ឯកឧត្តមរដ្ឋលេខាធិការ ប៉ាល់ ចន្ទតារា ដឹកនាំក្រុមការងារជំនាញក្រសួងចូលរួមក្នុងអង្គប្រជុំអន្តរក្រសួង តាមប្រព័ន្ធវីដេអូពីចម្ងាយ ក្រោមអធិបតីភាពឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍

ភ្នំពេញ៖ ថ្ងៃព្រហស្បតិ៍ ១០រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ នៅទីស្តីការក្រសួង ឯកឧត្តមរដ្ឋលេខាធិការ ប៉ាល់ ចន្ទតារា ដឹកនាំក្រុមការងារជំនាញក្រសួងចូលរួមក្នុងអង្គប្រជុំអន្តរក្រសួង តាមប្រព័ន្ធវីដេអូពីចម្ងាយ ក្រោមអធិបតីភាពឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ និងឯកឧត្តម ខូយ ឃុនហ៊ួរ រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងទឹកស្អាត ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័ន និងភាគីពាក់ព័ន្ធផងដែរ។
គួរកត់សម្គល់ថា៖ សេចក្តីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងទឹកស្អាត រៀបចំឡើងដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ច្បាប់នេះមានគោលបំណងកំណត់អំពីក្របខណ្ឌគតិយុត្តសម្រាប់ គ្រប់គ្រង និងអភិវឌ្ឍន៍ការផ្ដល់សេវាផ្គត់ផ្គង់ទឹកស្អាតនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីធានាគុណភាព សុវត្ថិភាព និរន្តរភាព និងថ្លៃសមរម្យ ព្រមទាំងចូលរួមលើកកម្ពស់សុខុមាលភាព និងជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋប្រកបដោយបរិយាបន្ន។
ច្បាប់នេះមានវិសាលភាពអនុវត្តចំពោះការផ្ដល់សេវាផ្គត់ផ្គង់ទឹកស្អាតដែលមានលក្ខណៈអាជីវកម្មនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ហើយអង្គប្រជុំបានជជែកពិភាក្សាស៊ីជម្រៅលើការប្រើប្រាស់វាក្សសព្ទសំខាន់ៗនៅក្នុងច្បាប់នេះ ដើម្បីកំណត់និយមន័យឱ្យបានច្បាស់លាស់ ជៀសវាងភាពស្រពេចស្រពិល ដែលបង្កឱ្យមានការភាន់ច្រឡំនៅក្នុងចំណោមមន្ត្រីអនុវត្តច្បាប់ និងធានាការអនុវត្តប្រកបដោយតម្លាភាព និងប្រសិទ្ធភាពខ្ពស់៕ by MPWT
អត្ថបទដែលជាប់ទាក់ទង