កិច្ចប្រជុំ COP15 ធ្វើឡើងនៅទីក្រុងគុនមីងរបស់ប្រទេសចិន
ភ្នំពេញ៖ កិច្ចប្រជុំលើកទី១៥ នៃសន្និសីទភាគីនៃអនុសញ្ញាស្តីពីជីវៈចម្រុះជីវសាស្រ្ត ដែលត្រូវបានគេស្គាល់ថាជាកិច្ចប្រជុំ COP15 បានចាប់ផ្តើមធ្វើឡើងកាលពីរសៀលថ្ងៃច័ន្ទនៅទីក្រុងគុនមីងនៃខេត្តយូណាន នៅភាគនិរតីរបស់ប្រទេសចិន។
ក្រោមប្រធានបទស្តីពី «អរិយធម៌អេកូឡូស៊ី៖ ការកសាងអនាគតរួមគ្នាសម្រាប់ជីវិតទាំងអស់នៅលើផែនដី» កិច្ចប្រជុំ COP15 គឺជាសន្និសីទសកលលោកជាលើកដំបូងដែលត្រូវបានរៀបចំឡើងដោយអង្គការសហប្រជាជាតិដែលផ្តោតសំខាន់ទៅលើអរិយធម៌អេកូឡូស៊ីដែលជាទស្សនវិជ្ជាស្នើដោយប្រទេសចិន។
កិច្ចប្រជុំនេះគ្រោងនឹងធ្វើឡើងជាពីរផ្នែក។ ផ្នែកទីមួយនឹងធ្វើឡើងចាប់ពីថ្ងៃទី១១-១៥ ខែតុលា ដែលត្រូវបានធ្វើឡើងទាំងក្នុង និងក្រៅប្រព័ន្ធអនឡាញ។
ក្រុមអ្នកតំណាងត្រូវបានគេរំពឹងថានឹងផ្តោតសំខាន់ទៅលើការអភិវឌ្ឍក្របខ័ណ្ឌជីវៈចម្រុះសកលលោកក្រោយឆ្នាំ២០២០ ដើម្បីណែនាំនូវសកម្មភាពអភិរក្សនៅទូទាំងពិភពលោករហូតដល់ឆ្នាំ២០៣០។
អ្នកចូលរួមជាង ១ ៨០០នាក់នឹងជួបជុំគ្នានៅវេទិកាមួយស្តីពីអរិយធម៌អេកូឡូស៊ី ដែលជាផ្នែកមួយនៃព្រឹត្តិការណ៍កិច្ចប្រជុំនោះដែលធ្វើឡើងចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៥ ខែតុលា ដែលពិភាក្សាទៅលើប្រធានបទមួយចំនួន រួមមានការទប់ទល់នឹងការប្រែប្រួលអាកាសធាតុ ព្រមទាំងកិច្ចការពារ និងការស្តារប្រព័ន្ធអេកូឡូស៊ីផ្អែកលើធម្មជាតិ។
ផ្នែកទីពីរនៃកិច្ចប្រជុំ គឺនឹងត្រូវធ្វើឡើងក្រៅប្រព័ន្ធអនឡាញនៅក្នុងឆមាសទី១ នៃឆ្នាំ២០២២ ដែលត្រូវបានគេរំពឹងថានឹងត្រូវបានមើលឃើញនូវការបញ្ចប់ និងការអនុម័តក្របខ័ណ្ឌជីវៈចម្រុះសកលលោកក្រោយឆ្នាំ២០២០។
ប្រទេសចិនស្ថិតក្នុងចំណោមបណ្តាប្រទេសដំបូងគេដែលបានក្លាយជាភាគីនៃអនុសញ្ញាស្តីពីជីវៈចម្រុះជីវសាស្ត្រដែលបានចូលជាធរមានកាលពីក្នុងឆ្នាំ១៩៩៣។ បច្ចុប្បន្ន អនុសញ្ញានេះមានភាគីចំនួន ១៩៦ ហើយសន្និសីទភាគី (COP) គឺជាយន្តការខ្ពស់បំផុតសម្រាប់ពិភាក្សា និងធ្វើការសម្រេចទៅលើអនុសញ្ញានេះ៕ (ប្រភព People’s Daily ) by AKP