Detail Top Banner

យានយន្តដឹកលើសទម្ងន់កម្រិតកំណត់ ៥គ្រឿងត្រូវបានឃាត់ទុក ១ឆ្នាំយោងតាមមាត្រា៦០ នៃច្បាប់ស្តីពីផ្លូវថ្នល់ ក្នុងចំណោមយានយន្តដឹកជញ្ជូនល្មើស ១០គ្រឿង ក្នុងខេត្តតាកែវ និងព្រៃវែង

ភ្នំពេញ​៖​ នេះបេី​យោង​តាម​ផេកហ្វេសប៊ុកផ្លូវការរបស់​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ នៅយប់ថ្ងៃសៅរ៍ទី​០៤​ ខែកញ្ញា​ ឆ្នាំ​២០២១នេះ​ បានឱ្យដឹងថា​ ក្នុងប្រតិបត្តិការចល័ត នៅថ្ងៃទី១ និង៤ ខែកញ្ញានេះ ក្រុមការងារចល័តចម្រុះសម្រាប់ឆ្មក់ត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់ នៃគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់បានឃាត់ និងពិន័យយានយន្តដឹកលើសទម្ងន់កម្រិតកំណត់ចំនួន ១០គ្រឿង ដោយ ៥គ្រឿង ត្រូវបានពិន័យ និងរើទំនិញចេញ ចំណែកឯ ៥គ្រឿងទៀតត្រូវឃាត់ទុករយៈពេល ១ឆ្នាំដោយលើសទម្ងន់កម្រិតកំណត់ ២០%នៃទម្ងន់អនុញ្ញាត។
នៅក្នុង​សំណេរ​ហ្វេសប៊ុក​របស់​ក្រសួង​ បានបញ្ជាក់បន្ថែមថា​ ក្នុងបេសកម្ម នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ លើផ្លូវជាតិលេខ៣ ត្រង់គីឡូម៉ែត្រលេខ៥៣ ក្នុងខេត្តតាកែវ ក្រុមការងារត្រួតពិនិត្យយានយន្តចំនួន ១៦​គ្រឿង ក្នុងនោះ ៥គ្រឿងត្រូវពិន័យ និងអនុញ្ញាតឲ្យបន្តដំណើរ និង ១គ្រឿង ត្រូវឃាត់ទុក ១ឆ្នាំ ដោយដឹក​លើសទម្ងន់កម្រិតកំណត់ លើសពី២០% នៃទម្ងន់អនុញ្ញា។
នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២១ នៅស្រុកបាភ្នំ ខេត្តព្រៃវែង ក្រុមការងារត្រួតពិនិត្យយានយន្តចំនួន ៤គ្រឿង ដែលទាំង ៤គ្រឿងត្រូវឃាត់ទុក ១ឆ្នាំ ដោយ​ដឹក​លើសទម្ងន់កម្រិតកំណត់ លើសពី២០% នៃទម្ងន់អនុញ្ញាត។
សូមជម្រាបថា​ បេីយោងតាមទិន្នន័យខាងលើយានយន្តចំនួន ៥គ្រឿងត្រូវឃាត់ទុកចំនួន ១ឆ្នាំដោយអនុលោមតាមច្បាប់ស្តីពីផ្លូវថ្នល់ មាត្រា៦០ និងសេចក្ដីជូនដំណឹង លេខ០៤៩ សជណ សក. គតលទ ស្តីពីការពង្រឹងវិធានការយ៉ាងតឹងរ៉ឹងបន្ថែមចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ ដែលបើកបរលើបណ្តាញផ្លូវថ្នល់។
ជាមួយគ្នានេះ​ ក្រសួងសូមរំលឹកជូនដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់ទាំងអស់ម្តងហើយ ម្តងទៀតថា៖ ក្រសួងនឹងបន្តអនុវត្តតាមច្បាប់ និងសេចក្ដីជូនដំណឹងខាងលើយ៉ាងតឹងបំផុតដោយគ្មានការលើកលែងឡើយ ៕
អត្ថបទដែលជាប់ទាក់ទង