ជំនួបសម្តែងការគួរសមរវាងឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងលោកស្រី Maryam Salim នាយិកាគ្រប់គ្រងថ្មីនៃការិយាល័យធនាគារពិភពលោកប្រចាំកម្ពុជា តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ

ថ្ងៃពុធ ២កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ នៅទីស្តីការ ក្រសួង ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួល ជួបសម្តែងការគួរសមពីលោកស្រី Maryam Salim នាយិកាគ្រប់គ្រងថ្មីនៃការិយាល័យធនាគារពិភព លោកប្រចាំកម្ពុជា ដោយមានការចូលរួមដោយផ្ទាល់ និងតាមរយៈប្រព័ន្ធវីដេអូពីចម្ងាយពីថ្នាក់ដឹកនាំ ក្រសួង និងមន្ត្រីជំនាញពាក់ព័ន្ធ។
សូមជម្រាបជូនថា៖ លោកស្រី Maryam Salim ទើបទទួលបានការតែងតាំងពីធនាគារពិភពលោក ជានាយិកាគ្រប់គ្រងថ្មីនៃការិយាល័យធនាគារពិភពលោកប្រចាំកម្ពុជា ជំនួសលោកស្រី Inguna Dobraja ដែលត្រូវផ្លាស់ទៅបម្រើការនៅសាធារណរដ្ឋ Moldova បន្ទាប់ពីបានដឹកនាំការិយាល័យធនាគារពិភព លោកប្រចាំកម្ពុជាអស់រយៈពេលមួយអាណត្តិកន្លងមក។ លោកស្រី Maryam Salim មានបទពិសោធន៍ ការងារអស់រយៈពេលជាង២០ឆ្នាំក្នុងធនាគារពិភពលោក មុនពេលលោកស្រីត្រូវបានផ្លាស់មកកម្ពុជា លោកស្រីបានកាន់តំណែងជានាយិកាគ្រប់គ្រងការិយាល័យធនាគារពិភពលោកប្រចាំប្រទេសអាល់បានីផងដែរ។
ជាកិច្ចចាប់ផ្តើមនៃជំនួប ឯកឧត្តមទេសរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ និងអបអរសាទរយ៉ាងជ្រាល ជ្រៅចំពោះលោកស្រីនាយិកា ដែលទើបទទួលបានការតែងតាំងក្នុងមុខដំណែងដឹកនាំនៅក្នុងធនាគារ ពិភពលោកប្រចាំកម្ពុជា និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរដល់ធនាគារពិភពលោកដែល បានផ្ដល់ការគាំទ្រ និងទំនាក់ទំនងល្អលើការងារស្ដារ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តនៅកម្ពុជាឱ្យមាន ការរីកចម្រើន។
ជាមួយគ្នានោះផងដែរ លោកស្រីនាយិកា បានសម្ដែងនូវការកោតសរសើរយ៉ាងជ្រាលជ្រៅ និងវាយតម្លៃ ខ្ពស់ចំពោះប្រទេសកម្ពុជា ដែលទទួលបានការរីកចម្រើនយ៉ាងឆាប់រហ័សក្នុងរយៈពេល២០ឆ្នាំចុងក្រោយ នេះ ជាពិសេសសមិទ្ធផលសម្រេចបានលើការបំពេញការងារក្នុងភាពជាដៃគូរយៈពេលកន្លងមកជាមួយ ក្រសួងលើវិស័យដឹកជញ្ជូន ការងារគ្រប់គ្រងទឹកកខ្វក់ និងសមិទ្ធផលសម្រេចបានគួរឱ្យកត់សម្គាល់ផ្សេង ទៀត ហើយលោកស្រីនាយិកាសង្ឃឹមជឿជាក់ថា៖ ការបំពេញតួនាទីរបស់លោកស្រីក្នុងអាណត្តិរយៈពេល ៤ឆ្នាំនៅកម្ពុជានេះ នឹងបន្តភាពជាដៃគូរឹងមាំថែមទៀត ដើម្បីសម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានស្នើឱ្យធនាគារពិភពលោកពិនិត្យលទ្ធភាពលើការរៀបចំកម្មវិធី ដើម្បីដោះ ស្រាយ​បញ្ហាសំខាន់ៗមួយចំនួនទាក់ទងនឹងបញ្ហាសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែលបច្ចុប្បន្នបានបណ្តាលឱ្យមនុស្សពី៤ទៅ៥នាក់ស្លាប់ និងរងរបួសពី១០ទៅ១៥នាក់ជារៀងរាល់ថ្ងៃនៅលើដងផ្លូវ និងបញ្ហាគំនូសចរាចរណ៍ និងសញ្ញាចរាចរណ៍គ្រប់ផ្លូវទាំងអស់នៅកម្ពុជា ដើម្បីជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យនៅកម្រិតទាបតាមដែលអាចធ្វើទៅបាន។
ទាក់ទងនឹងការកសាងសមត្ថភាព ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនលោកស្រីនាយិកាថា៖ ក្រសួង បានបង្កើតវិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន ដែលផ្ដល់វគ្គបណ្ដុះបណ្ដាលលើជំនាញ វិស្វកម្មផ្លូវថ្នល់ ស្ពាន បានសហការជាមួយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានចុះអនុស្សរណៈជាមួយ សាកលវិទ្យាល័យបរទេសមួយចំនួន និងគ្រោងចុះអនុស្សរណៈបង្កើនភាពជាដៃគូជាមួយក្រុមហ៊ុន RMA Group និងសមាគមភស្ដុភារកម្មកម្ពុជា(CLA)ផងដែរ ដើម្បីកសាងសមត្ថភាពសម្រាប់វិទ្យាស្ថាន ហើយ បន្ថែមពីលើនេះ ឯកឧត្តមទេសរដ្ឋមន្ត្រីបានបង្ហាញពីបំណងចង់សហការជាមួយធនាគារពិភពលោកលើ ការស្វែងរកសាស្រ្តាចារ្យ និងអ្នកជំនាញល្អៗបន្ថែមទៀត ដែលអាចផ្តល់ការបង្រៀនដោយផ្ទាល់ ឬតាមអន ឡាញដល់និស្សិតរបស់វិទ្យាស្ថាន។
ទាក់ទងនឹងការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ឯកឧត្តមទេសរដ្ឋមន្ត្រី បានស្នើឱ្យលោកស្រីនាយិកា ពិនិត្យលទ្ធភាពក្នុងការជួយបំពាក់ប្រព័ន្ធគ្រប់គ្រងយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ដោយស្វ័យប្រវត្តិ ឬហៅថា AI Camera and Weigh-in Motion Sensor Centralized Database Solution System នៅតាមទីតាំងផ្លូវជាតិសំខាន់ៗ ដែលប្រព័ន្ធនេះមានអត្ថប្រយោជន៍ជួយកាត់បន្ថយការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ បង្កឱ្យផ្លូវឆាប់ខូចមុនអាយុកាល មានសមត្ថភាពអាចចាប់ល្បឿន យានយន្ត ដឹងពីល្បឿន អត្តសញ្ញាណ និងទម្ងន់ផ្ទុករបស់យានយន្តដឹកជញ្ជូន ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ និងបានអញ្ជើញលោកស្រីនាយិកាចុះទៅពិនិត្យដោយផ្ទាល់នូវការបំពាក់ប្រព័ន្ធនេះនៅទីតាំងមួយកន្លែងផងដែរ។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនលោកស្រីនាយិកាផងដែរអំពីគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវចំនួន៣៨ខ្សែនៅក្រុងសៀមរាប ខេត្តសៀមរាប និងបានស្នើឱ្យធនាគារពិភពលោកសហការលើការងារ ពាក់ព័ន្ធនឹងយានជំនិះដើរដោយថាមពលអគ្គិសនី(EV)ដើម្បីបរិស្ថានស្អាតនៅខេត្តសៀមរាប ជាពិសេស តំបន់អង្គរ នៅពេលកម្ពុជាបើកទេសចរណ៍ឡើងវិញក្រោយពីស្ថានភាពនៃការរាតត្បាតជំងឺកូវីដ-១៩ បាន ធូរស្រាល។
ជាការឆ្លើយតប លោកស្រីនាយិកា បានធ្វើការកត់សម្គាល់ និងសម្តែងចំណាប់ចំពោះសំណើនានាដែល ឯកឧត្តមទេសរដ្ឋមន្ត្រីបានលើកឡើងទាក់ទងទៅនឹងគម្រោងអភិវឌ្ឍន៍នានារបស់ក្រសួង និងបានគូស បញ្ជាក់ថា៖ ក្រុមការងារនឹងធ្វើការពិនិត្យពិចារណា និងសម្របសម្រលចំពោះសំណើទាំងនោះ។
ឆ្លៀតក្នុងឱកាសនេះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានអញ្ជើញលោកស្រីនាយិកាចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រី ដឹកជញ្ជូនអាស៊ាន(ATM) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១១-១២ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលកម្ពុជាធ្វើជា ម្ចាស់ផ្ទះតាមប្រព័ន្ធវីដេអូពីចម្ងាយ និងគ្រោងអញ្ជើញវេទិកាដឹកជញ្ជូនអន្តរជាតិ(ITF) និងដៃគូអភិវឌ្ឍទាំងអស់ចូលរួមកិច្ចប្រជុំនេះផងដែរ ហើយជាការឆ្លើយតបលោកស្រីនាយិកា បានឯកភាពនិងត្រៀមលក្ខណៈ ចូលរួមតបតាមការអញ្ជើញរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនផងដែរថា៖ ក្រសួងទើបទទួលបានគោលការណ៍ឯកភាពពីសម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដាក់បញ្ចូល ប្រទេស​កម្ពុជាជាសមាជិកវេទិកាដឹកជញ្ជូនអន្តរជាតិ(ITF) ហើយកម្ពុជាគឺជាប្រទេសអាស៊ានតែមួយគត់ ដែលបានចូលជាសមាជិកនៃវេទិកានេះ៕
អត្ថបទដែលជាប់ទាក់ទង