ទោះថ្ងៃឈប់សំរាក ឯកឧត្តម​អភិបាលរាជធានី ក៏នៅតែចុះពិនិត្យទីតាំងចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩​ ជូនកុមារ

ភ្នំពេញ៖ ដើម្បីជម្រុញអោយ ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩​ ជូនកុមារអាយុចាប់ពី​ ០៦ឆ្នាំ​ ដល់ក្រោម​ ១២ឆ្នាំ​ ទទួលបាននូវភាពរលូននិងជោគជ័យ ទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ របស់សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃអាទិត្យទី១៩ ខែកញ្ញា​ ឆ្នាំ២០២១នេះ ឯកឧត្តម​ ឃួង​ ស្រេង​ អភិបាល​ នៃគណៈអភិបាលរាជធានីភ្នំពេញ អមដំណើរដោយលោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ បានចុះទៅពិនិត្យទីតាំងចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩​ ជូនកុមារអាយុចាប់ពី​ ០៦ឆ្នាំ​ ដល់ក្រោម​ ១២ឆ្នាំនេះ​ នៅក្នុងមន្ទីរពេទ្យ​បង្អែកដង្កោ​​ សង្កាត់ដង្កោ​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ។
យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ កញ្ញានេះ រដ្ឋបាលរាជធានីភ្នំពេញ បានដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកុមារដែលមានអាយុ ចាប់ពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ សម្រាប់ដូសទី១ ចាប់ផ្តើមពីថ្ងៃទី១៧ ខែកញ្ញា ដល់ ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២១ និងសម្រាប់ដូសទី២ ចាប់ផ្តើមពីថ្ងៃទី០៨ ដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ រៀងរាល់ ម៉ោង ០៨:០០នាទីព្រឹក ដល់ម៉ោង ១៧:០០នាទីរសៀល តាមរយៈការអញ្ជើញ និងទំនាក់ទំនងជាមួយអាជ្ញាធរមូលដ្ឋាន ដែលមានចំនួន ៤២ទីតាំង នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។
គួរបញ្ជាក់ថា តាំងពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ ដែលជាថ្ងៃដំបូងនៃការបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារ និងថ្ងៃបន្តបន្ទាប់គ្នា នាប៉ុន្មានថ្ងៃនេះ ក្នុងយុទ្ធនាការនេះ គេបានឃើញនៅតាមបណ្ដាមណ្ឌលសុខភាពទាំង៨ នៅរាជធានីភ្នំពេញ មានអាណាព្យាបាល ឪពុកម្ដាយរបស់កុមារបាននាំកូន ចៅរបស់ខ្លួន ទៅចាក់វ៉ាក់សាំងយ៉ាងច្រើនកុះករ ជាមួយនឹងភាពក្លាហានរបស់កុមារផងដែរ ដើម្បីឆាប់បានចូលរៀនសូត្រដូចដើមវិញ ហើយក្នុងព្រឹត្តិការណ៍នេះគេក៏បានឃើញអភិបាលនៃគណៈអភិបាលខណ្ឌនីមួយៗ បានចុះទៅសម្របសម្រួលនៅតាមទីតាំងនៃការចាក់វ៉ាក់សាំងទាំងផងដែរ ដើម្បីឲ្យដំណើរការនៃការលក់ការចាក់វ៉ាក់សាំងនេះដំណើរការទៅដោយរលូននិងទទួលបាននូវភាពជោគជ័យ៕ អរគុណសន្តិភាព
អត្ថបទដែលជាប់ទាក់ទង