Detail Top Banner

ឯកឧត្តម គួច ចំរើន នាំយកអំណោយមនុស្សធម៌សាខាកាកបាទក្រហមខេត្ត ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយអគ្គិភ័យនៅក្រុងកោះរ៉ុង

ខេត្តព្រះសីហនុ៖ កាលពីព្រឹកថ្ងៃ១កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី០៧ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធចុះពិនិត្យ និងនាំយកអំណោយមនុស្សធម៌សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយអគ្គិភ័យចំនួន ៣គ្រួសារ នៅភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ។
ឯកឧត្តមប្រធានគណៈកម្មាធិការសាខា បានចូលសម្តែងការសោកស្តាយចំពោះ គ្រួសារបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយអគ្គិភ័យ ដែលបានបាត់បង់ទ្រព្យសម្បត្តិនាពេលនេះ ។
ទន្ទឹមនោះឯកឧត្តម ក៏បានកោតសរសើរការខិតខំរបស់អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ និងបងប្អូនប្រជាពលរដ្ឋ ដែលបានជួយអន្តរាគមន៍ពន្លត់ភ្លើងបានទាន់ពេលវេលា មិនណ្តាលឱ្យឆាបឆេះរាលដាលដល់លំនៅឋានបងប្អូនប្រជាពលរដ្ឋដទៃទៀត ។ យើងត្រូវចេះសហការជួយគ្នាទៅវិញទៅមក រដ្ឋបាលខេត្តមិនអាចបញ្ជូនរថយន្តពន្លត់អគ្គិភ័យពីលើគោកមកតំបន់កោះបានទាន់ពេលវេលានោះទេ ម្យ៉ាងទៀតយើងមិនទាន់មានប្រព័ន្ធគមនា គមន៍គ្រប់គ្រាន់ ដើម្បីចូលជួយអន្តរាគមន៍ ដូច្នេះប្រជាពលរដ្ឋគ្រប់ផ្ទះត្រូវមានបំពង់ពន្លត់អគ្គិភ័យក្នុងផ្ទះរៀងៗខ្លួន ។
ក្នុងឱកាសនោះឯកឧត្តម ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានពាំនាំការផ្តាំផ្ញើការសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសម្តេចកិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនរងគ្រោះដោយអគ្គិភ័យនាពេលនេះ ព្រមទាំងបាននាំយកថវិកា ជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈមួយចំនួនចែកជូនបងប្អូន ដើម្បីជួយដោះស្រាយការលំបាក ។
អំណោយចែកជូនគ្រួសាររងគ្រោះដោយ អគ្គិភ័យចំនួន ៣គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបាន អង្ករ ២៥គីឡូក្រាម ត្រីខ ១០កំប៉ុង មី១កេស ទឹកត្រី១យួរ កន្ទេល១ អាល់កុល១ដប អាវ១កញ្ចប់ ខោ១ ម៉ាស១ប្រអប់ ឃីតមួយកញ្ចប់ (មុង១ ភួយ១ ក្រមា១ សារុង១) សម្ភារៈផ្ទះបាយមួយឈុត និងថវិកាសម្តេចកិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ១លានរៀល ៕ by AKP
អត្ថបទដែលជាប់ទាក់ទង