មន្ត្រី ក.ប.ប ចុះពិនិត្យទីតាំងលក់ប្រេងឥន្ធនៈ ៣០ទីតាំង ត្រូវបានរកឃើញថា បានកេងប្រវ័ញ្ចលើអតិថិជន
ភ្នំពេញ៖ មន្ត្រី ក.ប.ប ចុះពិនិត្យទីតាំងលក់ប្រេងឥន្ធនៈ ក្នុងរយៈពេលប្រមាណ ១០ថ្ងៃក្នុងខែតុលា ឆ្នាំនេះ មានដេប៉ូប្រេងឥន្ធនៈជិត ៣០ទីតាំង ត្រូវបានរកឃើញថា បានកេងប្រវ័ញ្ចលើអតិថិជនដោយមិនអនុលោមតាមច្បាប់ ខណៈម្ចាស់ដេប៉ូបានរងការផាកពិន័យ និងធ្វើការអប់រំ។
នេះបើតាមអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) នៃក្រសួងពាណិជ្ជកម្ម។
តាមរបាយការណ៍ប្រចាំថ្ងៃរបស់ ក.ប.ប ឱ្យដឹងថា ក្នុងចំណោមជិត ៣០ ទីតាំងនោះត្រូវបានរកឃើញនៅខេត្តបាត់ដំបង ស្វាយរៀង កំពង់ចាម និងខេត្តសៀមរាបជាដើម។ របាយការណ៍បន្តថា កាលពីថ្ងៃទី ៩ តុលា មន្ត្រីជំនាញបានរកឃើញដេប៉ូប្រេងឥន្ធនៈ ៦ ទីតាំងនៅខេត្តកំពង់ចាម និងបាត់ដំបងដែលរកស៊ីមិនសុចរិតក្នុងអាជីវកម្មប្រេងឥន្ធនៈ និងមិនអនុលោមតាមច្បាប់។
ចំណែកនៅថ្ងៃទី៨ ខែតុលា មន្ត្រីសាខា ក.ប.ប. បានបន្តចុះត្រួតពិនិត្យតាមស្ថានីយ/ដេប៉ូប្រេងឥន្ធនៈក្នុងស្រុកជើងព្រៃខេត្តកំពង់ចាម រកឃើញ ស្ថានីយ/ដេប៉ូ ៤ ទីតាំង មិនមានអនុលោមភាព និងបានពិន័យអន្តរការណ៍តាមនីតិវិធីភ្លាមៗនៅនឹងកន្លែងចំពោះម្ចាស់អាជីវកម្មដែលរកស៊ីមិនស្មោះត្រង់ទាំងនោះផងដែរ។ ដោយឡែកនៅថ្ងៃទី ៣ ខែតុលាមន្ត្រី ក.ប.ប. បានរកឃើញដេប៉ូប្រេងឥន្ធនៈចំនួន ២ទីតាំង នៅខេត្តបាត់ដំបង មិនអនុលោមតាមច្បាប់។
របាយការណ៍ដដែលបន្តទៀតថា សម្រាប់ថ្ងៃទី២ ខែតុលាមន្ត្រីជំនាញបន្តរកឃើញដេប៉ូប្រេងឥន្ធនៈ ៨ទីតាំង ខេត្តសៀមរាប និងខេត្តកំពង់ចាមដែលលក់សាំងមិនគ្រប់លីត្រជូនអតិថិជន។
ចំណែកនៅថ្ងៃទី១ ខែតុលា មន្ត្រី ក.ប.ប. រកឃើញដេប៉ូប្រេងឥន្ធនៈ ៨ទីតាំងល្មើសច្បាប់នៅខេត្តស្វាយរៀង និងកំពង់ចាម។
មន្ត្រី ក.ប.ប. បានបញ្ជាក់ថា ចំពោះម្ចាស់ដេប៉ូប្រេងឥន្ធនៈដែលបានរកស៊ីមិនសុចរិត និងល្មើសច្បាប់ទាំងនោះ ត្រូវបានមន្ត្រីជំនាញផាកពិន័យ និងបានអប់រំណែនាំផងដែរ៕ ប្រភព មន្ត្រី ក.ប.ប ចុះពិនិត្យទីតាំងលក់ប្រេងឥន្ធនៈ រូបថត ក.ប.ប