អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញចុះពិនិត្យមើលសាលារៀនត្រៀមបើកឡើងវិញ

ខេត្តបន្ទាយមានជ័យ​៖ ថ្ងៃទី៦ ទី៧ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយ លោក លី សុវណ្ណារិទ្ធិ អភិបាលរងខេត្ត លោក ឈួ​ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត និងមានការចូលរួមពីលោកអភិបាលស្រុក ការិយាល័យអប់រំ យុវជន និងកីឡាស្រុក លោកគ្រូអ្នកគ្រូ អាជ្ញាធរឃុំ បានចុះពិនិត្យមើលស្ថានភាពទូទៅជាក់ស្តែងនៅតាមបណ្តាសាលារៀនមួយតាមបណ្តា​ឃុំមួយចំនួនក្នុង ស្រុកភ្នំស្រុក ស្រុកព្រះនេត្រព្រះ ស្រុកមង្គលបូរី ស្រុកស្វាយចេក ស្រុកថ្មពួក ស្រុកម៉ាឡៃ និងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដើម្បីពិនិត្យពិភាក្សាបន្ថែម មុននឹងអនុញ្ញាត្តស្នើសុំឲ្យបើកដំណើរការបង្រៀន និងរៀនឡើងវិញ។

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ មានប្រសាសន៍ថា ការបើកឱ្យដំណើរការសិក្សាឡើងវិញនេះ ពិតជាមានអត្ថប្រយោជន៍ខ្លាំងណាស់ ដល់សិស្សានុសិស្ស ដែលពួកគាត់បានផ្អាកការសិក្សារយ:ពេលកន្លងមក ដើម្បីអាចទទួលបានចំណេះដឹងគ្រប់គ្រាន់ឡើងវិញ ក្រោយពីសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល បានផ្តល់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ទាំងប្រជាពលរដ្ឋទូទៅ និងយុវវ័យ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស ។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តបានណែនាំសូមគណៈគ្រប់គ្រង លោកគ្រូអ្នកគ្រូ ត្រូវសម្អាត បរិស្ថាន អនាម័យឲ្យបានស្អាត ពិសេសបាញ់ថ្នាំសម្លាប់មេរោគជាមុនសិន ចំពោះសាលារៀនណាដែលធ្លាប់យកធ្វើជាកន្លែងព្យាបាល និងមណ្ឌលចត្តាឡីស័កជំងឺកូវីដ-១៩ និងចូលរួមអនុវត្តន៍វិធានការ៣ការពារ និង៣កុំឲ្យបានខ្ជាប់ខ្ជួន។

លោក ឈួ​ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា សាលារៀនមួយចំនួន នៅតាមបណ្តាក្រុង/ស្រុក អនុញ្ញាត្តឲ្យបើកដំណើរការបង្រៀន និងរៀនឡើងវិញទាំងស្រុង ឬតាមបណ្តុំ និងតាមអនឡាញនោះមានសាលាចំណេះទូទៅរដ្ឋ បើកទាំងស្រុងចំនួន ២៤២សាលា រៀនតាមបណ្តុំ និងឆ្លាស់វេន ចំនួន ៧៧សាលា រៀនពីចម្ងាយតាមអនឡាញ ចំនួន ១៩៣សាលា សរុប ៥១២​សាលា។


គ្រឹះស្ថានសិក្សាចំណេះទូទៅ ឯកជន បើកឡើងវិញទាំងស្រុង ចំនួន ២សាលា រៀនតាមបណ្តុំ និងឆ្លាសវេន ចំនួន ១សាលា និងរៀនពីចម្ងាយតាមអនឡាញ ៤៩សាលា សរុបចំនួន ៥២សាលា៕

អត្ថបទដែលជាប់ទាក់ទង