អង្គការសុខភាពពិភពលោកបាននិយាយថា ខ្លួនកំពុងឃ្លាំមើលវីរុសកូវីដ.១៩ បំប្លែងថ្មី ត្រូវបានគេស្គាល់ឈ្មោះថា Mu

អង្គការសុខភាពពិភពលោកបាននិយាយថា ខ្លួនកំពុងឃ្លាំមើលវីរុសកូវីដ.១៩ បំប្លែងថ្មី ត្រូវបានគេស្គាល់ឈ្មោះថា Mu ដែលរកឃើញដំបូងនៅក្នុងប្រទេស​កូឡុំប៊ី កាលពីខែមករា។
នៅក្នុងព្រឹត្តិបត្ររោគរាតត្បាត​ប្រចាំ​សប្តាហ៍​របស់ខ្លួន ស្ថាប័នសុខភាពជាសកលមួយនេះ បានលើកឡើងកាលពីថ្ងៃអង្គារទី៣១ខែសីហាថា Mu ឬមានឈ្មោះវិទ្យាសាស្រ្តថា B.1.621 ត្រូវបានចាត់ថ្នាក់ជា “វីរុសបំប្លែងខ្លួនគួរឲ្យចាប់អារម្មណ៍”។
WHO និយាយថា វីរុសនេះមានធាតុបំប្លែងដែលបង្ហាញពីហានិភ័យ នៃភាពធន់នឹងវ៉ាក់សាំង និងគេចប្រព័ន្ធភាពស៊ាំ ហើយបានសង្កត់ធ្ងន់ថា ការសិក្សាបន្ថែមទៀត គឺត្រូវការជាចាំបាច់ដើម្បីស្វែងយល់ឲ្យកាន់តែច្បាស់អំពីវីរុសនេះ។
មានក្តីព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការលេចឡើងនៃវីរុសបំប្លែងខ្លួនថ្មីៗ ខណៈអត្រាឆ្លងបានកើនឡើងនៅទូទាំងពិភពលោកជាថ្មីម្តងទៀត ស្របពេលវីរុស Delta កំពុងវាយប្រហារ ជាពិសេសក្នុងចំណោមអ្នកមិនចាក់វ៉ាក់សាំង និងនៅក្នុងតំបន់ដែលដកវិធានការប្រឆាំងវីរុស។
បច្ចុប្បន្ន WHO បានកំណត់អត្តសញ្ញាណវីរុសបំប្លែងខ្លួនគួរឲ្យព្រួយបារម្ភ ចំនួន៤រួមមានទាំង Alpha ដែលមានវត្តមាននៅក្នុងប្រទេសចំនួន ១៩៣ និង Delta ដែលមានវត្តមាននៅក្នុងប្រទេសចំនួន ១៧០ ផងដែរ។
បន្ទាប់ពីត្រូវបានគេរកឃើញនៅក្នុងប្រទេសកូឡុំប៊ី វីរុសបំប្លែង Mu ត្រូវបានគេរាយការណ៍នៅក្នុងបណ្តាប្រទេសអាមេរិកខាងត្បូងផ្សេងទៀតនិងនៅអឺរ៉ុប៕ ប្រែសម្រួល៖ Vann Vann (by KT) ប្រភព៖ CNA
អត្ថបទដែលជាប់ទាក់ទង