ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលអណ្ដូងស្នប់អាហ្វ្រីដេវ ចំនួន ១ ៥០០អណ្ដូង ជាជំនួយឥតសំណងពីរដ្ឋាភិបាលនៃសាធារណរដ្ឋឥណ្ឌា
ភ្នំពេញ៖ នៅរសៀលថ្ងៃចន្ទ ៦រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលអណ្ដូងស្នប់អាហ្វ្រីដេវ ចំនួន ១ ៥០០ អណ្ដូង ជាជំនួយឥតសំណងពីរដ្ឋាភិបាលនៃសាធារណរដ្ឋឥណ្ឌា។
ពិធីប្រគល់-ទទួលនេះ មានការអញ្ជើញចូលរួមពីឯកឧត្តមបណ្ឌិត Rajkumar Rajan Singh អនុរដ្ឋមន្រ្តីក្រសួងការបរទេសនៃសាធារណរដ្ឋឥណ្ឌា លោកជំទាវ Devyani Uttam Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅប្រទេសកម្ពុជា ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក លោកស្រី Debashree Mukherjee ប្រធានក្រុមហ៊ុន WAPCOS និងសហការី និងលោក លោកស្រីជាប្រធាន អនុប្រធាននាយកដ្ឋាន ព្រមទាំងលោក លោកស្រីជាប្រធាន អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ ខេត្តត្បូងឃ្មុំ តាមប្រពន្ធ័អនឡាញ ZOOM។
សូមបញ្ជាក់ថា អណ្ដូងស្នប់ដែលបានសាងសង់រួចទាំងនេះមាននៅក្នុងខេត្តត្បូងឃ្មុំមាន ១ ១៩០អណ្ដូង ក្នុងនោះស្រុកមេមត់ ទទួលបាន ៦៨៩អណ្ដូង ស្រុកក្រូចឆ្មារ ទទួលបាន ៤៦អណ្ដូង និងស្រុកត្បូងឃ្មុំ ទទួលបាន ៤៥៥អណ្ដូង និងខេត្តបន្ទាយមានជ័យមាន ៣១០អណ្ដូង ក្នុងនោះស្រុកភ្នំស្រុក ទទួលបាន ៤៦អណ្ដូង ស្រុកសិរីសោភ័ណ្ឌទទួលបាន ១០០អណ្ដូង ស្រុកព្រះនេត្រព្រះ ទទួលបាន ៤៣អណ្ដូង ស្រុកមង្គលបុរីទទួលបាន ២៦អណ្ដូង ស្រុកម៉ាឡៃទទួលបាន ៦០អណ្ដូង ក្រុងប៉ោយប៉ែត ទទួលបាន ១៧អណ្ដូង ស្រុកស្វាយចេក ទទួលបាន ១៧អណ្ដូង និងស្រុកអូរជ្រៅ ទទួលបាន ១អណ្ដូង ៕ អរគុណសន្តិភាព