អ្នកការទូតកំពូលរបស់សហភាពអឺរ៉ុប ប្តេជ្ញាគាំទ្រចំពោះការរុះរើកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង

បរទេស៖ កាលពីថ្ងៃព្រហស្បតិ៍ ប្រធានគោលនយោបាយការបរទេសនៃសហភាពអឺរ៉ុប (EU) បានសន្យាគាំទ្រចំពោះការកសាងសន្តិភាព​នៅលើឧបទ្វីបកូរ៉េ ដោយលោកបានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការអនុវត្តទណ្ឌកម្មលើកូរ៉េខាងជើងក្នុងការបញ្ចប់​កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។
លោក Josep Borrell អ្នកតំណាងជាន់ខ្ពស់នៃសហភាពសម្រាប់កិច្ចការបរទេស និងគោលនយោបាយសន្តិសុខបាន​ធ្វើការកត់សម្គាល់ខាងលើនេះនៅក្នុងសារអបអរសាទរចំពោះពិធីបើកវេទិកាសន្តិសុខអន្តរជាតិ​ប្រចាំឆ្នាំដែលរៀបចំឡើងដោយក្រសួងការពារជាតិកូរ៉េខាងត្បូងនៅទីក្រុងសេអ៊ូល។
ប្រធានគោលនយោបាយការបរទេសរបស់ប្លុកនេះបាននិយាយថា «យើងបន្តលើកទឹកចិត្តឱ្យមានការអនុវត្ត​យ៉ាង​ពេញលេញនៃការដាក់ទណ្ឌកម្មនេះ ខណៈដែលយើងបានត្រៀមខ្លួនរួចជាស្រេចដើម្បីផ្តល់បទពិសោធន៍ដល់យើងក្នុងការ​ស្វែងរកដំណោះស្រាយការទូត និងពហុភាគី»។
ដោយសំដៅទៅលើសារៈសំខាន់ដែលកំពុងកើនឡើងនៃតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកសម្រាប់ទ្វីបអឺរ៉ុប លោក Borrell បាននិយាយថា សហភាពមានគោលបំណងពង្រឹងការផ្តោតការយកចិត្តទុកដាក់ជាយុទ្ធសាស្ត្រ ព្រមទាំងវត្តមាន និងសកម្មភាពរបស់ខ្លួន​នៅក្នុងតំបន់។
លោកបាននិយាយថា «សហភាពអឺរ៉ុប គឺជាដៃគូជិតស្និទ្ធ និងគួរឱ្យទុកចិត្តរបស់អ្នក ហើយភាពជាដៃគូនេះកាន់ជិតស្និទ្ធឡើងៗ​ចំពោះបញ្ហាសន្តិសុខ និងការពារជាតិ»។
នៅក្នុងសុន្ទរកថាមួយ អ្នកការទូតកំពូលរបស់អង់គ្លេស លោក Dominic Raab ក៏បានសម្តែងការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងសេអ៊ូលនៅក្នុងទំនាក់ទំនងជាមួយកូរ៉េខាងជើងផងដែរ។
លោក Raab បាននិយាយថា «យើងត្រូវតែបន្តធ្វើការងារជាមួយគ្នាឆ្ពោះទៅរកការលុបបំបាត់អាវុធ​នុយក្លេអ៊ែរ​នៅឧបទ្វីបនេះ ​ឱ្យបានពេញលេញដែលអាចផ្ទៀងផ្ទាត់បាន និងមិនអាចត្រឡប់មកវិញបាន ក៏ដូចជាការបង្កើតនូវសន្តិភាពអចិន្រ្តៃយ៍ជា​វិជ្ជមានមួយ។ យើងសង្ឃឹមថា ទំនាក់ទំនងផ្ទាល់រវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូងអាចដំណើរការឡើងវិញក្នុង​ពេលឆាប់ៗតាមដែលអាចធ្វើទៅបាន»៕ by AKP
អត្ថបទដែលជាប់ទាក់ទង