ប្រទេសឡាវកត់ត្រានូវករណីឆ្លងថ្មីនៃវីរុសទម្រង់ឌែលតាបូកនៃជំងឺកូវីដ-១៩
បរទេស៖ ក្រសួងសុខាភិបាលនៃប្រទេសឡាវបាននិយាយថា ក្នុងរយៈពេល ២៤ម៉ោង ប្រទេសនេះបានកត់ត្រានូវករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន ២១៤នាក់ ដោយក្នុងនោះមានករណីឆ្លងក្នុងសហគមន៍ចំនួន ១៦២នាក់។
ក្រសួងនេះបានប្រកាសថា ស្ថានភាពជំងឺកូវីដ-១៩ នៅក្នុងប្រទេសឡាវនៅតែមានភាពស្មុគស្មាញ។ គួរកត់សម្គាល់ថា រដ្ឋធានីវៀងចន្ទន៍នៅតែបន្តមានចំនួនអ្នកឆ្លងក្នុងសហគមន៍ខ្ពស់ជាងគេ ដោយមានចំនួន ៧៧នាក់ក្នុងមួយថ្ងៃ។ នៅក្នុងនោះ មានការផ្ទុះឡើងធ្ងន់ធ្ងរនៅរោងចក្រកាត់ដេរមួយនៅក្នុងរដ្ឋធានីនោះ ដែលត្រូវបានរកឃើញចំនួន ៤២នាក់កាលពីថ្ងៃទី១៨ ខែកញ្ញា។
ក្រសួងនេះបាននិយាយថា ករណីជាច្រើននៃជំងឺកូវីដ-១៩ នៅក្នុងរដ្ឋធានីនេះត្រូវបានបញ្ជាក់ថា បានឆ្លងវីរុសទម្រង់ឌែលតាបូក (Delta Plus) ដែលជាទម្រង់វីរុសមានការឆ្លងខ្ពស់។
រហូតមកដល់ពេលនេះ ចំនួនករណីឆ្លងជំងឺកូវីដ-១៩ សរុបនៅក្នុងប្រទេសឡាវបានកើនឡើងដល់ ១៩ ៣៩៩នាក់ ដោយក្នុងនោះមានអ្នកស្លាប់សរុបចំនួន ១៦នាក់។
នៅថ្ងៃដំបូងនៃការបិទខ្ទប់ អាជ្ញាធររដ្ឋធានីវៀងចន្ទន៍បានបង្កើតប៉ុស្តិ៍ត្រួតពិនិត្យនៅតាមដងផ្លូវធំៗដើម្បីពិនិត្យមើលការអនុវត្តរបស់ប្រជាពលរដ្ឋចំពោះវិធានការបង្ការការរីករាលដាលនេះ និងបង្កើនការយល់ដឹងអំពីគ្រោះថ្នាក់នៃការរីករាលដាល។
នៅក្នុងព័ត៌មានផ្សេងៗទៀត ក្រុមហ៊ុនអាកាសចរណ៍ឡាវអ៊ែរឡាញទើបតែបានប្រកាសថា ខ្លួននឹងឈប់ប្រតិបត្តិការគ្រប់ជើងហោះហើរទាំងអស់ពីរដ្ឋធានីវៀងចន្ទន៍ទៅតាមបណ្តាខេត្តនានាចាប់ពីថ្ងៃទី២០ ខែកញ្ញាតទៅ។ ជាមួយគ្នានេះដែរ ក្រុមប្រឹក្សាគ្រប់គ្រងស្ថានីយ៍រថយន្តក្រុងវៀងច័ន្ទភាគខាងត្បូងក៏បាននិយាយផងដែរថា ខ្លួននឹងផ្អាកការដឹកជញ្ជូនអ្នកដំណើរពីទីក្រុងមួយទៅកាន់ទីក្រុងមួយរហូតដល់ថ្ងៃទី៣០ ខែកញ្ញា៕ by AKP