ឯកឧត្ដម សាម៉ន បណ្ឌិត្យ បានផ្ដល់នូវគន្លឹះសំខាន់ៗចំនួន៧ចំណុចក្នុងការចូលរួមទប់ស្កាត់អំពើជួញដូរមនុស្ស
ភ្នំពេញ៖ ឯកឧត្ដម សាម៉ន បណ្ឌិត្យ រដ្ឋលេខាធិការ និងជាអនុប្រធានក្រុមការងារបង្ការ និងទប់ស្កាត់អំពើជួញដូរមនុស្ស ប្រចាំក្រសួងព័ត៌មាន តំណាងឯកឧត្តម ជុំ កុលស រដ្ឋលេខាធិការក្រសួងព័ត៌មាន ប្រធានក្រុមការងារបង្ការ និងទប់ស្កាត់អំពើជួញដូរមនុស្ស ប្រចាំក្រសួងព័ត៌មាន បានផ្ដល់នូវគន្លឹះសំខាន់ៗ ចំនួន៧ចំណុច ក្នុងការចូលរួមទប់ស្កាត់អំពើជួញដូរមនុស្ស ក្នុងបរិបទកូវីដ-១៩ ។
ការផ្ដល់អនុសាសន៍នេះ គឺក្នុងឱកាសដែលឯកឧត្ដមបានអញ្ជើញ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងា របស់ក្រុមការងារ និងលើកទិសដៅអនុវត្តបន្ត តាមរយៈប្រព័ន្ធវីដេអូ (Zoom Meeting) នាព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ នៅទីស្តីការក្រសួងព័ត៌មាន។
ឯកឧត្ដម សាម៉ន បណ្ឌិត្យ បានថ្លែងនៅក្នុងកិច្ចប្រជុំនោះថា ផលប៉ះពាល់ដែលកើតឡើងពីកូវីដ-១៩ ក៏ជាបញ្ហានាំឲ្យកើតមានបញ្ហាការជួយដូរមនុស្ស ព្រោះពេលនេះមនុស្សកំពុងជួបបញ្ហាសេដ្ឋកិច្ច ដូច្នេះមនុស្សត្រូវការរស់ ស្របពេលនេះក្រុមជនរកស៊ីខាងជួញដូរ ក៏គេប្រើប្រាស់ឱកាសហ្នឹង ក្នុងការទាញយកផលប្រយោជន៍នេះជាមិនខាន។ នៅពេលកំណើននៃការជួញដូរកើនឡើង វានឹងជះឥទ្ធិពលទៅដល់បញ្ហានយោបាយ គេនឹងវាយប្រហាររាជរដ្ឋាភិបាល ពីអវិជ្ជមានក្នុងការដឹកនាំ។ ស្ថិតក្នុងបរិបទនេះ យើងទាំងអស់គ្នាត្រូវយល់ ចូលរួមគិត និងជួយទប់ស្កាត់តាមលទ្ធភាពដែលអាចធ្វើបាន ព្រោះជាបញ្ហារបស់យើងទាំងអស់គ្នា។
ឯកឧត្ដមបន្តថា លោក លោកស្រី អាចគិតថា ក្រុមគ្រួសារ របស់លោកលោកស្រី មិនកើតមានបញ្ហានេះទេ តែចុះសាច់ញាតិជិតឆ្ងាយរបស់ខ្លួន តើពួកគាត់អាចគេចផុតទេ? ចុះគ្រួសារខ្មែរដទៃទៀតអាចគេចផុតទេ? នេះហើយដែលហៅថាបញ្ហារួម។ យើងមិនមានសមត្ថកិច្ចក្នុងការចាប់ចង ឃាត់ឃាំងអីទេ ប៉ុន្តែយើងមានសិទ្ធិក្នុងការផ្តល់ព័ត៌មាន ការអប់រំ និងការផ្សព្វផ្សាយអំពីការប្រឈម។
ចំណុចសំខាន់ៗ ក្នុងការចូលរួមទប់ស្កាត់អំពើជួញដូរមនុស្ស ក្នុងបរិបទបច្ចុប្បន្នរួមមាន៖
*ទី១៖ ឲ្យមន្ទីរព័ត៌មានទូទាំងប្រទេស ចូលរួមផ្សព្វផ្សាយស្តីពីការ ទប់ស្កាត់ប្រជាពលរដ្ឋកុំឲ្យចាញ់បោកមេខ្យល់ឆ្លងដែនខុសច្បាប់ ទៅប្រទេសជិតខាងក្នុងពេលដែលប្រទេសគេកំពុងបិតខ្ទប់ ព្រោះពួកគាត់អាចត្រូវ៖ ចាញ់បោកគេ ខាតបង់លុយកាក់ ខាតបង់ពេលវេលា ត្រូវបានគេចាប់ខ្លួន និងអាចឆ្លងជំងឺកូវីដប្រភេទថ្មីផងដែរ។
*ទី២៖ សូមឲ្យប្រជាពលរដ្ឋមានភាពនឹងន ក្នុងការរកស៊ីទទួលទាន និងប្រកបរបរក្នុងស្រុកសិន ដ៏រាបណាជំងឺកូវីដមិនទាន់មានការថមថយ។
*ទី៣៖ ប្រសិនបើមានជនណាមកប្រមូលកៀគរ លួងលោម ឲ្យពលរដ្ឋធ្វើចំណាកស្រុក ត្រូវរាយការណ៍មកអាជ្ញាធរមានសមត្ថកិច្ចជាបន្ទាន់។
*ទី៤៖ ប្រជាពលរដ្ឋត្រូវខិតខំបង្កបង្កើនផល ដាំដុះដន្លែបង្ការ បន្ទាប់បន្សំ ដើម្បីលើកស្ទួយជីវភាពរស់នៅប្រចាំថ្ងៃ ក្នុលគោលបំណងកាត់បន្ថយការចំណាយប្រចាំថ្ងៃ។
*ទី៥៖ ត្រូវចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់រាជរដ្ឋាភិបាល ៣ការពារ ៣កុំ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវិដ-១៩។
*ទី៧៖ មិនត្រូវជួបជុំគ្នាលក្ខណ:ជាទ្រង់ទ្រាយធំ និងហាមការជួបជុំ ហូបចុក ឬស៊ីផឹក លេងល្បែងស៊ីសង ព្រោះផ្ទុយនឹងច្បាប់ ពលរដ្ឋអាចត្រូវពិន័យ ឬដាក់ទោសទណ្ឌ និងអាចជាមូលហេតុនៃការីករាដាលជំងឺកូវីដ-១៩ងដែរ៕