ឯកឧត្ដម សួស គង់ រដ្ឋលេខាធិការប្រចាំការ តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មការអន្តរក្រសួង អញ្ជើញត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាព ការងារស្ថាបនាផ្លូវចំនួន ៤គម្រោង
BY MoRD ៖ នៅថ្ងៃព្រហស្បតិ៍ ១០រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែកញ្ញា ឆ្នាំ ២០២១ ឯកឧត្ដម សួស គង់ រដ្ឋលេខាធិការប្រចាំការ តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មការអន្តរក្រសួង រួមមាន តំណាងក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អញ្ជើញទៅត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាព ការងារស្ថាបនាផ្លូវចំនួន ៤ គម្រោងដូចខាងក្រោមនេះ ៖
– គម្រោងទី១ ៖ ការងារស្ដារឡើងវិញផ្លូវក្រាលក្រួសក្រហម ចំនួន ១ខ្សែប្រវែង ១៧.២៥០ ម៉ែត្រ ទទឹង ៨ ម៉ែត្រ កម្រាស់ ០,២ ម៉ែត្រ សាងសង់លូប្រអប់មុខ៣ ចំនួន ១កន្លែង លូប្រអប់មុខ១ ចំនួន ១កន្លែង លូមូលមុខ២ ចំនួន ៤កន្លែង និងលូមូលមុខ១ ចំនួន ១៣កន្លែង តភ្ជាប់ពីឃុំព្រងិល ស្រុកក្រវ៉ាញ ទៅសង្កាត់ចំរើនផល ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
– គម្រោងទី២៖ ការងារស្ថាបនាផ្លូវក្រាលក្រួសក្រហមចំនួន ២ខ្សែ ប្រវែងសរុប ៥.៥០០ ម៉ែត្រ ទទឹង ៧ ម៉ែត្រ កម្រាស់ ០,២ ម៉ែត្រ ទទឹងដីស ៨ ម៉ែត្រ សាងសង់លូមូលមុខ៣ ចំនួន ១កន្លែង និងលូមូលមុខ២ ចំនួន ៥កន្លែង ស្ថិតនៅឃុំព្រៃមូល និងឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
– គម្រោងទី៣៖ ការងារស្ថាបនាស្ពានបេតុងចំនួន ១កន្លែង ប្រវែង ៣៦ មែត្រ ទទឹងខ្នងលើ ៨ ម៉ែត្រ ចាក់ដីសងខាងក្បាលស្ពានម្ខាងៗ ១០០ ម៉ែត្រ ស្ថាបនាលូប្រអប់មុខ៣ ចំនួន ១កន្លែង លូមូលមុខ២ ចំនួន ២កន្លែង និងលូមូលមុខ១ ចំនួន ៧កន្លែង ស្ថិតនៅឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
– គម្រោងទី៤៖ ការងារស្ថាបនាស្ពានបេតុង ចំនួន ១កន្លែង ប្រវែង ១២៦ ម៉ែត្រ ទទឹងខ្នងលើ ១០ ម៉ែត្រ ឭ និងស្ថាបនាផ្លូវក្រាលបេតុង ប្រវែង ៥៣០ម ម៉ែត្រ ទទឹងខ្នងលើ ៦ ម៉ែត្រ ស្ថិតនៅឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។
ជាមួយនេះគម្រោងក៏បានស្ថាបនាទម្រក្បាលស្ពាន ជើងតាង សសរកណ្ដាលចំនួន ៦កន្លែង ជម្រាលការពារក្បាលស្ពាន ២កន្លែង ធ្នឹមស្ពាន និងចាក់ដីក្បាលស្ពានសរុបប្រវែង ១០០ ម៉ែត្រផងដែរ។
ក្រោយពីបានត្រួតពិនិត្យលើផ្នែកបច្ចេកទេស គុណភាព និងសោភ័ណភាពនៃសំណង់រួចមក គណៈកម្មការបានឯកភាពក្នុងការវាយតម្លៃបញ្ចប់សុពលភាពតាមសំណូមពរ៕