖ ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានថ្លែងការកោតសរសើរយ៉ាងខ្លាំងចំពោះរដ្ឋបាលរាជធានីភ្នំពេញ ដែលបានដឹកនាំ អនុវត្តការងារបានយ៉ាងល្អប្រសើរ ទាំងការទប់ស្កាត់បទល្មើសផ្សេងៗ និងការអនុវត្តវិធានសុខាភិបាល ក្នុងការទប់ស្កាត់នូវការរីករាលដាលនូវជំងឺកូវីដ-១៩ ពិសេសវីរុសបំម្លែងថ្មី(ដែលតា)។
ឯកឧត្តម ប៉ា សុជាតិវង្ស បានសម្ដែងការកោតសរសើរបែបនេះ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញនាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១នេះ ក្រោមវត្តមាន ឯកឧត្តម ប៉ា សុជាតិវង្សប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញនិងឯកឧត្តម ឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។
ឯកឧត្តម ប៉ា សុជាតិវង្ស បានមានប្រសាសន៍លើកឡើងថា អាជ្ញាធររាជធានីភ្នំពេញ ពិតជាអនុវត្តការងារបានយ៉ាងល្អ ទាំងការបង្ក្រាបបទល្មើសផ្សេងៗ ការគ្រប់គ្រងសំណល់រឹង វិធានការច្បាប់ជុំវិញការរុះរើបែរត្រីមិនរៀបរយតាមដងទន្លេ ពិសេស ការអនុវត្តវិធានសុខាភិបាល រដ្ឋបាលរាជធានីភ្នំពេញបានអនុវត្តបានយ៉ាងល្អប្រសើរ ដែលធ្វើឱ្យ covid-19 មិនមានការរីករាលដាលខ្លាំងឡើង។
ឯកឧត្តមបន្ថែមថា ការព្រួយបារម្ភរបស់រាជរដ្ឋាភិបាលនិងប្រជាពលនោះគឺ វីរុសបំប្លែងថ្មីប្រភេទដែលតា ប៉ុន្តែទោះបីជាយ៉ាងណាក្តី រដ្ឋបាលរាជធានីភ្នំពេញនៅតែគ្រប់គ្រងបានយ៉ាងល្អ ដោយមិនមានការរីករាលដាលនោះទេ។ ដូចពាក្យចាស់លោកពោលថា ការពារប្រសើរជាងព្យាបាល «ការអនុវត្ត ៣ការពារនិង៣កុំ» ពិតជាមានអត្ថប្រយោជន៍យ៉ាងសំខាន់បំផុតក្នុងកិច្ចការពារជំងឺរីករាលដាល-១៩នេះ។
ក្នុងឱកាសនោះឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍លើកឡើងផងដែរថា ៖ការបិទបំរាមគោចរ ពិតជាមានអត្ថប្រយោជន៍ខ្លាំងខ្លាក្នុងការ កាត់បន្ថយការរីករាលដាលជំងឺកូវីដ-១៩ ដោយក្នុងយុទ្ធនាការនៃការបិទការធ្វើចរាចរណ៍នៅពេលយប់នេះ ធ្វើឲ្យការឆ្លងរីករាលដាលជំងឺកូវីដ-១៩ មានការថយចុះយ៉ាងខ្លាំង។
ឯកឧត្តម ឃួង ស្រេង ក៏បានសម្តែងនូវអរគុណយ៉ាងជ្រាលជ្រៅផងដែរ ចំពោះមន្ត្រីរបស់យើង និងក្រុមគ្រូពេទ្យដែលបានបំពេញការងារ អស់ពីកម្លាំងកាយចិត្ត ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ រហូតដល់ទទួលបានការកោតសរសើរ ពីប្រមុខរាជរដ្ឋាភិបាលនិងប្រជាពលរដ្ឋ។
ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងទៀតថា នៅពេលប្រទេសជាតិ មានអាសន្ន យើងមានមន្ត្រីល្អៗ ចុះអនុវត្តការងារ ដើម្បីបំរើផលប្រយោជន៍ប្រជាពលរដ្ឋ ផលប្រយោជន៍ថ្នាក់ដឹកនាំនិងផលប្រយោជន៍សង្គមជាតិ ឯកឧត្តមបន្តថា សមិទ្ធផលជាធនធានមនុស្សនេះ គឺជាសមិទ្ធផលបានមកពីសម្ដេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រី ដោយសម្ដេច បានបណ្ដុះបណ្ដាលធនធានមនុស្សទាំងនេះតាំងពីក្រោយថ្ងៃ ០៧ មករា ១៩៧៩ មកម្ល៉េះ៕