ក្រុមគ្រូពេទ្យក្រសួងសុខាភិបាល បានរកឃើញព្រះសង្ឃ គណៈកម្មការអាចារ្យ និងសិស្ស និស្សិតស្នាក់នៅតាមវត្តចំនួន ១៥០ ក្នុងរាជធានីភ្នំពេញ វិជ្ជមានជំងឺកូវីដ១៩ នៅក្នុងចំណោមសំណាកចំនួន ៨ ៩៧៥អង្គ/នាក់
បើតាមប្រភពពីលោក ទេព គង្គា ប្រធានមន្ទីរធម្មការ និងសាសនា រាជធានីភ្នំពេញ បានឱ្យយ៉ាងដូច្នេះថា៖ «ព្រះសង្ឃ គណៈកម្មការអាចារ្យ និងសិស្សនិស្សិតស្នាក់នៅតាមវត្ត ក្នុងរាជធានីភ្នំពេញ បានយកសំណាករកមេរោគកូវីដ១៩ រួចរាល់អស់ហើយ គឺចំនួន ៨ ៩៧៥អង្គ/នាក់ ក្នុងចំណោមវត្តចំនួន ១៥០វត្ត ត្រូវបានក្រុមការងារសុខាភិបាលយកសំណាករកមេរោគកូវីដ.១៩ បានរកឃើញវិជ្ជមានកូវីដ១៩ ចំនួន ១៤១អង្គ/នាក់ ក្នុងនោះព្រះសង្ឃមានចំនួន ៩៧អង្គ តាអាចារ្យចំនួន ៩នាក់ ដូនជីតាជី ចំនួន ១៥នាក់ និងសិស្ស និស្សិតចំនួន ២០នាក់»។
ប្រធានមន្ទីធម្មការ និងសាសនា រាជធានីភ្នំពេញ បានបន្តថា បេីតាមតួរលេខពិតប្រាកដ ព្រះសង្ឃនៅរាជធានីភ្នំពេញ មានជិត ៨ពាន់អង្គ ប៉ុន្ដែមានព្រះសង្ឃប្រមាណ ៥០០អង្គ បាននិមន្តទៅក្រៅប្រទេសដោយជាប់ការបិទ ឬធ្វេីចត្តាឡីស័ក នៅទីនោះ និងក៏មានព្រះសង្ឃមួយចំនួនបាននិមន្តទៅតាមខេត្តរួចចូលព្រះវស្សានៅទីនោះតែម្ដង ជាក់ស្ដែងព្រះសង្ឃនៅពេលនេះមានចំនួន ៧ ៦១៧អង្គ។
លោក ទេព គង្គា បានបញ្ជាក់ថា វត្តនៅរាជធានីភ្នំពេញ មានចំនួន ១៥៤វត្ត តែពេលនេះវត្ត ដែលយកសំណាករកមេរោគកូវីដ១៩ មានចំនួន ១៥០វត្ត ចំណែក ៤វត្តទៀត មានវត្តខ្លះបានយកសំណាករួចហើយ និងវត្តខ្លះមានលទ្ធភាពយកសំណាកខ្លួនឯង ៕