កិច្ចប្រជុំកំពូលក្រុមប្រទេស G20 ស្តីពីប្រទេសអាហ្វហ្គានីស្ថាន គ្រោងធ្វើឡើងនៅថ្ងៃទី២៨កញ្ញា២០២១

បរទេស៖ អនុរដ្ឋមន្រ្តីក្រសួងការបរទេសរុស្ស៊ី លោក Sergey Vershinin បានប្រាប់សារព័ត៌មាន TASS ថា កិច្ចប្រជុំកំពូលក្រុមប្រទេស G20 ស្តីពីប្រទេសអាហ្វហ្គានីស្ថាន គ្រោងនឹងធ្វើឡើងនៅថ្ងៃទី២៨ ខែកញ្ញាស្អែកនេះ។
មន្រ្តីរូបនោះបាននិយាយថា «តាមដែលខ្ញុំចាំបាន កិច្ចប្រជុំកំពូលក្រុមប្រទេស G20 នឹងធ្វើឡើងនៅថ្ងៃទី២៨ ខែកញ្ញាខាងមុខនេះ»។
លោក Vershinin មិនបានឆ្លើយតបទៅនឹងសំណួរអំពីបុគ្គលដែលត្រូវតំណាងឱ្យប្រទេសរុស្ស៊ីនៅក្នុងកិច្ចប្រជុំកំពូលនោះទេ។ លោកបានកត់សម្គាល់ថា «កិច្ចការទាំងនោះកំពុងដំណើរការនៅឡើយ ហើយពួកគេគួរតែផ្ញើលិខិតអញ្ជើញ»។
លោក Mario Draghi នាយករដ្ឋមន្រ្តីនៃប្រទេសអ៊ីតាលី ដែលបច្ចុប្បន្នជាអធិបតីនៅក្នុងក្រុមប្រទេស G20 បាននិយាយនៅពេលមុននេះថា កិច្ចប្រជុំកំពូលស្តីពីអាហ្វហ្គានីស្ថាន ត្រូវបានគេគ្រោងធ្វើឡើងបន្ទាប់ពីសប្តាហ៍កម្រិតខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិ៕ by AKP
អត្ថបទដែលជាប់ទាក់ទង