បណ្តារដ្ឋមន្ត្រីនៃកិច្ចព្រមព្រៀង CPTPP ព្រមព្រៀងបង្កើតអនុគណៈកម្មការពាណិជ្ជកម្មអេឡិចត្រូនិក

អ្នកចូលរួមក្នុងកិច្ចពិភាក្សាកម្រិតថ្នាក់រដ្ឋមន្ត្រីនៃកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងវឌ្ឍនភាពសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ដែលមានសមាជិក ១១ប្រទេស កាលពីថ្ងៃទី១ ខែកញ្ញា បានព្រមព្រៀងគ្នាបង្កើតអនុគណៈកម្មការពាណិជ្ជកម្មអេឡិចត្រូនិកឆ្ពោះទៅរកការជំរុញពាណិជ្ជកម្មតាមរយៈឌីជីថល​ភាវូបនីយកម្ម។
ដូចដែលបានរាយការណ៍ដោយសាជីវកម្មផ្សព្វផ្សាយជប៉ុន NHK ព្រឹត្តិការណ៍និម្មិតដែលត្រូវបានគេស្គាល់ថា TPP11 នេះ បានឃើញនូវកិច្ចព្រមព្រៀងស្តីពីការរៀបចំកិច្ចប្រជុំកម្រិតការងារជាលើកដំបូង ដើម្បីពិភាក្សាអំពីការចូលជាសមាជិកភាពរបស់ចក្រភពអង់គ្លេសក្នុងរយៈពេលប្រហែលមួយខែ។
ថ្លែងទៅកាន់អ្នកសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជប៉ុន លោក Nishimura Yasutoshi បាននិយាយថា ការចូលជាសមាជិកភាពរបស់ចក្រភពអង់គ្លេសអាចមានសារៈសំខាន់យ៉ាងធំធេងក្នុងការអនុញ្ញាតឱ្យវិធាន CPTPP អនុវត្តលើសពីតំបន់អាស៊ីប៉ាស៊ីហ្វិក។
លោកបាននិយាយថា ឥឡូវនេះ ប្រទេសជាសមាជិកកំពុងធ្វើការងារយ៉ាងជិតស្និទ្ធដើម្បីរៀបចំឱកាសក្នុងការពិភាក្សាអំពីការចូលជាសមាជិកភាពរបស់ចក្រភពអង់គ្លេស។ ដោយត្រូវបានចុះហត្ថលេខានៅប្រទេសឈីលីកាលពីខែមីនា ឆ្នាំ២០១៨ ឥឡូវនេះ កិច្ចព្រមព្រៀង CPTPP មានសមាជិក ១១ប្រទេស ដែលរួមមានអូស្ត្រាលី ប្រ៊ុយណេ កាណាដា ឈីលី ជប៉ុន ម៉ាឡេស៊ី ម៉ិកស៊ិកូ នូវែលហ្សេឡង់ ប៉េរូ សិង្ហបុរី និងវៀតណាម ដែលស្មើនឹង ១៣ភាគរយនៃ GDP ពិភពលោក។
កិច្ចព្រមព្រៀងនេះបានចូលជាធរមានកាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨ បន្ទាប់ពីវាត្រូវបានផ្តល់សច្ចាប័នដោយប្រទេសអូស្ត្រាលី កាណាដា ជប៉ុន ម៉ិកស៊ិកូ នូវែលហ្សេឡង់ និងសិង្ហបុរី។
កាលពីខែកុម្ភៈ ឆ្នាំ២០២១ ចក្រភពអង់គ្លេសបានដាក់ពាក្យចូលរួមជាមួយកិច្ចព្រមព្រៀងនេះ៕ by AKP
អត្ថបទដែលជាប់ទាក់ទង