ប្រមុខអង្គការសហប្រជាជាតិ អំពាវនាវឱ្យមានការចាក់បញ្ចូលសាច់ប្រាក់ ដើម្បីរក្សាសេដ្ឋកិច្ចអាហ្វហ្គានីស្ថានឲ្យនៅដដែល
បរទេស៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានអំពាវនាវឱ្យមានការចាក់បញ្ចូលសាច់ប្រាក់ងាយស្រួល ដើម្បីរក្សាសេដ្ឋកិច្ចអាហ្វហ្គានីស្ថានឱ្យនៅដដែល។
លោកបានប្រាប់អ្នកសារព័ត៌មានថា ក្រៅពីជំនួយមនុស្សធម៌ សហគមន៍អន្តរជាតិត្រូវធ្វើសកម្មភាពដើម្បីការពារចំពោះការដួលរលំសេដ្ឋកិច្ចនៅអាហ្វហ្គានីស្ថាន។
សូម្បីតែនៅពេលមុនពេលដែលក្រុមតាលីបង់បានដណ្តើមកាន់កាប់ប្រទេសនេះកាលពីខែសីហាក៏ដោយ ក៏សេដ្ឋកិច្ចរបស់អាហ្វហ្គានីស្ថានមានភាពផុយស្រួយដែរ ដែលវាត្រូវបានរក្សាដោយជំនួយបរទេសក្នុងរយៈពេល ២០ឆ្នាំចុងក្រោយនេះ ហើយវាបានរងផលប៉ះពាល់ពីគ្រោះរាំងស្ងួត និងជំងឺរាតត្បាតកូវីដ-១៩ ។ ឥឡូវនេះ ដោយសារទ្រព្យសម្បត្តិមានភាពជាប់គាំង និងជំនួយអភិវឌ្ឍត្រូវបានផ្អាក បានធ្វើឱ្យសេដ្ឋកិច្ចប្រទេសនេះកំពុងមានការធ្លាក់ចុះ។ លោកបានកត់សម្គាល់ថា បណ្តាធនាគារនានាកំពុងបិទទ្វារ ហើយសេវាកម្មសំខាន់ៗដូចជាការថែទាំសុខភាពក៏ត្រូវបានផ្អាកនៅកន្លែងជាច្រើនផងដែរ។
លោកបាននិយាយថា «យើងត្រូវស្វែងរកវិធីដើម្បីធ្វើឱ្យសេដ្ឋកិច្ចមានដង្ហើមឡើងវិញ។ ហើយកិច្ចការងារនេះអាចធ្វើទៅបានលុះត្រាតែមិនមានការបំពានច្បាប់ ឬគោលការណ៍សម្របសម្រួលអន្តរជាតិណាមួយ។ យើងត្រូវតែស្វែងរកវិធីបង្កើតលក្ខខណ្ឌដែលអនុញ្ញាតឱ្យក្រុមអ្នកជំនាញវិជ្ជាជីវៈ និងមន្រ្តីរាជការអាហ្វហ្គានីស្ថានបន្តធ្វើការងារដើម្បីបំរើប្រជាជនអាហ្វហ្គានីស្ថាន»។
លោក Guterres បាននិយាយថា «ខ្ញុំសូមជំរុញឱ្យពិភពលោកចាត់វិធានការ និងបញ្ចូលសាច់ប្រាក់ងាយស្រួលទៅក្នុងសេដ្ឋកិច្ចអាហ្វហ្គានីស្ថានដើម្បីចៀសវាងការដួលរលំ»។
លោកបានព្រមានថា ជាមួយនឹងភាពគ្មានស្បៀងអាហារ គ្មានការងារធ្វើ គ្មានការការពារសិទ្ធិរបស់ពួកគេ ជនជាតិអាហ្វហ្គានីស្ថានកាន់តែច្រើននឹងភៀសខ្លួនចេញពីផ្ទះរបស់ពួកគេដើម្បីស្វែងរកជីវិតដែលប្រសើរជាងនេះ។ លំហូរនៃគ្រឿងញៀនខុសច្បាប់ បណ្តាញឧក្រិដ្ឋកម្ម និងភេរវកម្មក៏នឹងកើនឡើងផងដែរ។ បញ្ហានេះមិនត្រឹមតែជះឥទ្ធិពលអាក្រក់ដល់អាហ្វហ្គានីស្ថានប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជះឥទ្ធិពលទាំងតំបន់ និងពិភពលោកទាំងមូលផងដែរ៕ (ប្រភព People’s Daily ) by AKP