Detail Top Banner

ស្ថានីយ​លក់​ប្រេងសាំង​ ១៩៧ ទីតាំង​ រកស៊ីលក្ខណអាជីវកម្ម​មិន​សុចរិត

ភ្នំពេញ៖ រយៈពេល​ ៨ខែ​ឆ្នាំនេះ អគ្គនាយកដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់​កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការក្លែងបន្លំ​ «​ក.ប.ប.» នៃ​ក្រសួង​ពាណិជ្ជកម្ម​បាន​ចុះ​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម​ប្រេងឥន្ធនៈ តាម​បណ្តា​ស្ថានីយ និង​ដេប៉ូ​ចំនួន​ ៤៤៧ ក្នុងនោះ​រកឃើញ​ចំនួន​ ១៩៧ទីតាំង ​ប្រកប​អាជីវកម្ម​មិន​សុចរិត លក់​ប្រេងសាំង​មិន​គ្រប់​លីត្រ និង​ក្លែងបន្លំ​ប្រេង​ធម្មតា​ទៅជា​ប្រេង​ស៊ុបពែរ​។
លោក​ ផាន អូន អគ្គនាយក​ ក.ប.ប. ប្រាប់ថា នា​ថ្ងៃទី​៣០ ខែសីហា ថា ក្នុងចំណោម​ស្ថានីយ និង​ដេប៉ូ​ចំនួន​ ៤៤៧ ដែល​បាន​ត្រួតពិនិត្យ​ក្នុង​នោះ​រកឃើញ​ដេប៉ូ ដែល​ប្រកប​អាជីវកម្ម​មិន​សុចរិត មិន​អនុលោម​ទៅនឹង​ច្បាប់​ស្តីពី​កិច្ចការពារ​អ្នកប្រើប្រាស់​ចំនួន​ ១៩៧ ​ទីតាំង​។ លោក​ថ្លែងថា​៖ «​ជា​លទ្ធផល​មាន ស្ថានីយ និង​ដេប៉ូ​ចំនួន​ ១៨៤ ត្រូវបាន​មន្ត្រី​ស៊ើបអង្កេត​របស់​អគ្គនាយកដ្ឋាន ក.ប.ប. ទទួលបាន​នីតិសម្បទា​ជា​នគរបាល​យុត្តិធម៌ បាន​អនុវត្ត​វិធានការ​ពិន័យ​អន្តរការណ៍​ទៅតាម​ប្រភេទ​បទល្មើស និង​ដេប៉ូ​ចំនួន​ ១៣ និង​បាន​ព្រមាន​ជា​លាយលក្ខណ៍អក្សរ និង​ធ្វើ​កិច្ចសន្យា​បញ្ឈប់​នូវ​សកម្ម​ភាពមិន​សុចរិត​នេះ​បន្តទៀត​»​។
លោក​បន្ថែមថា យោងតាម​ខ្លឹមសារ​នៃ​ច្បាប់​ស្តីពី​កិច្ចការពារ​អ្នកប្រើប្រាស់ ក្នុង​ករណី​ទទួលរង​ការពិន័យ​អន្តរការណ៍​ម្តង​រួចហើយ នៅតែ​បន្ត​ប្រព្រឹត្តល្មើស​នឹងត្រូវ​ព្យួរ ដកហូត​ ឬ​លុបចោល​វិញ្ញាបនបត្រ ចុះបញ្ជី​ពាណិជ្ជកម្ម​ ឬ​អាជ្ញាប័ណ្ណ​។
លោក​ ផាន អូន បញ្ជាក់ថា​៖ «​ក្នុងករណី​ជនល្មើស​មិន​ព្រម​បង់ប្រាក់​ពិន័យ​អន្តរការណ៍ មន្ត្រី​ស៊ើបអង្កេត​ត្រូវ​កសាង​សំណុំរឿង​នៃ​បទល្មើស​បញ្ជូនទៅ​តុលាការ​មាន​សមត្ថកិច្ច​»​។
លោក​ឱ្យដឹងថា ក្នុង​រយៈពេល​ ៨​ខែ ឆ្នាំនេះ ពុំទាន់​មាន​ម្ចាស់​ស្ថានីយ ឬ​ដេប៉ូ​ណាមួយ​ត្រូវបាន​មន្ត្រី​ស៊ើបអង្កេត​អគ្គនាយកដ្ឋាន ក.ប.ប. កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​នៅឡើយ​ទេ​។
តាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន ក.ប.ប. ចាប់ពី​ថ្ងៃទី​២៥ ដល់​ថ្ងៃទី​២៨ ខែសីហា មន្ដ្រី​ជំនាញ​នៃ​អគ្គនាយកដ្ឋាន ក.ប.ប. បាន​ចុះ​ត្រួតពិនិត្យ​ដេប៉ូ និង​ស្ថានីយ​ប្រេងឥន្ធនៈ​នៅ​រាជធានី​ភ្នំពេញ ខេត្ដ​តាកែវ និង​ខេត្ដ​បន្ទាយមានជ័យ ក្នុង​នោះបាន​រកឃើញ ការធ្វើ​អាជីវកម្ម​លក់​ប្រេងឥន្ធនៈ​ល្មើស​នឹង​ច្បាប់​ជា​បន្តបន្ទាប់​។
ក្នុង​ប្រតិបត្តិការ​នោះ មន្ត្រី​រកឃើញ​ស្ថានីយ និង​ដេប៉ូ​លក់​ប្រេង​ឥន្ធនៈ​មិន​សុចរិត​នៅ​ស្រុក​បាទី ខេត្ដ​តាកែវ​ចំនួន​ ៥ ​ទីតាំង នៅ​រាជធានី​ភ្នំពេញ​ចំនួន​ ៦​ទីតាំង និង​នៅ​ខេត្ដ​បន្ទាយមានជ័យ​ចំនួន​ ១០​ទីតាំង​។ ទីតាំង​ប្រេងសាំង​ទាំងនោះ​ត្រូវបាន​មន្ដ្រី​ជំនាញ​រកឃើញថា ធ្វើ​អាជីវកម្ម​ផ្ទុយ​នឹង​ច្បាប់ និង​ត្រូវបាន​ចាត់វិធានការ​ពិន័យ​អន្តរការណ៍​ស្របតាម​ច្បាប់​ស្តីពី​កិច្ចការពារ​អ្នកប្រើប្រាស់​។
លោក​ ផាន អូន បញ្ជាក់ថា អគ្គនាយកដ្ឋាន ក.ប.ប. នឹង​បន្ត​ចុះ​ត្រួតពិនិត្យ​តាម​បណ្តា​ស្ថានីយ​ និង​ដេប៉ូ​ចែកចាយ​ប្រេង​ប្រេងឥន្ធនៈ​នៅ​ទូទាំងប្រទេស និង​អនុវត្ត​វិធានការ​ច្បាប់​យ៉ាង​ម៉ឺងម៉ាត់​បំផុត ដើម្បី​ទប់ស្កាត់​ឱ្យបាន​ដាច់ខាត​ការប្រកប​អាជីវកម្ម​មិន​សុចរិត​ពាក់ព័ន្ធ​នឹង​ប្រេងឥន្ធនៈ ដើម្បី​ការពារ​ផលប្រយោជន៍​ប្រជាពលរដ្ឋ​ដែល​ជា​អ្នកប្រើប្រាស់​៕ ប្រភព ​ភ្នំពេញ ​ប៉ុស្ដិ៍
អត្ថបទដែលជាប់ទាក់ទង