ចាប់ផាកពិន័យយានយន្តល្មើសច្បាប់បានជាង ៨ ០០០គ្រឿង ក្នុងរយៈពេល១២ថ្ងៃ
ភ្នំពេញ៖ យ៉ាងហោចណាស់មានយានយន្តចំនួន ៨ ២៨៧គ្រឿង ក្នុងនោះមានម៉ូតូចំនួន ៦ ៤៦៦គ្រឿង ត្រូវបានសមត្ថកិច្ចចាប់ផាកពិន័យនៅក្នុងការចុះអនុវត្តការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេសរយៈពេល ១២ថ្ងៃ នេះបើតាមទិន្នន័យដែលបានពីមន្ត្រីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈគិតត្រឹមថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១។
លោក ហេង ចាន់ធារី ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈនៃអគ្គនាយកដ្ឋាននគរបាលជាតិបានថា ចាប់ពីថ្ងៃទី១៣ ខែកញ្ញាថា ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១នេះ នគរបាលចរាចរណ៍បានចុះរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកតាមគោលដៅត្រួតពិនិត្យនៅទូទាំងប្រទេស។ ក្នុងរយៈពេលនេះសមត្ថកិច្ចបានរកឃើញយានយន្តល្មើសច្បាបចំនួន ៨ ២៨៧គ្រឿង ក្នុងនោះមាន ម៉ូតូចំនួន ៦ ៤៦៦គ្រឿង ត្រូវផាកពិន័យតាមអនុក្រឹត្យលេខ ៣៩ អនក្រ.បក។
យោងតាមអនុក្រឹត្យលេខ ៣៩ អនក្រ.បក រាល់ម្ចាស់យានយន្តល្មើសត្រូវរងពិន័យជាប្រាក់ចន្លោះពី ៦ម៉ឺនរៀល ដល់ ១លានរៀល សម្រាប់ម៉ូតូ ម៉ូតូរ៉ឺម៉ក និង Tuk Tuk។ សម្រាប់រថយន្តធុនស្រាលនឹងរងពិន័យចន្លោះពី ៧៥ ០០០រៀល ដល់ ២លានរៀល ខណៈរថយន្តធុនធ្ងន់ពិន័យប្រាក់ពី ១៥ម៉ឺនរៀល ដល់ ៤លានរៀល»។
លោក ចាន់ ធារី ពោលថា ការអនុវត្តការផាកពិន័យនេះដំណើរការល្អ ដោយអ្នកប្រើប្រាស់ផ្លូវភាគច្រើនបានចូលរួមគោរពច្បាប់ចរាចរណ៍។
ទោះយ៉ាងណា លោកបានឱ្យដឹងបន្ថែមថា ក្នុងរយៈពេល ១២ថ្ងៃនៃខែកញ្ញាឆ្នាំនេះ ក៏មានជនរងគ្រោះក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ១៣៦នាក់ផងដែរ ក្នុងនោះ ៤២នាក់បានស្លាប់ និងចំនួន ៩៤នាក់ទៀតបានរងរបួសធ្ងន់និងស្រាល ការខូចខាតយានយន្តសរុបជាង ១៥០គ្រឿង បើតាមការវាយតម្លៃរបស់សមត្ថកិច្ចថា គ្រោះថ្នាក់ភាគច្រើនបណ្ដាលមកពីការបើកបរមិនគោរពសិទ្ធិជាអាទិភាព បើកបរលើសល្បឿនកំណត់ វ៉ាជែកងក្នុងស្ថានភាពផ្លូវមានគ្រោះថ្នាក់ មិនគោរពភ្លើងសញ្ញា និងស្លាកសញ្ញាចរាចរណ៍ និងបើកបរក្នុងស្ថានភាពស្រវឹងជាដើម។
បើតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសចេញដោយនាយកដ្ឋាននគរបាល ចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលទទួលបានកាលពីថ្ងៃទី១៣ ខែកញ្ញា ក្នុងរយៈពេល ២៥៥ថ្ងៃគិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសបានកើតឡើង ១ ៧៥២លើកបណ្តាលឱ្យមនុស្សបាត់បង់ជីវិតចំនួន ៩៨៣នាក់ និងរបួសចំនួន ២៣ ៤១០នាក់ ក្នុងនោះធ្ងន់ចំនួន ១ ៤៤៥នាក់៕