ប្រធានាធិបតីរុស្ស៊ី លោក ពូទីន និងប្រធានាធិបតីតួកគី លោក អេរដូហ្គែន ពិភាក្សាគ្នាអំពីស្ថានភាពនៅស៊ីរី លីប៊ី និងអាហ្វហ្កានីស្ថាន

បរទេស៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃច័ន្ទថា ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន និងប្រធានាធិបតីតួកគី លោក រ៉េសិប តៃយីប អេរដូហ្គែន នឹងពិភាក្សាគ្នាអំពីបញ្ហាជាច្រើននៅក្នុងកិច្ចប្រជុំរបស់ពួកគេនាពេលខាងមុខនេះ ដែលរួមមានទាំងស្ថានភាពនៅក្នុងប្រទេសស៊ីរី អាហ្វហ្គានីស្ថាន និងលីប៊ីផងដែរ។
លោកបាននិយាយនៅពេលដែលត្រូវបានសួរអំពីរបៀបវារៈនៃកិច្ចពិភាក្សានោះថា «ខ្ញុំគិតថា បញ្ហារបស់ប្រទេសស៊ីរី ក៏ដូចជាបញ្ហារបស់ប្រទេសអាហ្វហ្គានីស្ថាននឹងស្ថិតនៅលើគេនៅក្នុងរបៀបវារៈ ហើយពួកគេនឹងផ្លាស់ប្តូរទស្សនៈគ្នាអំពីស្ថានភាព​នៅក្នុងប្រទេសលីប៊ី និងបញ្ហាផ្សេងៗទៀតរបស់ពិភពលោក»។
លោក Peskov បានសង្កត់ធ្ងន់ថា «គ្រប់ពេលវេលាដែលប្រធានាធិបតីមានរឿងដែលត្រូវពិភាក្សា»។ យោងតាមរូបលោកបានឱ្យដឹងថា ក្រៅពីបញ្ហានៅក្នុងតំបន់ របៀបវារៈនៃកិច្ចពិភាក្សានាពេលខាងមុខនេះក៏នឹងរួមបញ្ចូលនូវបញ្ហាសេដ្ឋកិច្ចផងដែរ ពីព្រោះវាពិតជាមានកិច្ចការរួមគ្នាជាច្រើនទាក់ទងនឹងទំនាក់ទំនងទ្វេភាគី រួមទាំងគម្រោងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទំនាក់ទំនងសេដ្ឋកិច្ច។
លោក ពូទីន និងលោក អេរដូហ្គែន ត្រូវបានគេរំពឹងថានឹងជួបពិភាក្សាគ្នានៅរមណីយដ្ឋានសមុទ្រខ្មៅរុស្ស៊ីនៅទីក្រុងសូជីនៅថ្ងៃទី២៩ ខែកញ្ញាស្អែកនេះ។ មេដឹកនាំតួកគីបាននិយាយនៅពេលមុននេះថា លោកមានគម្រោងពិភាក្សាអំពីបញ្ហារបស់ប្រទេសស៊ីរីជាមួយលោក ពូទីន ដើម្បីឈានទៅរកដំណោះស្រាយដ៏សំខាន់មួយ។ មេដឹកនាំទាំងពីរបានជួបគ្នាលើកចុងក្រោយកាលពីខែមីនា ឆ្នាំ២០២០ នៅទីក្រុងមូស្គូ។ ក្រោយមក ពួកគេបានពិភាក្សាគ្នាតាមទូរស័ព្ទ និងតាមរយៈសន្និសីទ​វីដេអូ ដោយសារតែការរីករាលដាលនៃជំងឺរាត​ត្បាត​កូវីដ-១៩៕ by AKP (យា ចិន្តាខន្តី)
អត្ថបទដែលជាប់ទាក់ទង