ការគ្រប់គ្រងនិងដឹកសំរាមនៅរាជធានីភ្នំពេញ មានលក្ខណៈល្អប្រសើរជាងមុនមួយកម្រិតធំ ខណៈមានក្រុមហ៊ុន៣ ប្រកួតប្រជែងគ្នា
ភ្នំពេញ៖ ការគ្រប់គ្រងនិងដឹកសំរាមចេញពីរាជធានីភ្នំពេញនៅក្នុងដំណាក់កាលនេះ យើងឃើញថា មានលក្ខណៈល្អប្រសើរ មួយកម្រិតធំហើយ ខណៈដែររាជរដ្ឋាភិបាលបានជ្រើសរើសក្រុមហ៊ុនចំនួន៣ ដើម្បីដឹកជញ្ជូនប្រមូលសំរាមនៅក្នុងរាជធានីភ្នំពេញជាលក្ខណៈប្រកួតប្រជែងគ្នា។
ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើងថា បញ្ហាសំរាមសំណល់រឹងនៅក្នុងរាជធានីភ្នំពេញ នាពេលនេះមានលក្ខណៈល្អប្រសើរជាងមុន ដោយយើងមានក្រុមហ៊ុនចំនួន៣ ដើម្បីដំណើរការដឹកជញ្ជូននិងប្រមូលសំរាមចេញពីរាជធានីភ្នំពេញទៅចាក់នៅទីលានចាក់សំរាម ហើយក្នុងចំណោមក្រុមហ៊ុនទាំង៣នេះ មានក្រុមហ៊ុនមួយ អនុវត្តការងារបានល្អជាងគេ នោះគឺក្រុមហ៊ុន Mizuda Group Co.,Ltd បើទោះបីតម្លៃសំរាមក្រុមហ៊ុននេះថ្លៃជាងក្រុមហ៊ុន២ទៀតបន្តិចក្តី។
ឯកឧត្តម បានបញ្ជាក់ផងដែរថា អ្វីដែលនៅខ្វះខាតមិនទាន់បានល្អនោះ គឺបងប្អូនប្រជាពលរដ្ឋ គាត់បញ្ចេញសំរាមមិនទាន់ពេលវេលានិងមិនត្រូវតាមពេលម៉ោងកំណត់ តែទោះបីជាយ៉ាងនេះក្តី ក្នុងនាមអាជ្ញាធររាជធានីភ្នំពេញ នឹងចាត់វិធានការរឿងនេះ ឲ្យបានល្អប្រសើរ ។
ឯកឧត្តម ឃួង ស្រេង បានទទួលស្គាល់ថា ការទុកដាក់ និងដឹកជញ្ជូនសំរាមនៅរាជធានីភ្នំពេញមិនទាន់ល្អឥតខ្ចោះនូវឡើយទេ បើប្រៀបធៀបទៅនឹងទីក្រុងនានានៅជាប់ភូមិផងរបងជាមួយនិងកម្ពុជាយើង ដូចជា ទីក្រុងហូជីមិញ ទីក្រុងបាងកកជាដើម ។
តែការងារនេះយើងនឹងអនុវត្តឲ្យល្អបន្តិចម្ដងៗ មិនឲ្យចាញ់ទីក្រុងរបស់គេឡើយ យើងនឹងធ្វើការងារនេះព្រមព្រមគ្នា ដើម្បីសុខមាលភាព ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ។ ការលើកឡើងរបស់ឯកឧត្តម ឃួង ស្រេង ខាងលើនេះបានធ្វើឡើង នៅព្រឹកថ្ងៃទី០៩ កញ្ញា២០២១ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៨ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ ខណៈដែលក្រុមប្រឹក្សារាជធានីភ្នំពេញ បានលើកឡើងពីការងារគ្រប់គ្រងសំណល់បរិស្ថាននិងអនាម័យ ដោយបាន សំណូមពរនិងស្នើសុំឲ្យមន្ត្រីបរិស្ថាន ដែលចុះជំរុញការងារការប្រមូលដឹកជញ្ជូនសំរាមតាមតំបន់ គួរបាន ដាក់លេខទូរស័ព្ទ ដើម្បីសហការផ្ដល់ព័ត៌មានបានលឿនពីបណ្ដាលមូលដ្ឋានដែលមានការកកស្ទះសំរាម៕