សម្ដេចតេជោ ហ៊ុន សែន ប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងដល់កុមារ ដែលមានអាយុពី៦ឆ្នាំ ដល់១២ឆ្នាំ ចាប់ពីថ្ងៃទី១៧ ខែកញ្ញាខាងមុខនេះតទៅ

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងដល់កុមារ ដែលមានអាយុពី៦ឆ្នាំ ដល់១២ឆ្នាំ ដែលមានចំនួនជាង១លាន៨សែននាក់នៅថ្ងៃទី១៧ ខែកញ្ញាឆ្នាំ២០២១ ខាងមុខ ដើម្បីផ្ដល់ឱកាសឱ្យកុមារដែលត្រូវចូលរៀននៅឋមសិក្សា អាចចូលសិក្សាបានដោយគ្មានការភ័យខ្លាច ក្នុងខណៈដែលការបើកឱ្យដំណើរការអនុវិទ្យាល័យ វិទ្យាល័យ និងមហាវិទ្យាល័យ បាននិងកំពុងធ្វើនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១នោះ។

ក្នងសារជាសំឡេង នាព្រឹកថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា ប្រសិនបើយើងមិនចាក់ឱ្យកុមារពីអាយុ៦ឆ្នាំដល់១២ឆ្នាំទេ យើងមិនអាចឈានទៅបើកសាលាបឋមសិក្សាបានទេ ព្រោះអាយុនេះ គឺជាអាយុនៅក្នុងក្របខ័ណ្ឌសិក្សាសាលានៅឋមសិក្សា ហើយយើងបែរជាបើកសាលារៀន កម្រិតអនុវិទ្យាល័យ និងវិទ្យាល័យ ដូច្នេះធ្វើឱ្យមានបញ្ហាលំបាក។

ម្យ៉ាងទៀតវ៉ាក់សាំងក៏បានសិក្សានៅតាមបណ្ដាប្រទេសនានា ហើយគេក៏បានប្រើប្រាស់សម្រាប់ក្មេងដែលមានអាយុក្រោម១២ឆ្នាំរួចមកហើយដែរ។ សម្ដេចតេជោថ្លែងថា បញ្ហាវ៉ាក់សាំង មិនមែនជាបញ្ហាលំបាកទេ ដោយម្ខាងវ៉ាក់សាំងគឺបានអនុញ្ញាតឱ្យចាក់ ឯម្ខាងទៀតយើងមានវ៉ាក់សាំងក្នុងដៃរួចជាស្រេច ហើយចំនួនកុមារតាមស្ថិតិបឋមដែល ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានផ្ដល់ឱ្យ គឺមានត្រឹមតែជាង ១លាន ៨សែននាក់តែប៉ុណ្ណោះ។ ដូច្នេះ ខ្ញុំសម្រេចថា នឹងបើកយុទ្ធនាការថ្មីមួយទៀតនៅថ្ងៃសុក្រ ទី១៧ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីចាក់វ៉ាក់សាំងជូនកុមារអាយុ ៦ឆ្នាំ ទៅ១២ឆ្នាំ បន្ទាប់ពីយើងចាក់ជិតរួចរាល់ដល់កុមារ និងយុវវ័យ ដែលមានអាយុពី ១២ ដល់១៨ឆ្នាំ បានប្រមាណជាង១លាន៧សែននាក់។

សម្ដេចតេជោនាយករដ្ឋមន្ត្រីបន្តថា កាបើកយុទ្ធនាការនេះទៀតសោត យើងត្រូវធ្វើនៅក្របខ័ណ្ឌទូទាំងប្រទេស ឯថ្នាក់ជាតិយើងបើកយុទ្ធនាការនៅវិមានសន្តិភាព ដូចពេលដែលយើងបើកយុទ្ធនាការចាក់ឱ្យកុមារ និងយុវវ័យកាលពីពេលមុនដែរ ដែលបន្ទាប់ពីនោះខ្ញុំនឹងធ្វើសន្និសីទសារព័ត៌មាន។

ដូច្នេះគណៈកម្មការចំពោះកិច្ចសម្រាប់ការចាក់វ៉ាក់សាំងនៅទូទាំងប្រទេស ក៏ដូចជាអនុគណៈកម្មការចំពោះកិច្ចសម្រាប់ការចាក់វ៉ាក់សាំង រាជធានី ខេត្ត ត្រូវធ្វើការប្រុងប្រៀប ដើម្បីនឹងរៀបចំការបែងចែកវ៉ាក់សាំង និងរៀបចំក្រុមគ្រូពេទ្យ ដើម្បីអនុវត្តន៍នូវការចាក់វ៉ាក់សាំង សម្រាប់កុមារពីអាយុ ៦ឆ្នាំ ដល់១២ឆ្នាំ ដែលមានចំនួនជាង១លាន៨សែននាក់ ឬថាជិត ១លាន៩សែននាក់ ដែលយើងត្រូវចាក់ជូន ហើយត្រូវចាប់ផ្ដើមពីថ្ងៃសុក្រនេះទៅ។ សម្ដេចតេជោគូសបញ្ជាក់ថា យើងមិនមានបញ្ហាជាធំធេងទេ ដោយសារយើងមានក្រុមគ្រូពេទ្យ យើងមានវ៉ាក់សាំងនៅតាមមូលដ្ឋានរួចស្រេចទៅហើយ ដែលប្រើប្រាស់វ៉ាក់សាំង ស៊ីណូវ៉ាក់ សម្រាប់ការចាក់ ដូច្នេះស្នើឱ្យមានការរៀបចំ។ ធ្វើយ៉ាងដូច្នេះគឺសំដៅ ដើម្បីធ្វើឱ្យកុមារដែលត្រូវចូលរៀននៅឋមសិក្សា អាចចូលរៀននៅបឋមសិក្សាបាន ដោយគ្មានការភ័យខ្លាច ព្រោះពួកគេបានទទួលវ៉ាក់សាំង។

បើមិនដូច្នោះទេ យើងនៅចន្លោះក្នុងរង្វង់ពីអាយុ ៦ ទៅ ១២ឆ្នាំ ដែលមុននេះយើងតម្រូវសម្រាប់តែ​អនុវិទ្យាល័យ តែយើងធ្វើតាមជំហាន ហើយជំហានបន្តទៀតយើងក៏កំពុងគិតសម្រាប់ក្មេងដែលនៅសាលាមត្តេយ្យ ក្នុងរង្វង់អាយុពី ៣ ទៅ៦ឆ្នាំវិញដែរ។ដែលនោះចាត់ទុកជាជំហានបន្ទាប់មួយទៀត។ សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាលគូសបញ្ជាក់បន្ថែមថា «យើងត្រូវដោះស្រាយគឺបញ្ហាការចាក់វ៉ាក់សាំងសម្រាប់កុមារពីអាយុ ៦ ទៅ១២ឆ្នាំ ដែលវាអាចផ្ដល់ឱកាសឱ្យកុមាររបស់យើង អាចចូលសិក្សាបានសម្រាប់សាលាបឋមសិក្សា ដែលនឹងត្រូវបើកជាបន្តទៀត បន្ទាប់ពីការបើកឱ្យដំណើរការអនុវិទ្យាល័យ វិទ្យាល័យ និង​មហាវិទ្យាល័យ ដែលយើងបាននិងកំពុងធ្វើនៅថ្ងៃនេះ»៕ by AKP

អត្ថបទដែលជាប់ទាក់ទង