ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញពិនិត្យមើលក្រុមការងារកងកម្លាំងចម្រុះ គ្រូពេទ្យ សម្របសម្រួលពិនិត្យសុខភាព ធ្វើតេសរហ័ស បងប្អូនត្រឡប់មកពីប្រទេសថៃ
ខេត្តបន្ទាយមានជ័យ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយ លោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការងយោធភូមិភាគទី៥ មេបញ្ជាការទិសទី១ ថ្នាក់ដឹកនាំមន្ត្រីសុខាភិបាលខេត្ត កងកម្លាំងប្រដាប់អាវុធ បានអញ្ជើញពិនិត្យមើលក្រុមការងារកងកម្លាំងចម្រុះ គ្រូពេទ្យ សម្របសម្រួលពិនិត្យសុខភាព ធ្វើតេសរហ័ស បងប្អូនត្រឡប់មកពីប្រទេសថៃ នៅច្រកអូរបីជាន់ និងច្រកបឹងត្រកួន ដើម្បីយកទៅធ្វើចត្តាឡីស័កបន្តនៅតាមមណ្ឌលចត្តាឡីស័ក និងករណីមានអ្នកវិជ្ជមានកូវីដ១៩ យកទៅកន្លែងព្យបាលនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ ។
ដោយសាររយៈពេល១៤ថ្ងៃមកនេះ បងប្អូនពលករដែលមកពីប្រទេសថៃ មិនអនុញ្ញាត្តអោយចូលមកក្នុងប្រទេសតាមសារាចរណែនាំរបស់រាជរដ្ឋាភិបាល ក្នុងថ្ងៃទី១៣ ខែសីហា ចាប់ផ្តើមបើកដំណើរការទទួលបងប្អូនមកពីប្រទេសតាមច្រកមួយចំនួនដែលបានរៀបចំក្រុមការងារប្រចាំក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ដូចជាច្រកអូរបីជាន់ ច្រកបឹងត្រកួន និងច្រកចំបក់ជាដើម គេសង្កេតឃើញមានបងប្អូនពលករបានត្រឡប់មកវិញ និងអ្នកមកមុនដែលស្នាក់នៅតាមព្រំដែន មានចំនួនច្រើនជាងសព្វមួយដង។
ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ទោះបីជាបងប្អូនមកមានចំនួនច្រើនជាងធម្មតា តែក្នុងនាមគណៈបញ្ជការឯកភាពខេត្ត រួមជាមួយកងកម្លាំងទាំងអស់ មន្ត្រីសុខាភិបាល មន្ត្រីពាក់ព័ន្ធ បានរៀបចំត្រៀមលក្ខណៈទាំងអស់ ដើម្បីចាត់ចែងសម្របសម្រួលបងប្អូនពលករឲ្យបានល្អ តាមវិធានសុខាភិបាល និងបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាលសម្តេចតែងគិតគូរខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋទាំងអស់ គ្រប់កាលៈទេសៈ។
ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានណែនាំកងកម្លាំងចម្រុះមានកម្លាំងនគរបាលការពារព្រំដែន អាវុធហត្ថ កម្លាំងយោធា មន្ត្រីសុខាភិបាលទាំងអស់ ត្រូវពង្រឹងការទប់ស្កាត់ការឆ្លងដែនខុសច្បាប់ក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ១៩ ឲ្យបានតឹងរឹង ធានាការពារការរីករាលដាលនៃជំងឺកូវីដ.១៩ ដើម្បីទប់ស្កាត់ កាត់ផ្តាច់ការចម្លងមេរោគកូវីដ១៩ ពិសេសកូវីដ១៩ delta ។
ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត ក៍បានរំលឹកបន្ថែមដល់កងកម្លាំង មន្ត្រីសុខាភិបាលនៅតាមបន្ទាត់ព្រំដែនទាំងអស់ត្រូវ បង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុតក្នុងការការពារ និងទប់ស្កាត់ឲ្យខាងតែបាននូវរោគរាតត្បាត នៃជំងឺកូវីដ-១៩នេះ ហើយចូលរួមធ្វើអនាម័យឲ្យបានគ្រប់ៗគ្នា ត្រូវចូលរួមអនុវត្តឲ្យបាន “៣ការពារ និង៣កុំ” តាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ ក៏ដូចជាក្រសួងសុខាភិបាលបានដាក់ចេញ ក្នុងនោះមាន ៖ ៣ការពារ ៣កុំ ។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានផ្តល់ថវិកាមួយចំនួនឧបត្ថម្ភដល់កម្លាំងប្រដាប់អាវុធដែលល្បាតតាមគោលដៅ និងគោលដៅច្រកនីមួយៗផងដែរ៕