សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា អាយុជីវិត និងសុខភាពប្រជាជន គឺជាបញ្ហាអាទិភាពខ្ពស់បំផុត ដែលត្រូវធ្វើក្នុងពេលនេះ

សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ថា អាយុជីវិត និងសុខភាពរបស់ ប្រជាជនគឺជាបញ្ហាអាទិភាពខ្ពស់បំផុត ដែលត្រូវធ្វើក្នុងពេលនេះ ព្រោះប្រទេសរីកចម្រើនទៅបានគឺអាស្រ័យទៅលើសុខុមាលភាពរបស់ប្រជាពលរដ្ឋ។
ក្នុងសារពិសេសជូនជនរួមជាតិ ពាក់ព័ន្ធស្ថានភាពជំងឺកូវីដ-១៩ នៅតាមវត្តអារាម ក្នុងឱកាសកាន់បិណ្ឌនារយៈពេលប៉ុន្មានថ្ងៃមកនេះ សម្តេចអគ្គមហាសេ នាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា បញ្ហាអាយុជីវិតនិងសុខភាពប្រជាជនគឺជាបញ្ហាអាទិភាពខ្ពស់បំផុត ព្រោះនៅ ពេល ការពារជីវិតបាន គឺមានពេលវេលាច្រើនណាស់ ដើម្បីធ្វើបុណ្យធ្វើទានបន្តទៅមុខ ទៀត។ ប៉ុន្តែប្រសិនបើស្លាប់ដោយសារកូវីដ១៩ គឺយើងគ្មានឱកាសក្នុងការធ្វើបុណ្យនោះទេ។ សម្តេចបន្ថែមថា ទំនួញប្រេតពេលភ្ជុំ ដែលបានចាក់តាមវិទ្យុនានា ធ្វើឱ្យប្រជាជនពិតជាចង់ទៅវត្ត ក៏ប៉ុន្តែបើគ្រាន់តែទៅវត្ត ដើម្បីនាំមកវិញនូវជំងឺ ឬនាំជំងឺទៅកាន់វត្តអារាម វាមិនមែនជាជម្រើសដែលល្អនោះទេ។ សម្តេចបញ្ជាក់ថា ទោះបីជាពេលនេះការចាក់វ៉ាក់សាំងបានច្រើន ក៏ពិត​មែន ​ប៉ុន្តែវ៉ាក់សាំងតែមួយមុខវា មិនគ្រប់គ្រាន់នោះទេ។ ព្រោះជាក់ស្ដែងប្រសិនបើសម្តេចបណ្ដោយឱ្យមានការកាន់បិណ្ឌបន្តរហូតដល់ភ្ជុំបិណ្ឌ តើសភាពការណ៍មហន្តរាយនេះមានទំហំប៉ុណ្ណា។ សម្តេចបញ្ជាក់ ទៀតថា កូវីដ​១៩នេះច្រើនតែវាយលុកទៅលើមនុស្សចាស់ ដែលមាន អាយុចាប់ពី៦០ឆ្នាំឡើង ព្រោះពួកគាត់ត្រូវទៅវត្ត។
« យើងមិនបោះបង់ ចោលនូវពិធីបុណ្យប្រពៃណីនានានោះទេ។ ក៏ប៉ុន្តែយើងត្រូវតែឆ្លងកាត់ដំណាក់កាលនេះឱ្យបាន ព្រោះនេះគឺជាវាលធំ វាលទី​៣ គឺវាជា ជំងឺរាតត្បាតដែលប្រជាជនយើងត្រូវឆ្លងកាត់ឱ្យខាងតែបាន ព្រោះយើងបានខិតខំរក វ៉ាក់សាំងមកចាក់ជូនប្រជាជន ដែលមកដល់ពេលនេះជិត ១៣លាននាក់រួចស្រេចទៅហើយ ក្នុងចំណោមប្រជាជនជាង១៤លាននាក់ដែលត្រូវចាក់វ៉ាក់សាំង។ ហើយនិងកំពុងបន្តចាក់ដូសជំរុញ ដែលបាននិងកំពុងចាក់មួយចំនួន។ ហើយដែលចាក់ពេញបន្ទុក ចាប់ពីខែ១០នេះតទៅ នៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងបន្តបន្ទាប់ទៅកាន់ បណ្ដាខេត្តនានា ។ យើងបានខិតខំច្រើនណាស់ដើម្បីការពារជីវិតប្រជាជន ប៉ុន្តែខ្ញុំក៏ទទួលយកនូវការត្មះដៀលរបស់ពួកប្រឆាំងមួយចំនួន ដែល បានលើកឡើងមិនសមហេតុសមផល ឱ្យពួកគេនិយាយទៅតាមអ្វី ដែលគេចង់និយាយទៅចុះ ។ប៉ុន្តែយ៉ាងហោចណាស់ខ្ញុំបានសង្គ្រោះអាយុជីវិតប្រជាជន និងសង្គ្រោះកុំឱ្យប្រជាជនយើងឈឺថ្កាត់ដោយសារការឆ្លងកូវីដ​១៩»៕
អត្ថបទដែលជាប់ទាក់ទង