នៅចុងសប្តាហ៍នេះ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត បន្ត ៤ប្រកួត
ភ្នំពេញ៖ ការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន រដូវកាល ២០២១ ថ្នាក់ខេត្តនឹងបន្តការប្រកួតសន្សំពិន្ទុវិលជុំក្នុងពូល ថ្នាក់ខេត្ត សប្តាហ៍ទី៩ នាថ្ងៃទី១៦-១៧ ខែតុលា ឆ្នាំ២០២១ បន្ទាប់ពីផ្អាកតាំងពីខែមេសា ឆ្នាំ២០២១ ហើយទើបនឹងចាប់ផ្តើមឡើងវិញ នាខែដើមតុលា ឆ្នាំ២០២១ ដោយសារវិបត្តិជំងឺកូវីដ-១៩។
គណៈកម្មការប្រកួតបាល់ជាតិកម្ពុជា (CNCC) បានបញ្ជាក់ថា សម្រាប់ការប្រកួតបន្តវគ្គជម្រុះថ្នាក់ខេត្ត សប្តាហ៍ទី៩នឹងត្រូវធ្វើឡើងនាថ្ងៃទី១៦ ខែតុលា មាន២ប្រកួត ដែលជាការជួបគ្នារវាងក្រុមខេត្តកណ្តាល ប៉ះជាមួយក្រុមសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង ខណៈខេត្តត្បូងឃ្មុំ ប៉ះជាមួយ ភ្នំពេញហ្គាឡាក់ស៊ី។ ចំពោះ២ប្រកួតផ្សេងទៀត នាថ្ងៃទី១៧ ខែតុលា រួមមាន៖ ក្រុមសៀមរាប អេហ្វ .ស៊ី ប្រកួតជាមួយក្រុមខេត្តបន្ទាយមានជ័យ ស្របពេលដែលក្រុមខេត្តកំពង់ឆ្នាំងជួបប្រកួតជាមួយក្រុមកោះកុង អេហ្វ.ស៊ី។
សូមបញ្ជាក់ថា សម្រាប់វគ្គជម្រុះថ្នាក់ខេត្តនេះ មានក្រុមរាជធានី-ខេត្តចូលរួម សរុបចំនួន២១ក្រុម និងបែងចែកជា៦ពូល។ បន្ទាប់ពីបញ្ចប់ការប្រកួតក្នុងពូលទាំង៦ គឺក្រុមជ័យលាភីសរុបចំនួន១៦ក្រុម នឹងបានឡើងទៅប្រកួតបន្ត នៅថ្នាក់ជាតិជាមួយក្រុមដែលស្ថិតនៅក្នុងក្របខ័ណ្ឌលីគកំពូលកម្ពុជា (១៣ក្រុម) ហៅថា ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ។
ចំពោះបេក្ខភាព១៦ក្រុមថ្នាក់ខេត្ត គឺបានមកពីក្រុមចំណាត់ថ្នាក់លេខ១ និងលេខ២ នៃពូលទាំង៦ ស្មើនឹង១២ក្រុម ត្រូវឡើងទៅដោយស្វ័យប្រវត្តិ ខណៈ៤ក្រុមទៀត គឺបានមកពីក្រុមចំណាត់ថ្នាក់លេខ៣ល្អជាងគេ ដែលត្រូវជ្រើសរើសឡើងទៅបង្រ្គប់១៦ក្រុម ៕ អរគុណសន្តិភាព